លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញប្រាក់១០០លានដុល្លារ ដើម្បីបង្កើតការងារនៅក្នុងស្រុក ដោយថាកម្ពុជាមិនរស់រងចាំតែការដាក់ខ្យល់អុកស៊ីសែនពីអ្នកដទៃឡើយ ខណៈប្រទេសលោកសេរីកំពុងគំរាមដាក់ទណ្ឌកម្ម ដោយសារតែការរំលាយបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម សុខា។
តុលាការកំពូលរបស់កម្ពុជា កាលពីថ្ងៃទី១៦ខែវិច្ឆិកា បានប្រកាសរំលាយ អតីតគណបក្សសង្គ្រោះជាតិ ចោទថាគណបក្សនេះ បានឃុបឃិតជាមួយបរទេស ចង់ផ្តួលរលំរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយលោក ហ៊ុន សែន និងបានប្រកាសឲ្យមន្ត្រីបក្សប្រឆាំង១១៨នាក់ ផ្អាកធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ប៉ុន្តែចំណាត់ការនេះ ត្រូវបានប្រទេសលោកសេរី មានសហរដ្ឋអាមេរិក ប្រកាសរឹតបន្តឹងផ្នែកទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន និងប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប និងកំពុងគំរាមដាល់ទណ្ឌកម្មផ្សេងទៀត។ ចំណែក សហភាពអឺរុបឯណោះវិញ បានបើកផ្លូវ ពិនិត្យទ្បើងវិញការអនុគ្រោះពន្ធគយ ចំពោះទំនិញរបស់កម្ពុជា ដែលនាំទៅលក់ទីផ្សារអឺរ៉ុប ទាំងផលិតផលសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម ដោយព្រមានថា បើរដ្ឋាភិបាល មិនធ្វើឲ្យស្ថានការនយោបាយនៅកម្ពុជាវិលទៅរកស្ថានភាពដើម។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃទី២០ខែធ្នូនេះ ថ្លែងថា រដ្ឋាភិបាល នឹងបញ្ចេញប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារខ្នាតតូច និងមធ្យម ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនការងារក្នុងស្រុក ដោយថា កម្ពុជាមិនត្រូវរស់នៅរងចាំតែអ្នកដទៃដាក់ខ្យល់អុកស៊ីសែនឲ្យនោះទេ។
លោកថា៖ «អញ្ចឹងទេបានជាបញ្ហាអ្វីក៏ដោយ ត្រូវមានសន្លឹកបៀច្រើននៅក្នុងដៃ។ ថ្ងៃនេះខ្ញុំចង់បញ្ចេញសារទៅកាន់សហគ្រាសធនតូចនិងធម្យមទាំងឡាយថា រាជរដ្ឋាភិបាលនឹងឈានទៅបង្កើតឲ្យមានធានាគារសម្រាប់ធនតូចនិងមធ្យម ដែលចាប់ផ្តើមពីដើមទុនពី១០០លានដុល្លារសហរដ្ឋអាមេរិក មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ប៉ុន្តែនាយករដ្ឋមន្ត្រីដែលនិយាយបែបនេះហើយ មិនអាចដកថយបានទេ»។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានធនាគារអភិវឌ្ឍជនបទ សម្រាប់ធ្វើកិច្ចការនេះ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហា គឺយន្តការដែលមានស្រាប់ មិនដំណើរការទៅប្រកបដោយប្រសិទ្ធិភាព។
លោក ង៉ែត ជូ ឲ្យដឹងទៀតថា បើរដ្ឋាភិបាលគ្រាន់តែបញ្ចេញថវិកា ហើយគ្មានយន្តការណ៍ផ្សេងទៀតសម្រាប់ពង្រឹងប្រសិទ្ធភាពទេ លោកថា ជម្រើសថ្មី របស់រដ្ឋាភិបាលនេះ ក៏មិនអាចទប់នឹងសម្ពាធអន្តរជាតិបានដែរ។
លោកថា៖ «ពង្រឹងសេវាហិរញ្ញវត្ថុ ដូចជាមិនចាំបាច់បង្កើតសេវាធានាគារខ្នាតតូច និងមធ្យមអីទេ គឺពង្រឹងប្រសិទ្ធភាព និងសេវាកម្មអាហ្នឹងចំនុចទី១។ ចំនុចទី២ខ្ញុំគិតថា បើទោះបីពង្រឹងវិស័យហិរញ្ញវត្ថុ ប្រសិទ្ធភាពសេវាកម្មឬក៏បង្កើតធានាគារថ្មីក៏ដោយ ការដែលឆ្លើយតបនឹងសម្ពាធ ឬក៏វិធានការថ្មីៗរបស់សហគមន៍អន្តរជាតិ វាហាក់ដីដូចជានៅឆ្ងាយ លើកលែងតែគាត់[រដ្ឋាភិបាល]មានគោលនយោបាយផ្តល់ប្រាក់កម្ចីដោយការប្រាក់ទាបបំផុតឬក៏មិនយកការប្រាក់អីអញ្ចឹង។ អាហ្នឹងប្រហែលជាអាចជួយលើកលែងតែមានយន្តការអញ្ចឹង។ តែបើគ្រាន់តែថា បង្កើតធនាគារបន្ថែម សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដោយមិនមានយន្តការផ្តល់ការប្រាក់ទាបទេ ឬមិនយកការប្រាក់ទេដូចជាគ្មានជួយអីទេ»។
អ្នកតាមដាន ធ្លាប់ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរបន្តដើរលើគន្លងប្រជាធិបតេយ្យ ដូចដែលប្រទេសលោកសេរីចង់បាន ដើម្បីការពារប្រយោជន៍កម្មករ ក្នុងវិស័យកាត់ដេរ រាប់ម៉ឺននាក់ និងពលរដ្ឋក្រីក្រច្រើនលាននាក់ផ្សេងទៀត។
របាយការណ៍របស់ការិយាល័យស្ថិតិអាមេរិកនិងសហភាពអឺរ៉ុប បង្ហាញថា កម្ពុជា បាននាំផលិតផលកាត់ដេរមានតម្លៃជិត៣ពាន់លានដុល្លារចូលទៅទីផ្សារអាមេរិក និងជិត ៥ពាន់លានដុល្លារទៀត ចូលទៅទីផ្សារអឺរ៉ុប កាលពីឆ្នាំ២០១៦៕