«ភាគច្រើនអ្នក ដែលធ្វើការមុខគេគឺស្ត្រី ព្រោះអី ដោយសារតែយើងទុកឲ្យបុរសនោះគាត់នៅរកប្រាក់ចំណូល ដើម្បីឲ្យគ្រួសារគាត់បានមកតវ៉ា។ អញ្ចឹងពួកឃើងជាស្ត្រីមកនេះ មានសម្ពាធជាច្រើន ដូចជាអាជ្ញាធរចាប់ខ្លួន គំរាមកំហែង ចាប់ដាក់គុក តុលាការចោទប្រកាន់។ ដូចខ្ញុំអី ចោទពីបទល្មើស ទម្រាន់តែបានរួចខ្លួន ករណីសំខាន់ៗក្នុងគ្រួសារ អ្នកចំណាកស្រុក កូនអត់បានចូលសាលា ជំពាក់លុយឯកជនអីហ្នឹង យើងរៀបរាប់ស្ទើរតែមិនអស់»។
នេះជាការរៀបរាប់ពីទុក្ខលំបាកខ្លះៗ របស់ស្ត្រីតំណាងអ្នកតវ៉ាដីធ្លីម្នាក់ នៅខេត្តកោះកុង ពេលឃើងជួបគាត់ នៅកន្លែងតវ៉ាមួយក្នុងរាជធានីភ្នំពេញ។
មានសម្បុរខ្មៅ សម្តីមាត់ៗ ហាក់បង្កប់នូវការឈឺចាប់អ្វីមួយ អ្នកស្រី ផាវ ញើង ឲ្យយើងដឹងថា មូលហេតុចំបងមួយ ដែលជំរុញឲ្យគាត់សម្រេចចិត្តចេញតវ៉ា ប្រឈមនឹងបញ្ហាច្រើនជំពូកនោះ គឺនៅពេលដែលគាត់ឃើញមានការរំលោភបំពានយកដីអ្នកភូមិ គ្មានការទប់ស្កាត់ពីអាជ្ញាធរដែនដី ដែលគាត់បោះឆ្នោតឲ្យ។
អ្នកស្រីថា៖ «ពីមុនមក មានការរើសអើងពីក្រុមគ្រួសារថា យើងស្រីកុំដើរឆ្ងាយមានបញ្ហា គេមើលងាយ អ្នកឯងរៀនបានតិចតួច អញ្ចេះទៅតវ៉ាមិនកើតទេ វាប៉ះពាល់ដល់កិត្តិយសអីជាដើម។ ប៉ុន្តែដល់ពេលមានអាត្រាក់ មានអីទៅឈូសដំណាំអី មានតែស្រ្តីទេ ដែលដឹកមុខទៅបញ្ឈប់អាត្រាក់ ដើម្បីគេបញ្ឈប់ រង់ចាំដោះស្រាយ»។
ស្ត្រីរូបនេះបានរៀបរាប់ទៀតថា បើទោះបីជាមានជីវភាពក្រីក្រនិងចំណេះដឹងតិចតួចក៏ដោយ ប៉ុន្តែដោយគាត់គិតថា ដីជាអាយុជីវិតរបស់កសិករ ទើបគាត់និងអ្នកភូមិផ្សេងសហការគ្នា ចេញតតាំងផ្លូវច្បាប់ ប្រឆាំងនឹងការរំលោភបំពាននេះ។
សម្លឹងមើលឆ្វេងស្តាំបន្តិច អ្នកស្រី ផាវ ញើង និយាយទៀតថា ការស្វែងរកយុត្តិធម៌ ស្របពេលដែលការអនុវត្តច្បាប់ នៅមិនទាន់រឹងមាំផងនោះ គាត់ថា ពួកគាត់រងនូវការរំលោភបំពាន កាន់តែធ្ងន់ធ្ងរមួយកម្រិតថែមទៀតនោះ គឺថាអាជ្ញាធរចោទពួកគាត់ថាជាអ្នកបញ្ហាដល់សង្គម និងចាប់ផ្តើមចាត់វិធានការពួកគាត់។
