អភិបាលខេត្តបាត់ដំបងបានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ព្រមានចៅសង្កាត់ថ្មីមកពីគណបក្សប្រឆំាង ដោយថាបានអនុវត្តការងាររដ្ឋបាលសង្កាត់អូរចារមានកំហុសឆ្គង និងទាមទារឲ្យកែតម្រូវ។
ក្នុងលិខិតរបស់សាលាខេត្តបាត់ដំបងដែល VOD ទទួលបានចំនួនពីរដាច់ដោយឡែកពីគ្នា នៅថ្ងៃ៨ ខែសីហានេះ បានដកស្រង់សម្តីអភិបាលខេត្តលោក ច័ន្ទ សុផល មានខ្លឹមសារថា ចៅសង្កាត់ថ្មីមកពីគណបក្សសង្គ្រោះជាតិ អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត បានប្រើប្រាស់សៀវភៅចុះលិខិតចេញ-ចូលពីរផ្សេងគ្នា ដោយថាមួយសម្រាប់ស្មៀនសង្កាត់ប្រើប្រាស់ និងមួយទៀតសម្រាប់ចៅសង្កាត់ប្រើប្រាស់។ រីឯជំនួយការរដ្ឋបាលឃុំចំនួនពីររូប ពុំមានកិច្ចសន្យាការងារ ខណៈចៅសង្កាត់ប្រើជំនួយការផ្ទាល់ខ្លួនទៅវិញ។
ដោយឡែក ឯកសាររដ្ឋបាលរបស់ស្ថាប័នរដ្ឋត្រូវបានចៅសង្កាត់រូបនោះយកទៅផ្សព្វផ្សាយជាសាធារណៈតាមហ្វេសប៊ុក ដោយថាធ្វើឲ្យប៉ះពាល់ការងារស្ថាប័ន និងមានរើសអើងសមាជិកក្រុមប្រឹក្សាសង្កាត់ដែលមកពីគណបក្សផ្សេង។
ខ្លឹមសារលិខិត «លិខិតរដ្ឋបាលរបស់សាលាក្រុង សាលាខេត្ត ត្រូវបានចៅសង្កាត់ធ្វើការផ្សព្វផ្សាយជាសាធារណៈតាមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់ការងារស្ថាប័នរដ្ឋ ដែលការងារខ្លះមិនអនុញាតឲ្យអាជ្ញាធរ ឬបុគ្គលណាមួយមានសិទ្ធិធ្វើការផ្សាយជាសាធារណៈឡើយ និងមានការរើសអើងសមាជិកក្រុមប្រឹក្សា សង្កាត់ ដោយមានការបែងចែករវាងសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្សផ្សេងគ្នា ដែលទង្វើនេះ ធ្វើឲ្យផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទាមទារឲ្យកែតម្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន»។
ចំណែកលិខិតដាច់ដោយឡែកមួយទៀត អភិបាលខេត្តបាត់ដំបង បានព្រមាន អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត ដែលថា មិនបានយកកម្រៃ ថ្លៃសេវាសាធារណៈពីប្រជាពលរដ្ឋជាដើម។
អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត បានច្រានចោលព័ត៌មានដែលថា គាត់ធ្វើការងាររើសអើងសមាជិកក្រុមប្រឹក្សាសង្កាត់គណបក្សកាន់អំណាច និងប្រើប្រាស់សៀវភៅចុះលិខិតចេញ-ចូលពីរផ្សេងគ្នារវាងស្មៀន និងចៅសង្កាត់។
ទោះជាយ៉ាងណាអ្នកនាង ចាន់ពៅរូហ្សេត ទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើខុសនិងនីតិវិធីរដ្ឋបាលខ្លះ ពាក់ព័ន្ធនឹងរឿងមិនយកកម្រៃសេវាសាធារណៈពីពលរដ្ឋ។ ដោយអ្នកនាងថា បានធ្វើលិខិតសុំទោសអភិបាលខេត្តរួចហើយ។
អ្នកនាងនិយាយថា «កំហុសឆ្គងទាក់ទងនិងតម្លៃសេវាអត់យកលុយពីប្រជាពលរដ្ឋ នេះអ្នកដែលចំនេញគឺពលរដ្ឋ ហើយខ្ញុំសុខចិត្តខ្លួនឯងបង់ថវិកា ដើម្បីបំពេញនូវកំហុសឆ្គងរបស់ខ្ញុំ ដែលក្នុងរយៈពេលមួយខែនេះ ដែលកំណត់តម្លៃសេវា ខ្ញុំនឹងបង់ជូន ហើយកំពុងឲ្យស្មៀន គាត់ចាត់ចែងគិតមើលថាពេលមួយខែដែលខ្ញុំចូលធ្វើការងារនេះ ប្រជាពលរដ្ឋដែលមកទទួលសេវា ហើយត្រូវបង់លុយប៉ុន្មាន ខ្ញុំនិងឲ្យស្មៀន ហើយខ្ញុំនិងបង់លុយឲ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចាររបស់ខ្ញុំ»។
គួរបញ្ជាក់ថា កាលពី១២កក្តដាឆ្នាំ២០១៧ សាលាខេត្តបាត់ដំបងបានចាត់តាំងមន្រ្តីចំនួន៥រូបឲ្យចុះពិនិត្យនីត្យានុកូលភាពរដ្ឋបាលសង្កាត់អូរចាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤កក្តដា។
នៅពេលនោះ អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត អះអាងថា បានស្វាគមន៍ចំពោះសាលាខេត្ត ដែលចាត់តាំងមន្រ្តីឲ្យចុះពិនិត្យការងាររដ្ឋបាលនៅសង្កាត់របស់ខ្លួន ប៉ុន្តែចៅសង្កាត់ រួបនេះមិនពេញចិត្តនឹងសកម្មខ្លះ របស់មន្រ្តី ទាំង នោះទេ ដោយថា បានប្រើពាក្យសម្តីអសុរស និងគំរាមកំហែងមកលើខ្លួន។
គេសង្កេតឃើញថា ក្រោយពីចុះបំពេញការងារថ្មីប្រហែល១ខែ ចៅសង្កាត់អូរចារ អ្នកនាង ស៊ិន ចាន់ពៅរូហ្សេត ត្រូវបានមជ្ឈដ្ឋានជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានបង្ហោះ ចែករំលែករូបភាព សកម្មភាព និងវីដេអូ ទិញដីជាច្រើនឡាន ចាក់លើផ្លូវ នៅតាមភូមិឃុំរបស់ខ្លួនផងដែរ៕