ក្រុមអ្នកអភិរក្សសត្វព្រៃ បានរកឃើញសំបុកពងសត្វកន្ធាយជិតផុតពូជមួយ នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃអង្គារម្សិលមិញ អ្នកអភិរក្សនៃរដ្ឋបាលជលផល អង្គការសមាគមអភិរក្សសត្វព្រៃ និងប្រជាសហគមន៍ អះអាងថា បានរកឃើញ ពងសត្វកន្ធាយក្បាលកង្កែបមួយសំបុកជាលើកដំបូង នៅឆ្នេរខ្សាច់ដងទន្លេមេគង្គ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង។
ក្រុមអ្នកអភិរក្ស អះអាងថា សំបុកពងសត្វកន្ធាយក្បាលកង្កែបនេះ ត្រូវបានប្រជាសហគមន៍ការពារ រហូតដល់ពងកន្ធាយទាំងនោះញាស់ ហើយថា កូនកន្ធាយទាំងនោះ នឹងត្រូវលែងឲ្យទៅរស់នៅក្នុងទន្លេវិញ។
បើតាមអ្នកអភិរក្សនៃរដ្ឋបាលជលផល សត្វកន្ធាយក្បាលកង្កែបនេះ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីអភិរក្សធនធានធម្មជាតិ (IUCN) ដែលជាប្រភេទរងគ្រោះជិតផុតនៅលើសកលលោក និងជិតផុតពូជពីប្រទេសកម្ពុជាទៅហើយ។ តែរហូតដល់ឆ្នាំ២០០៧ សត្វកន្ធាយក្បាលកង្កែប ត្រូវបានគេរកឃើញម្តងទៀតក្នុងបរិវេណ៤៨គីឡូម៉ែត្រ នៅដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង៕