អ្នកស្រីថា៖ «នៅពេលដែលខ្ញុំចេញតវ៉ា គឺគ្រោះថ្នាក់មែនទែន ដោយសារប៉ូលិស ប៉េអឹមចាប់នៅទីក្រុងភ្នំពេញផ្តុំស្តុបផ្សារដើមគ ក៏ធ្លាប់ចាប់ខ្ញុំដែរ ខ្ញុំមកចែកញត្តិឲ្យអ្នកភ្នំពេញជួយការពារផ្នែកមួយនៃតំបន់ព្រៃឡង់កាលណោះ។ ហើយទីពីរ គេចាប់ខ្ញុំនៅរោងចក្រស្ករអំពៅនៅជីខលើ (ស្រុកស្រែអំបិល ខេត្តកោះកុង)នេះ។ គេចាប់យើងយកមកទុកកន្លែង ប៉ូលិសប៉េអឹម គេនាំគ្នាអង្គុយលេងបៀ ហើយដល់ពេលខ្ញុំយំ គេថាខ្ញុំយំអញ្ចឹង គេលេងបៀចាញ់ងាប់ហើយ»។
បើទោះបីជាស្ត្រីរូបនោះ ធ្លាប់និយាយមានសំឡេងខ្លាំង និងមាត់ៗក៏ដោយ ប៉ុន្តែទឹកមុខគាត់និងសំឡេងប្រែប្រួលភ្លាមមួយរំពេច នៅពេលសួរថា បើជីវភាពអ្នកខ្វះខាត ហើយចេញតវ៉ាជិត១០ឆ្នាំ មិនទាន់មានដំណោះស្រាយជាក់លាក់នោះ បញ្ហាជីវភាពនឹងទៅជាបែបណា?
អ្នកស្រីថា៖ «ពួកយើងមានហិង្សាក្នុងគ្រួសារ ដូចជាពេលពួកខ្ញុំឡើងមកតវ៉ាម្តងៗ ប្តីវាយ ដោយសារកូនអត់បានចូលរៀន ចំណាកស្រុក កូនឡើងមកភ្នំពេញអស់ ហើយស៊ីឈ្នួលគេ អ្នកខ្លះក៏រៀនផងស៊ីឈ្នួលគេផង។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ខ្ញុំមានបញ្ហាជំពាក់លុយក្រុមអង្គការមួយចំនួន ដូចជាប្រាសាក់ AMK យើងចងការប្រាក់គេយកមកទិញបាយទិញទឹកហូបពេលតវ៉ា។ យើងធ្វើអី ក៏ធ្វើអត់បានដែរ ដោយសារតែអាជ្ញាធរភូមិយើងមានការរើសអើង»។
មិនមែនមានតែស្ត្រីនៅខេត្តកោះកុងទេ ដែលបានចំណាយពេលចេញតវ៉ាការពារប្រយោជន៍សហគមន៍នោះ ស្ត្រីនៅខេត្តមួយចំនួនក៏បានសម្រេចចិត្តបែបនេះដែរ។
ស្ត្រីម្នាក់ទៀតនៅតំបន់បឹងកក់ អ្នកស្រី គង់ ចន្ថា ក៏បានឲ្យយើងដឹងដែរថា គាត់បានចេញតវ៉ាជាង១០ឆ្នាំមកហើយដែរ ប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ។
បើតាមការរៀបរាប់របស់ស្ត្រីបឹងកក់ បញ្ហាប្រឈមជាច្រើន មិនខុសពីអ្នកស្រី ផាវ ញើង ទេ នៅពេលពួកគេបង្ខំចិត្ត ចូលប្រឡូក ជាស្តី្រនៅជួរមុខជំនួសបុរស ដើម្បីពង្រឹងអំណាចសហគមន៍នេះ។
អ្នកស្រី គង់ ចន្ថា មានអាយុជាង៤០ឆ្នាំ បាននិយាយថា មូលហេតុចំបងដែលជំរុញឲ្យគាត់ចេញតវ៉ាទាំងប្រថុយនឹងគ្រោះថ្នាក់នោះ គឺដោយសារតែឃើញសហគមន៍ក្រីក្រនៅតំបន់ដីក្រហម ជិតមន្ទីររដ្ឋសភា ត្រូវបានអាជ្ញាធរក្រុងបណ្តេញចេញទាំងបង្ខំ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនមួយ អាចចូលទៅកាន់កាប់ដីនោះបាន ទាំងមានកងកម្លាំងការពារ។
