អតីតមេដឹកនាំគណបក្សប្រឆំាង បានលើកឡើងថា សភាអឺរ៉ុបតំណាងឲ្យ២៧ប្រទេស នៅសប្តាហ៍ក្រោយ នឹងចាត់ការមេដឹកនាំបក្សកាន់អំណាច ជុំវិញការចាប់ខ្លួនលោក កឹម សុខា។
លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ថា បានឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្បត់ជាតិកម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៧ខែកញ្ញា ថា «ចាប់ពីសប្តាហ៍ក្រោយទៅ សភាអឺរ៉ុប តំណាងឲ្យ២៧ប្រទេស នឹងចាត់វិធានការ ដើម្បីថ្កោលទោស អំពើព្រៃផ្សៃរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មកលើគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និងសារព័ត៌មាន ដែលហ៊ាននិយាយការពិតនៅប្រទេសកម្ពុជា»។
ភ្លាមៗនេះ VOD នៅមិនទាន់អាចសុំការបំភ្លឺបន្ថែមពីសភាអឺរ៉ុប ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី បាននៅឡើយទេ។
ទោះជាយ៉ាងណា VOD មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។
ចំពោះ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បើស្ថានការណ៍នយោបាយកម្ពុជានៅតែបន្តឡើងកំដៅ លោកថា សហគមន៍អន្តរជាតិ ដែលជាប់កាតព្វកិច្ចឃ្លាំមើលដំណើរការវិវឌ្ឍនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងប្រើយន្តការដាក់សម្ពាធ។
លោកថា៖ «យន្តការរបស់សហគមន៍អន្តរជាតិមានច្រើន។ ដំបូង គេបញ្ឈប់កូតា ឬក៏អាចគេបិទទីផ្សារតែម្តង ទាក់ទិននឹងការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា បន្ទាប់មក គេអាចផ្តាច់ជំនួយយោធា បន្ទាប់មកបិទទីផ្សារ ហុំព័ទ្ធសេដ្ឋកិច្ចប្រសិនបើកម្ពុជាមិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនអាចនិយាយជាការព្រមព្រៀងអន្តរជាតិបាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍និងការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ ដោយលោកថា បរទេសមិនអាចជ្រៀតជ្រែកិច្ចការផ្ទៃក្នុង និងអធិបតេយ្យរបស់កម្ពុជាបាននោះទេ។ លោកមានប្រសាសន៍ថា «អត់មានបញ្ហាអ្វីទេ យើងដឹងហើយថាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ និងមានអធិបតេយ្យ យើងធ្វើនៅក្នុងក្របខ័ណ្ឌច្បាប់របស់កម្ពុជា យើអត់មានលូកលាន់ខាងក្រៅទេ ហើយយើងក៏មិនទទួលយកដំបូលមានពីខាងក្រៅដែរ…ខាងក្រៅគេមានយោបល់សម្តែងការព្រួយបារម្ភ ជារឿងធម្មតារបស់គេ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយគ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូលដល់ថ្ងៃទី០៣ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ប្រហែលគ្នាថា ករណីចាប់ខ្លួន កឹម សុខា រំលោភអភ័យឯកសិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។
ក្រោយពីចាប់ខ្លួនមេបក្សប្រឆំាងលោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗ រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាពអឺរ៉ុប អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញការចាប់ខ្លួនមេបក្សរូបនោះ ហើយពួកគេ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិន បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