មេដឹកនាំកំពូលរបស់បក្សកាន់អំណាច លោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានផ្ញើសារនយោបាយផ្សេងគ្នា ទៅកាន់សាធារណជន នៅថ្ងៃដំបូងនៃដំណើរចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៨។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថា ខ្លួននឹងប្រើពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ សម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាច នៅថ្ងៃទី១ខែកញ្ញានេះ បានបង្ហោះរូបភាពជាច្រើន កាលពីពេលលោកចុះជួបកម្មករ ក្នុងវិស័យកាត់ដេរ រូមទាំងរូបភាពលោកពិសារបាយរួមគ្នា ជាមួយកម្មករ។ ខ្លឹមសារលើបណ្តាញសង្គមនោះ ក៏បានលើកឡើងផងដែរថា លោក ហ៊ុន សែន បានយកចិត្តទុកដាក់ពីសុខទុក្ខ របស់ពលរដ្ឋនិងកម្មករតាំងពីដើមរៀងមក។
ខ្លឹមសារលើហ្វេសប៊ុកមួយឃ្លាសរសេរថា៖ «សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ កាលពីកម្ពុជាខ្វះខាតស្បៀងអាហារ យើងបានឃើញ សម្តេចតេជោ អញ្ជើញចុះតាមជនបទស្រុកស្រែចំការ ដោះស្រាយបញ្ហាចាំបាច់តូចធំនានា ជូនដល់បងប្អូនកសិករគ្រប់ទីកន្លែងគ្មានពេលសម្រាកឡើយ។ ពេលនេះ គឺកម្ពុជាលែងខ្វះខាតស្រូវអង្ករ ទទួលទានទៀតហើយ ប៉ុន្តែនៅសល់ស្រូវរាប់លានតោនក្នុងមួយឆ្នាំៗ»។
ចំណែកមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា វិញនៅថ្ងៃទី១ខែកញ្ញានេះ បានបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គម ដោយអំពាវនាវឲ្យពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតនិងគ្រប់អាយុទៅបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដោយថាជាជាងធ្វើព្រងើយកន្តើយទុកឲ្យបរទេសទៅសម្រេចជោគវាសនាជំនួសខ្លួន។
លោកថា៖ «បើបងប្អូន មិនបានទៅបោះឆ្នោតមានន័យថា បងប្អូនទុកឲ្យអ្នកដទៃសម្រេចជោគវាសនាអនាគតប្រទេសជាតិ និងអនាគតបងប្អូនជំនួសបងប្អូន គឺមានន័យថាបងប្អូនបាត់សិទ្ធិជាម្ចាស់ប្រទេសជាតិជាមិនខាន»។
អ្នកវិភាគដាក់ការព្រួយបារម្ភថា ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ លំហូប្រជាធិបតេយ្យនឹងរួមតូច តាមរយៈច្បាប់គណបក្សនយោបាយ ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល និងច្បាប់មួយចំនួនទៀត ដែលតំណាងរាស្ត្របក្សកាន់អំណាច ដាក់ឲ្យប្រើប្រាស់ទាំងចម្រូងចម្រាស រួមទាំងចំណាត់ការឲ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិកប្រចំាកម្ពុជា និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមុនការបោះឆ្នោតមកដល់៕