អ្នកស្រីថា ពេលនោះហើយធ្វើឲ្យអ្នកស្រីនិងអ្នករងគ្រោះផ្សេងទៀត នៅតំបន់បឹងកក់ ចាប់ផ្តើមគិតថា មានតែប្រថុយដើរជួរមុខ តវ៉ាស្វែងរកអន្តរាគមន៍ផ្លូវច្បាប់ ពីស្ថានពាក់ព័ន្ធទេ ទើបអាចទប់ស្កាត់ក្រុមហ៊ុនខិលខូចនិងមន្ត្រីពុករលួយបាន។
អ្នកស្រីថា៖ «ពេលចេញតវ៉ាក៏មានការព្រួយបារម្ភដែរ ដោយសារម៉េច ព្រោះមិនមែនព្រួយបារម្ភតែខ្លួនឯងទេ ព្រួយបារម្ភដល់កូនចៅទៀត វាត្រូវតែមាន វាត្រូវតែគិត ប៉ុន្តែបើយើងមិនទៅតស៊ូបញ្ចេញមតិទេ គេក៏អត់ដឹងថា យើងបាត់បង់អីដែរ អញ្ចឹងពួកខ្ញុំត្រូវតែចេញ ទោះបីជួបឧបសគ្គប៉ុន្មានក៏ដោយ ព្រោះការតស៊ូមតិមិនដែលគេ [អាជ្ញាធរ]គាំទ្រទេ អាជ្ញាធរមិនពេញចិត្តឲ្យយើងតវ៉ាទេ គឺទី១ ប្រឈមនឹងគុកច្រវ៉ាក់ ទី២ប្រឈមនឹងបាត់បង់អាយុជីវិត ហើយនឹងគេគំរាមកំហែង»។
អ្នកស្រី គង់ ចន្ថា រំឭកថាការចេញតវ៉ាច្រើនឆ្នាំមកនេះ ស្ត្រីអ្នកតវ៉ាជាច្រើន រួមទាំងអ្នកស្រីផង ត្រូវអាជ្ញាធរវាយដំ ខ្លះទៀតចាប់ ខ្លះជាប់ពន្ធនាគារច្រើនលើក ទម្រាប់រដ្ឋាភិបាលទទួលស្គាល់ការពិត ហើយកាត់ដីជាង១២ហិកតា ឲ្យមកអ្នកភូមិវិញ។
ស្ត្រីវ័យជិត៥០ឆ្នាំរូបនោះឲ្យដឹងដែរថា ការតវ៉ាដ៏ក្តៅគគុកនោះ ធ្វើឲ្យតំណាងអ្នកភូមិច្រើននាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនច្រើនដងស្ទើរតែរាប់មិនអស់ និងខ្លះទៀតជាប់ពន្ធនាគារច្រើនដង រួមទាំងអ្នកស្រីផងដែរ។
អ្នកស្រីថា៖ «គេបញ្ជូនទៅព្រៃសហ្នឹងពីរដង។ ឥឡូវហ្នឹងប្រឈមនឹងឈ្មោះឡើងតុលាការឥតចេះឈប់អត់ចេះហើយ។ ជាប់លើកទី១នោះ ១ខែបីថ្ងៃ។ លើកទី២នេះ គឺ៦ខែ៣ថ្ងៃ មកដល់ឥឡូវហ្នឹងគេនៅតែព្យួរទោស។ ហើយឥឡូវហ្នឹង គេចោទខ្ញុំ កាលពីតវ៉ានៅឆ្នាំ២០១១ហ្នឹង គេដាក់ទោសខ្ញុំ៦ខែ តែអត់ទាន់ចូលជាស្ថាពរទេ»។
តាមរបាយការណ៍របស់អង្គការលីកាដូ គម្រោងអភិវឌ្ឍនៅតំបន់បឹងកក់ ប៉ះពាល់ដល់ពលរដ្ឋជាង៤ពាន់គ្រួសារ ក្នុងនោះជាង៣ពាន់គ្រួសារ ត្រូវបានអាជ្ញាធរបណ្តេញចេញទាំងបង្ខំ និងជិត១ពាន់គ្រួសារផ្សេងទៀត តវ៉ាប្រឆាំងនឹងការបណ្តេញចេញ ទាមទារអភិវឌ្ឍនៅនឹងកន្លែង។
