តំណាងរាស្ត្របក្សប្រឆាំង អះអាងថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ពួកគេនឹងទៅសួរសុខទុក្ខ មេបក្សរបស់ខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដូចពេលមុនៗ ដើម្បីថ្លែងសារជំទាស់ទៅនឹងនីតិវិធីឃុំខ្លួន ដែលថា រំលោភរដ្ឋធម្មនុញ្ញ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវតុលាការបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ទៅពន្ធនាគារត្រពាំងផ្លុង ទាំងមានអភ័យឯកសិទ្ធិសភា ដោយចោទថា «ក្បត់ជាតិ»។ ប៉ុន្តែ សហគមន៍ជាតិ និងអន្តរជាតិ មួយចំនួន ហៅចំណាត់ការចាប់ និងឃុំខ្លួននោះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងអំពាវនាវឲ្យដោះលែងជាបន្ទាន់។
តំណាងរាស្ត្របក្សប្រឆាំង លោក ម៉ៅ មុន្នីវណ្ណ ឲ្យ VOD ដឹង នៅថ្ងៃទី៦ខែតុលា នេះថា ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង នឹងទៅសួរសុខទុក្ខលោក កឹម សុខ ដូចពេលមុនៗដែរ។ លោកថា បើតុលាការមិនអនុញ្ញឲ្យពួកគេចូលជួប លោក កឹម សុខា ពួកគេ នឹងបន្តប្រមូលផ្តុំគ្នា នៅមុខពន្ធនាគារ ដើម្បីសំដែងមតិជំទាស់ទៅនឹងនីតិវិធីឃុំខ្លួន ដែលថា បានរំលោភនឹងអភ័យឯកសិទ្ធិសភា។
លោកថា៖ «ជាលក្ខណទូទៅ គឺយើងបានសម្រេចក្នុងអង្គប្រជុំអចិន្ត្រៃយថា ជារៀលរាល់ថ្ងៃចន្ទ យើងឲ្យក្រុមអ្នកតំណាងរាស្ត្រហ្នឹងគាត់ទៅត្រពាំងផ្លុងហ្នឹង»។
គូរំលឹកថា លោក កឹម សុខា ត្រូវបានតុលាការ បង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាងមួយខែហើយ។ ប៉ុន្តែ តុលាការ ក៏មិនទាន់អនុញ្ញាតិឲ្យតំណាងរាស្ត្រណាម្នាក់ បានចូលជួប លោក កឹម សុខា ដែរ ទោះបីពួកគេ បានដាល់លិខិតសុំជួបបន្តបន្ទាប់ក៏ដោយ៕