គណបក្សប្រឆំាង បានឲ្យដឹងថា សមត្ថកិច្ចបានរារំាងតំណាងរាស្ត្រនៅព្រឹកនេះ មិនឲ្យធ្វើពិធីបង្សុកូលនៅស្តូបជនរងគ្រោះដោយសារហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ នៅទីតាំងរដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានប្រាប់ VODនៅថ្ងៃទី១៣ខែកញ្ញានេះ ថាសមត្ថកិច្ច និងកងសន្តិសុខខ័ណ្ឌ រាប់សិបនាក់ បានដាក់របាំងបិទផ្លូវ និងដាក់ពង្រាយកម្លាំងចម្រុះ នៅមុខវត្តបុទុមវត្តី និងជុំវិញស្តូបជនរងគ្រោះ ក្បែរព្រះបរមរាជវំាង ដើម្បីរារំាងក្រុមតំណាងរាស្ត្រគណបក្សប្រឆំាង មិនឲ្យទៅធ្វើពិធីបង្សុកូលនៅស្តូបជនរងគ្រោះនោះទេ។
លោកស្រី មូរ សុខហួរ ហៅការរារំាងរបស់អាជ្ញាធរថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពផ្នែកសាសនា។
លោកស្រីនិយាយថា «ពិធីបង្សុកូលធ្វើជារៀងរាល់ឆ្នាំ តំាងពីឆ្នាំ១៩៩៧ មានន័យថា២០ឆ្នាំហើយ ហេតុអ្វីបានជាថ្ងៃនេះ[សមត្ថិកិច្ចចំម្រុះ]ព័ន្ធជុំវិញ ធ្វើឲ្យស្ថានការណ៍នយោបាយតឹងតែងទៅៗ មិនមែនជាដំណោះស្រាយដែលយើងចង់បានទេ យើងត្រូវជាពលរដ្ឋ ជាអ្នកតំណាងរាស្ត្រ ជាអ្នកកាន់ព្រះពុទ្ធសាសនា យើងត្រូវតែមានសិទ្ធិគ្រប់គ្រាន់ដែលយើងមិនចំាបាច់ទៅចចារ តថ្លៃដើម្បីឲ្យបានសិទ្ធិទេ»។
ក្រោយពីខកខានរៀបចំពិធីបង្សុកូលនៅកន្លែងដែលបានគ្រោងទុកនោះ មន្ត្រី និង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាយកចង្ហាន់ ទៅរាប់បាតប្រគេនព្រះសង្ឃនៅក្នុងវត្តបុទុមវតីនៅក្បែរនោះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ដើមចមដែលអាជ្ញាធរមិនអនុញាតឲ្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលនៅស្តូបជនរងគ្រោះ ដោយសារហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃកាលពីឆ្នាំ១៩៩៧ ដោយថាចំពេលរដូវកាន់បិណ្ឌ។ ករណីនេះលោកថា សាលារាជធានីបានជូនដំណឹងទៅគណបក្សប្រឆំាងកាលពីម្សិលមិញ ឲ្យទៅធ្វើនៅតាមវត្តវិញ។
លោក មាសភក្តី បន្តថា ការរារំាងក្រុមតំណាងរាស្ត្របក្សប្រឆំាងនោះមិនមែនជាការគំរាមកំហែងទេ ដោយថាដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា «មិនចំឡែកទេ បើសិនជាយើងមិនអនុញាតជូនទេ វាត្រូវតែមានវិធានការទប់ស្កាត់ហើយ រឿងទីពីរឧទាហរណ៍បើសិនជាយើងមានការអនុញាតជូនវាច្បាស់ជាមានកម្លំាង ដើម្បីជួយសម្រួលចរាចរណ៍ ឬក៏សម្រួលការងារសន្តិសុខជូនដូចគ្នា មានន័យថាវត្តមាននៃកម្លាំងសមត្ថកិច្ចមិនមានអ្វីចម្លែកទេ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា យល់ថា ការរារំាងមិនឲ្យគណបក្សប្រឆំាង ឬប្រជាពលរដ្ឋ ទៅធ្វើពិធីបង្សុកូលនៅស្តូបជនរងគ្រោះ ដោយសារហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃ ជាការបិទសិទ្ធិសេរីភាពខាងសាសនា។ លោកថា ករណីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច។
លោកយល់ថា «ជាធម្មតាមិនថាតែគណបក្សកាន់អំណាច ឬក៏គណបក្សណាទេ បើសិនជាក្នុងតួនាទីបច្ចុប្បន្ននេះ យើងឃើញហើយគណបក្សកាន់អំណាចលោកដឹកនាំ ហើយបច្ចុប្បន្នយើងឃើញ ការប្រតិបត្តិនៅក្នុងថ្នាក់ក្រោមភាគច្រើន គឺយើងឃើញ គាត់ច្រើនតែសម្រេចទៅលើអ្វីដែលគាត់មើលឃើញដោយមានឥរិយាបទមិនសមរម្យ កាលប្រើឥរិយាបទបែបហ្នឹង គឺជះឥទ្ធពលទៅលើខាងគណបក្ស[កាន់អំណាច]របស់គាត់»។
ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃ៤គ្រាប់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ទៅលើហ្វូងបាតុករដែលដឹកនាំដោយ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅមុខរដ្ឋសភាចាស់ ដើម្បីទាមទារកំណែទម្រង់ប្រព័ន្ធតុលាការ បានបណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងប្រមាណជាង១៥០នាក់រងរបួស។ រហូតមកដល់ពេលនេះ ជិត២០ឆ្នាំហើយ ជនដៃដល់ និងអ្នកនៅពីក្រោយខ្នង មិនទាន់ត្រូវបានវែកមុខ យកមកផ្តន្ទាទោសនៅទ្បើយទេ បើទោះជាមានភស្តុតាងរឹងមាំមួយចំនួនបង្ហាញថា អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការវាយប្រហារនេះក៏ដោយ៕