ស្ត្រីអ្នកមានជម្លោះដីធ្លីម្នាក់ទៀត នៅសហគមន៍បុរីកីឡាដែលគេប្រទះឃើញចេញតវ៉ាញឹកញាប់ដែរនោះ គឺអ្នកស្រី ស ស៊ន បាននិយាយថា ស្ត្រីភាគច្រើនពេលនេះ មិនគ្រាន់តែបង្ខំចិត្តធ្វើជាអ្នកជួរមុខ ការពារសិទ្ធិអ្នកភូមិប៉ុណ្ណោះទេ ពួកគេថែមទាំងបានឈ្លាតពេល ចែករំលែកចំណេះដឹងពីសិទ្ធិរស់រានមានជីវិត និងសិទ្ធិធ្វើការតស៊ូមតិដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញទៀតផង។
អ្នកស្រីថា តាមរយៈនៃការតស៊ូមតិច្រើនឆ្នាំមកនេះ ពួកគាត់ជាង១៥០គ្រួសារ ទទួលយកសំណោះស្រាយជិតអស់ហើយ។
អ្នកស្រីថា៖ «ក្នុងចំណោមពួកខ្ញុំ ដែលសេសសល់១៥៤គ្រួសារហ្នឹង ពី៨០ទៅ៩០ភាគរយ ទទួលយកហើយ ប៉ុន្តែនៅពួកខ្ញុំជាង១០គ្រួសារ ទទួលយកសំណងហ្នឹងអត់បាន ព្រោះពួកខ្ញុំចង់បានការអភិវឌ្ឍនៅនឹងកន្លែង»។
នាយិកាអង្គការសីលការ លោក ស្រី ធីតា ឃឹះ លើកឡើងថា ស្ត្រីបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជាការរកចូលរួមចំណែកប្រាក់សម្រាប់ចិញ្ចឹមគ្រួសារផង ចូលរួមកិច្ចការសង្គម ពង្រឹងអភិបាលកិច្ច និងខ្លះទៀតចេញតវ៉ារឿងដីធ្លីជំនួសបុរសជាដើម។
លោកស្រី ធីតា ឃឹះ លើកឡើងទៀតថា ដើម្បីដោះស្រាយបញ្ហារបស់ស្ត្រីឲ្យចំគោលដៅ លោកស្រីថារដ្ឋាភិបាលត្រូវជំរុញយន្តការបញ្ជូលស្ត្រីឲ្យបានច្រើនក្នុងវិស័យនយោបាយ។
លោកស្រីថា៖ «ប៉ុន្តែរឿងមួយទៀតដែលសំខាន់ដែរនោះ គឺអ្នកអនុវត្តច្បាប់ដូចជាប៉ូលីស តុលាការ ត្រូវតែមានស្ត្រីឲ្យបានច្រើនដែរ ដើម្បីឲ្យគាត់យល់ពីការលំបាករបស់ស្ត្រីដូចគ្នា នេះជារឿងមួយដ៏សំខាន់។ ពីព្រោះការអនុវត្តច្បាប់ បើយើងគ្មានស្ត្រីទៅអនុវត្តច្បាប់ដើម្បីឲ្យគាត់យល់ពីទុក្ខធុរៈរបស់ស្ត្រី ពេលនោះស្ត្រីនៅតែជួបការលំបាកដដែល»។
ទោះជាយ៉ាងណា ស្ត្រីអ្នកដើរជួរមុខ ក្នុងការតវ៉ារឿងបញ្ហាដីធ្លីជំរុញរដ្ឋាភិបាល ពន្លឿនរកដំណោះស្រាយជម្លោះដីធ្លី ឲ្យបានឆាប់ ដែលពួកគេថាយន្តការនេះជាការជួយលើកកម្ពស់សិទ្ធិស្ត្រីមួយផ្នែកទៀត។
អ្នកស្រីថា៖ «លើកកម្ពស់សិទ្ធិស្ត្រី ទី១រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាដីធ្លីហ្នឹងឲ្យបានចប់ ឲ្យបានលឿនទៅ វាអាចកាត់បន្ថយហិង្សាក្នុងគ្រួសារ វាអាចកាត់បន្ថយការជំពាក់បំណុលគេ វាអាចកាត់បន្ថយការចំណាកស្រុក។ដោយសារតែគាត់មានដី គាត់មានមុខរបរធ្វើ គាត់មានដីអាចដាំដុះទៅ អាចមានប្រាក់ចំណូល កូនគាត់អាចបានបានចូលសាលាចូលអីវិញជាដើម»៕