សាលាដំបូងខេត្តបាត់ដំបង កាលពីម្សិលមិញនេះ សម្រេចផ្ដន្ទាទោសអតីតព្រះសង្ឃព្រះនាម ហន សុផាន្នី ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីព្រះសង្ឃអង្គនោះ បានបង្ហោះរូបថតកាំភ្លើងមួយដើម នៅលើគណនីហ្វេសប៊ុក ដែលគេថាកាំភ្លើងនោះជាកាំភ្លើងជ័រ។
កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ អាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្សឹក ហើយវាយខ្នោះអតីតព្រះសង្ឃព្រះនាម ហន សុផាន្នី ដែលគង់នៅវត្តដំរីស ខេត្តបាត់ដំបង ដោយចោទប្រកាន់ចំនួន២បទល្មើស គឺបទប្រើប្រាស់អាវុធខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែតុលាការ បានទម្លាក់ចោលបទចោទប្រកាន់រឿង ប្រើប្រាស់អាវុធខុសច្បាប់ វិញ។
អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោកស្រី ទៀង សំបូរ មានប្រសាសន៍ថា ពិតជាមានការផ្តន្ទាទោសអតីតព្រះសង្ឃមួយអង្គពិតប្រាកដមែន ប៉ុន្តែសុំមិនបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះទេ។
មេធាវីការពារក្ដីឲ្យអតីតព្រះសង្ឃព្រះនាម ហន សុផាន្នី លោក ជូង ជូងី សុំមិនធ្វើអត្ថាធិប្បាយ ចំពោះរឿងនេះ។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមនៅខេត្តបាត់ដំបង ព្រះតេជគុណ ឡុញ សុខជា មានថេរដីកាបន្តថា កាលពីម្សិលមិញ តុលាការខេត្តបាត់ដំបង បានកាត់ទោសឲ្យព្រះសង្ឃព្រះនាម ហន សុផាន្នី ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយបច្ចុប្បន្ន ព្រះអង្គត្រូវបានតុលាការយកទៅដាក់ពន្ធនាគារខេត្តបាត់ដំបង។
ព្រះតេជគុណ ចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ ដោយសារ ក្នុងពេលសវនាការកន្លងមក តុលាការ មិនបានបង្ហាញភស្តុតាងអ្វីក្រៅពីកាំភ្លើងជ័រ និងកាំបិតដែលព្រះអង្គមកលេង បន្ទាប់ពីត្រៃព្រៃនៅវត្តនោះទេ។ បន្ថែមពីនេះ ព្រះតេជគុណ ឡុញ សុខជា យល់ថា ការសម្រេចតុលាការនេះ អាចជាប់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។
ព្រះតេជគុណថេរដីកាថា៖ «មិនឃើញមានតុលាការបង្ហាញមានភស្តុតាង តើព្រះអង្គ ហន សុផាន្នី ញុះញង់អ្នកណាឲ្យប្រព្រឹត្តបទឧក្រិដ្ឋ វាអាចកើតឡើងជាប្រភេទបទឧក្រិដ្ឋអ្វីខ្លះ? វាអាចមានផលប៉ះពាល់អ្វីខ្លះដល់សង្គម? វាមានភាពវឹកវរដែល ឬទេ អត់ឃើញមានបង្ហាញទេ គេគ្រាន់តែលើកយកមកដូចជា កាំភ្លើងជ័រ ដូចជា រូបថតដែលលោកលេងកាំភ្លើងកាំភ្លើងជ័រហ្នឹង ហើយដាវ កាំបិតដែលលោកយកទៅត្រៃឈើដែលនៅជុំវិញវត្ត តាមការណែនាំដឹកព្រះសង្ឃនៅក្នុងវត្តឲ្យទៅត្រៃព្រៃ!»។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង សម្ដែងការសោកស្ដាយ ដោយលោកចាត់ទុកការសម្រេចរបស់តុលាការនោះ ថាជារឿងអយុត្តធម៌។ លោកបន្តថា កន្លងមក អតីតព្រះសង្ឃព្រះនាម ហន សុផាន្នី តែងតែចូលរួមជួយកិច្ចការងារសង្គមជាច្រើន ដូចជា ការថែរក្សាធនធានធម្មជាតិជាពិសេសព្រៃឈើ ការលើកកម្ពស់សិទ្ធិមនុស្សនិងយុត្តិធម៌នៅក្នុងសង្គមជាដើម។
លោកថា៖ «ការម្ដែងមតិជាឯកជនអញ្ចឹងមិនទាន់ជាការចូលប្រព្រឹត្តបទល្មើស ក៏ដូចជា ការចូលរួមប្រព្រឹត្តល្មើស ជាមនុស្សដែលអស្ចារ្យទេ។ គាត់ជាបុគ្គលម្នាក់ដែលជាមនុស្សសាមញ្ញ ហើយចង់បញ្ចេញអារម្មណ៍ បញ្ចេញមតិផ្ទាល់ខ្លួនតាមសាធារណជនអញ្ចឹង។ ខ្ញុំគិតថា វាគ្មានអន្តរាយអី គ្មានអីជាកំភ្លៅ សម្រាប់ការចាប់អារម្មណ៍ របស់មហាជនក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេសទេ»។
លោកបន្តថា ប្រសិនបើព្រះសង្ឃ ហន សុផាន្នី មានកំហុសពិតមែន អាជ្ញាធរអាចហៅទៅអប់រំ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ដាក់ទោស ដូចជាប់ពន្ធនាគារនោះទេ។
បើតាមព្រះតេជគុណ ឡុញ សុខជា ព្រះអង្គ ហន សុផាន្នី មានវ័យ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ហើយកន្លងមក ព្រះអង្គជា សង្ឃដែលសកម្មក្នុងការចូលរួមធ្វើការងារសង្គម តាមរយៈការតស៊ូមតិ ដូចជាការពារព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ដីធ្លី និងចូលរួមឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។
ព្រះតេជគុណ មានថេរដីកាបន្តថា ព្រះអង្គនឹងស្នើមេធាវី ដើម្បីប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍៕