ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ហាកម្ពុជា បានបង្ហាញក្ដីបារម្ភថា សង្គមកម្ពុជាកាន់តែបែកបាក់ ហើយសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ត្រូវបានរំលោភបំពាន បន្ទាប់ពីរដ្ឋាភិបាលបានបង្កើនយុទ្ធនាការប្រឆាំងទៅនឹងអ្វីដែលរដ្ឋាភិបាលចាត់ទុកជា «បដិវត្តន៍ពណ៌» និង «ឧបាយកល» មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញ បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឲ្យចាត់វិធានការនានា ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា ឧបាយកលមានបំណងផ្ដួលរំលំរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំបែបនេះ មួយថ្ងៃបន្ទាប់ពីនគរបាលជាតិ បានរាយការណ៍ថា គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលផ្ដុំអ្នកគាំទ្ររបស់ខ្លួននៅចំថ្ងៃប្រកាសសេចក្ដីសម្រេចអំពីជោគវាសនារបស់បក្សមួយនេះ។
ទោះជាយ៉ាងណា ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ បានបដិសេធចំពោះព័ត៌មានបែបនេះ ដោយថា គណបក្សសង្គ្រោះជាតិមិនបានបញ្ជាឲ្យធ្វើសកម្មភាពអ្វីនោះឡើយ។
មន្ត្រីច្បាប់ និងអង្កេតអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា បានលើកឡើងថា យោងតាមច្បាប់ជាតិ និងអន្ដរជាតិ ពលរដ្ឋគ្រប់រូបមានសិទ្ធិប្រមូលផ្ដុំសម្ដែងមតិដោយអហិង្សា និងទាមទាររកយុត្តិធម៌សង្គម។
ប៉ុន្តែ លោកថា បើអាជ្ញាធរ ឬរដ្ឋាភិបាលបង្វែរការទាមទាររបស់ប្រជាពលរដ្ឋបែបអហិង្សា ទៅជាការរៀបគម្រោងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល លោកថា នឹងធ្វើឲ្យបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរ។
លោកនិយាយថា៖ «មិនមែនយកច្បាប់អនុវត្តបែបស្តង់ដារពីរ ក្រុមខ្លះអាចធ្វើសកម្មភាពបាន ហើយបែរជាក្រុមគណបក្សមួយ ឬក៏ប្រជាជនមួយក្រុមនោះ គាត់មាននិន្នាការផ្ទុយពីគណបក្សរបស់ខ្លួន បែរជាមិនយកការអនុវត្តឲ្យស្មើគ្នា វាទៅជាបញ្ហា ហើយវាបង្កើតទៅជាការរើសអើងផ្នែកនយោបាយជ្រាលជ្រៅ…យើងឃើញថា វាបែកបាក់សង្គមជ្រាលជ្រៅដែរ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូរ ចន្ថា វិភាគថា វិធានការរបស់រដ្ឋាភិបាលថ្មីៗនេះ គ្រាន់តែជាសារគំរាមប្រជាពលរដ្ឋមិនឲ្យប្រមូលផ្តុំនៅមុខតុលាការ ឬតំបន់ផ្សេងៗទៀតតែប៉ុណ្ណោះ។
លោក សូ ចន្ថា យល់ថា បើរដ្ឋាភិបាលនៅតែប្រើសារគំរាមបែបនេះ លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។
លោកវិភាគថា៖ «ខ្ញុំមើលទៅ ទីមួយគឺការគំរាមកំហែងមិនឲ្យមានការប្រមូលផ្តុំ[ប្រជាពលរដ្ឋ] ហើយទីពីរ វាអាចជាការគំរាមកំហែងដល់សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋនៅក្នុងការចូលរួមក្នុងឆាកនយោបាយដែលការពារដោយច្បាប់ ជារួមតាមរដ្ឋធម្មនុញ្ញកម្ពុជាជាប្រទេសប្រជាធិបតេយ្យ ហើយប្រសិនបើមានការប្រើប្រាស់កងកម្លំាងប្រដាប់អាវុធដើម្បីរឹតត្បិតសេរីភាពបែបនេះ ចង់មិនចង់ច្បាស់ជាមានការរិះគន់ពីសហគមន៍ អន្តរជាតិ ហើយនិងបណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀតផងដែរ»។
អង្គការ Global Witness និងអង្គការ Human Rights Watch កាលពីដើមខែតុលា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការប៉ុនប៉ងរំលាយបក្សប្រឆាំងដ៏ធំមួយនេះ ព្រមទាំងការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល និងការបិទប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានសហគមន៍អន្តរជាតិឲ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា អ្វីដែលរដ្ឋាភិបាលធ្វើ គឺជាការអនុវត្តន៍ច្បាប់ ដើម្បីការពារសន្តិភាព៕