អង្គការសង្គមស៊ីវិលយល់ថា គ.ជ.ប គួរស្នើឲ្យរដ្ឋាភិបាល ជួយបន្ធូរបន្ថយស្ថានការណ៍នយោបាយបច្ចុប្បន្ន ខណៈពួកគេយល់ថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត មានចំនួនតិច បើធៀបនឹងការចុះឈ្មោះឆ្នាំ២០១៦។
មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេត របស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា មានកត្ដាមួយចំនួន បង្អាក់ទឹកចិត្តពលរដ្ឋ មិនចង់ទៅចុះឈ្មោះបោះឆ្នោត ដូចជា វិទ្យុឯករាជ្យមួយចំនួន ដែលធ្វើការអប់រំពលរដ្ឋ ត្រូវបានផ្អាកសកម្មភាព ផ្សព្វផ្សាយពីព័ត៌មានបោះឆ្នោត មិនទូលំទូលាយដូចមុន ជាពិសេសនោះ លោកថា គឺបញ្ហាស្ថានការណ៍នយោបាយបច្ចុប្បន្ន។
លោក កន សាវាង្ស យល់ថា គ.ជ.ប គួរស្នើទៅរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយ នៅមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ខាងមុខ។ ចំពោះបញ្ហាពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស លោកថា គ.ជ.ប គួររៀបចំ បង្កើតឲ្យមានការិយាល័យបោះឆ្នោត តាមតំបន់ជាប់ព្រំដែន ដោយថា ដើម្បីអនុញ្ញាតឲ្យពួកគេ បានចូលរួមបោះឆ្នោតដូចពលរដ្ឋឯទៀត។
ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៥តុលាកន្លងទៅ ម្ចាស់ជំនួយធំៗ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គឺលោក ចច អេឌហ្គឺ បានចោទសួរ គ.ជ.ប អំពីចំនួនអ្នកចុះឈ្មោះបោះឆ្នោត ថា មានចំនួនតិច ហើយ គ.ជ.ប ឆ្លើយតបវិញ ដោយថា នឹងបង្កើនការផ្សព្វផ្សាយ ចំពោះបញ្ហានេះ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយទៀត កាលពីពេលកន្លងទៅ សមាជិក គ.ជ.ប លោក រ៉ុង ឈុន បានថ្លែងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានការធ្លាក់ចុះខុសពីការរំពឹងទុកនោះ គឺមកពីភ្លៀងធ្លាក់ច្រើន នីតិវិធីនៃការបំពេញឯកសារបញ្ជាក់ទីលំនៅ ការធ្វើចំណាកស្រុក ពិសេសពាក់ព័ន្ធនឹងបរិយាកាសនយោបាយ ។ លោកស្នើ ឲ្យគណបក្សនយោបាយ ងាកមករកតុចរចា ដើម្បីសម្រួលបរិយាកាសនយោបាយ ឲ្យល្អប្រសើរឡើងវិញ ទាំងពេលនេះ និងសម្រាប់ការបោះឆ្នោតខាងមុខ។
លោកថា៖«ពីព្រោះការជជែកគ្នាវានឹងទទួលបានផលវិជ្ជមាន ដោយសារលទ្ធផលកន្លងមក ដោយសារការជជែកគ្នាបានដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ នេះជាសមិទ្ធផលរបស់អ្នកនយោបាយដែលបានខិតខំប្រឹងប្រែង និងទទួលបានការគាំទ្រពីសំណាក់ជាតិ និងអន្តរជាតិ។ លទ្ធផលបន្ទាប់ទៀតនោះគឺការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដែលយើងទទួលបានលទ្ធផលល្អទាំងជាតិអន្តរជាតិសរសើរការចុះឈ្មោះបោះឆ្នោតបានល្អ អាហ្នឹងក៏ជាលទ្ធផលនៃអនុស្សាវរីយ៍នៃអ្នកនយោបាយបានចរចាគ្នាហ្នឹងដែរ»។
បើតាមរបាយការណ៍ គ.ជ.ប ឲ្យដឹងថា រយៈពេល ថ្ងៃ ចាប់គិតពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៦តុលាឆ្នាំ២០១៧ មានប្រជាពលរដ្ឋប្រមាណជាង ៣សែននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ខណៈចំនួនប្រជាពលរដ្ឋ ដែលរំពឹងថា នឹងមកចុះឈ្មោះសរុប មានចំនួន ១,៦លាននាក់៕