តំណាងជាន់ខ្ពស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយចំនួន បានយករឿងអំពើហិង្សាលើស្ត្រីទៅលេងសើច ដែលនាំឲ្យសង្គមយល់ខុស និងទម្លាក់កំហុសទៅលើស្ត្រីជាជនរងគ្រោះ ខណៈរដ្ឋាភិបាលថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី។
អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ឡុង សុផល្លី បានទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ក្នុងការចូលរួមបញ្ចប់អំពើហិង្សាលើស្ត្រី ប៉ុន្តែត្រូវការគោលការណ៍ជាក់លាក់សម្រាប់វិស័យសារព័ត៌មានរាយការណ៍អំពីការរំលោភបំពានលើស្ត្រី។
លោកស្រីថា៖ «ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី។ ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវយល់ថាអំពើហិង្សាលើស្រ្តី គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយថាត្រូវតែអនុវត្តគោលការណ៍ជាក់លាក់មួយចំនួនក្នុងការផ្តល់ព័ត៌មានរបស់ពួកគេ ដើម្បីបញ្ឈប់ស្លាកស្នាមលើជនរងគ្រោះ។ ក្រសួងកិច្ចការនារីនឹងបន្តសហការជាមួយក្រសួងព័ត៌មាន អ្នកសរសេរព័ត៌មាន អ្នកសារព័ត៌មាន និងសាកលវិទ្យាល័យនានា ដើម្បីធានាថាក្រមនៃប្រព័ន្ធផ្សព្វផ្សាយនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ»។
ថ្លៃងក្នុងសិក្ខាផ្សព្វផ្សាយស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រី្តនាថ្ងៃនេះ តំណាងជាន់ខ្ពស់របស់ UNDP លោក Richard Marshall បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន មិនបានគោរពក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការរាយការណ៍ព័ត៌មាននោះទេ។ លោកបន្តថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានយករឿងអំពើហិង្សលើស្ត្រីទៅលេងសើចតាមកញ្ចក់ទូរទស្សន៍ ដែលបានឲ្យសង្គមយល់ខុសថា ស្ត្រីរងគ្រោះ គឺជាអ្នកមានកំហុសទៅវិញ។
លោកថា៖ «រឿងកំប្លែងអំពីអំពើហិង្សាលើស្រ្តីដែលបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយ បន្តបង្ហាញពីអំពើហិង្សាបែបនេះ និងបន្តជំរុញគំនិតសង្គមដែលយល់ខុស ដោយថា ស្ត្រីរងគ្រោះ គឺជាអ្នកមានកំហុស ហើយត្រូវបានស្តីបន្ទោសចំពោះការរំលោភបំពានមកលើពួកគេ។ […] ប្រព័ន្ធផ្សព្វផ្សាយត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការផ្តល់ប្រកបដោយវិជ្ជាជីវៈ និងគុណធម៌ខ្ពស់ ស្របតាមក្របខ័ណ្ឌសិទ្ធិស្ត្រីអន្តរជាតិ និងច្បាប់ជាតិ»។
ការីនិពន្ធកាសែតខ្មែរ ថាមស៍ លោក ម៉ៃ ទិត្យថារ៉ា បានទទួលស្គាល់ថា ពិតជាមានករណីនេះមែន។ លោកបន្តថា អ្នកសារព័ត៌មាននៅក្នុងស្រុកមួយចំនួន មិនសូវខ្វល់ពីក្រមសីលធម៌នោះទេ ដោយពួកគេ បានបង្ហាញអត្តសញ្ញាណជនរងគ្រោះដោយគ្មានការបិទបាំងអ្វីឡើយ។
ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងនយោបាយ លោកស្រី ធីតា ឃឹះ សង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយតែងតែយករឿងករណីរំលោភបំពានលើស្ត្រីទៅធ្វើអត្ថាធិប្បាលេងសើច បើទោះជាមានក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានក៏ដោយ ប៉ុន្តែពួកគេមិនបានអនុវត្តតាមនោះទេ។
លោកស្រីថា៖ «ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានបានរៀបចំធ្វើក្រមសីលធម៌អ្នកសារព័ត៌មានដែរ ក៏ប៉ុន្តែ ខ្ញុំយល់ថា គ្រាន់តែធ្វើក្រមសីលធម៌វាអត់គ្រប់គ្រាន់ទេ ពីព្រោះអត់ទាន់ចេះអនុវត្ត អនុវត្តអត់ទាន់ដឹង ពីព្រោះ គាត់ធ្លាប់តែនិយាយលេងសើចអញ្ចឹង ជារឿងធម្មតាចំពោះបុរសៗ ហើយវាមិនបានដឹងថា តើវាមានឥទ្ធិពលខ្លាំងទៅដល់សុវត្ថិភាពរបស់ស្ត្រីយ៉ាងណាទេ។ ដូច្នេះ ត្រូវការបើកវគ្គបង្រៀនគាត់ហើយ ត្រូវការតាមដានគាត់ និងពិន័យយ៉ាងធ្ងន់ធ្ងរលើស្ថានីយ៍ និងស្ថាប័នដែលបានរំលោភបំពាន»។
ក្រុមសកម្មជនការពារសិទ្ធិស្ត្រី កាលពីខែសីហាកន្លងមក បានទាមទារទៅអ្នកអត្ថាធិប្បាយទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី និងគណៈគ្រប់គ្រងទូរទស្សន៍ ឲ្យថ្លែងសុំទោសជាសាធារណៈ បន្ទាប់ពីលោកអត្ថាធិប្បាយអំពីករណីរំលោភ និងសម្លាប់នារីម្នាក់ពីសំណាក់អ្នកបើកបររថយន្តតាក់ស៊ី។
ក្រុមសកម្មជនការពារសិទ្ធិស្ត្រីទាំងនោះ បានចោទលោក មាស រិទ្ធី ថាបានធ្វើអត្ថាធិប្បាយធ្វើឲ្យប៉ះពាល់ដល់តម្លៃក្រុមគ្រួសារនារីរងគ្រោះ និងតម្លៃស្ត្រីទូទៅ៕