អង្គការមួយចំនួន ដែលធ្វើការងារផ្នែកអភិបាលកិច្ច ជំរុញឲ្យយុវជន តាមដានរដ្ឋាភិបាលពីការបែងចែកថវិកានៅថ្នាក់ក្រោមជាតិ ដោយថា យុវជនជាកំលាំងចលករមួយ ជំរុញឲ្យការអភិវឌ្ឍសង្គមដោយតម្លាភាព។
ថ្លែងក្នុងវេទិកាស្តីពីការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧នេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា យុវជនជាមនុស្សដែលមានសក្តានុពលខ្លាំង និងមានចំណេះច្រើន ក្នុងការតាមដានរាល់ការចំណាយរបស់រដ្ឋាភិបាល ដោយអាចស្នើទៅអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្ហាញរាល់ព័ត៌មាន ឬឯកសារអំពីការអភិវឌ្ឍន៍នានាជាសាធារណៈ ដើម្បីធានាពីតម្លាភាព និងប្រសិទ្ធភាព នៃការអភិវឌ្ឍទាំងនោះ។
លោកបន្តថា បច្ចុប្បន្ន យុវជនហាក់មិនសូវយល់ និងចាប់អារម្មណ៍ ពីដំណើរការរៀបថវិកាជាតិទៅថ្នាក់មូលដ្ឋាននោះទេ។
លោកបន្ថែមថា៖ «យុវជនទី១ ជាចរន្តនៃការស្នើសុំឲ្យឃុំធ្វើកិច្ចការៗ បង្ហាញព័ត៌មានជាសាធារណៈ នៃគម្រោងអភិវឌ្ឍន៍ទាំង អស់ហ្នឹង ទី២យុវជនអាចទៅសុំមើលកិច្ចសន្យា នៅគម្រោងអធិភាពដូចជា គម្រោងធ្វើផ្លូវថ្នល់អីហ្នឹង អាចសុំមើលបានពីព្រោះ វាជាឯកសារសាធារណៈ វាអត់មានអ្នកណាត្រូវលាក់លៀបនោះទេ! ឧបមាថា ក្រុមហ៊ុន ក ដេញថ្លៃបានកិច្ចសន្យាធ្វើអ្វីខ្លះ ឲ្យយុវជនដឹង ហើយក្រែងមានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន យុវជនក៏អាចប្រើ ប៉ុន្តែបើទោះ មិនទាន់មានច្បាប់ហ្នឹងក៏យុវជន នៅតែអាចធ្វើបានព្រោះរាល់ឯកសារនានាថ្នាក់មូលដ្ឋានសុទ្ធតែឯកសាធារណៈ»។
យុវតីម្នាក់ ដែលចូលរួមវេទិកានេះ កញ្ញា ផេង ស្រីស និយាយថា នាងមិនបានដឹងថា ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលចំណាយថវិកាជាតិអស់ប៉ុន្មាននោះទេ និងត្រូវបែងចែកទៅថ្នាក់ក្រោមជាតិមួយឆ្នាំៗ ប៉ុន្មាននោះដែរ។
កញ្ញាបន្តថា កន្លងមកក្រុមរបស់នាងធ្លាប់ទៅសួរពីផែនចំណាយរបស់ស្រុក និងឃុំដែរ ដោយនាង ប៉ានប្រមាណថា ៨០% គឺអាជ្ញាធរថ្នាក់មូលដ្ឋានទាំងនោះ បានសហការល្អក្នុងផ្តល់ព័ត៌មាន និង២០%ទៀត មានភាពលំបាកដោយសារអាជ្ញាធរទាំងនោះ មិនយល់ពីតួនាទីរបស់ខ្លួន។
កញ្ញាបន្ថែមថា៖ «វាសំខាន់ត្រង់ថានៅពេលថ្នាក់ដឹកនាំគាត់អនុវត្តគាត់ធ្វើមួយ ប្រសិនបើយើងមិនដឹងពេលខ្លះពេលដែលគាត់ធ្វើទៅវាអាចឆ្លើយតប់ទៅនឹងតម្រូវការទៅសង្គមឬប្រទេសឬពលរដ្ឋត្រូវការ ឬក៏អត់ ហើយការធ្វើហ្នឹងយើងអាចចូល រួមចំណែកអីខ្លះទាំងមតិយោបល និងសកម្មភាពផ្សេងៗយើងអាចចូលរួមបាន។ ឱទាហ៍ថា ក្នុងសង្គមរបស់យើងប្រសិន បើយើងមិនដឹងមេឃុំគាត់ធ្វើ គាត់ចំណាយថវិកាប៉ុន្មាន គាត់ធ្វើលើអីគេខ្លះ អញ្ចឹងមានន័យថា យើងជាយុវជន ជាធនាធានមនុស្សមិនបានចូលរួមចំណែកក្នុងការអភិវឌ្ឍភូមិឃុំរបស់យើងនោះទេ»។
អនុប្រធាននាយកដ្ឋានកិច្ចរដ្ឋាភិបាល នៃអគ្គនាយកដ្ឋានបាលក្រសួងមហាផ្ទៃ លោក ញ៉ាវ តង ឲ្យដឹងថា ក្រសួងបែង ចែកថវិកា ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺអនុឡោមទៅតាមច្បាប់ និងរូបមន្តច្បាស់លាស់ រួមទាំងយោងទៅតាមកិច្ចប្រជុំ របស់រដ្ឋាភិបាលក្រោមជាតិ ដែលការចូលរួមពីគ្រប់ភាគីរួម មានប្រជាពលរដ្ឋ ក្នុងសហគមន៍ផងដែរ។
លោកបន្ថែមថា៖ «ក្នុងដំណើរការនៃការរៀបចំថវិកាគឺត្រូវធានាឲ្យបានថា មានប្រជាពលរដ្ឋនឹងអ្នកពាក់ព័ន្ធចូលរួមផ្តល់យោបល់ផងដែរ និងក្រុមព្រឹក្សាសង្កាត់នៃសង្កាត់នានាចំណុះក្រុងត្រូវបានអញ្ជើញឲ្យចូលរួមនិងមានសិទ្ធិផ្តល់យោបល់លើគម្រោងថវិកានោះជាមុនៗពេលក្រុមព្រឹក្សាក្រុងអនុម័ត»។
អនុប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាល ឃុំ សង្កាត់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ឡាយ វ៉េងអៀង ឲ្យដឹងថា ឆ្នាំ២០១៧ រដ្ឋាភិបាលទំលាក់ថវិកាជាង ៩៣លានដុល្លារ ដើម្បីបំរើរដ្ឋបាលឃុំសង្កាត់ និងឆ្នាំ២០១៨ មានប្រហែល ១០៧លានដុល្លារ ដែលការកើនឡើងនេះ លោកថា ដោយសារតម្រូវការអភិវឌ្ឍន៍នៅឆ្នាំក្រោយច្រើនជាងឆ្នាំមុន៕