សមាជិកសភាកាណាដាមួយរូប បានស្នើទៅរដ្ឋាភិបាលប្រទេសនេះ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ប៉ុន្ដែរដ្ឋាភិបាលអះអាងថា ករណីនេះជាការអនុវត្តច្បាប់។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លាននាក់ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ហើយមន្ដ្រីអតីតគណបក្សប្រឆាំងចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ រីឯប្រធានគណបក្សនេះ គឺលោក កឹម សុខា ក៏នៅតែជាប់ក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ក្នុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ សមាជិកសភាកាណាដាមួយរូបមកពីគណបក្សអភិរក្សនិយម លោក Michael Cooper បានថ្លែងរិះគន់ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួន លោក កឹម សុខា គឺផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងដំណើរការបោះឆ្នោត ដែលមានភាពត្រឹមត្រូវ និងយុត្តិធម៌។
សមាជិកសភារូបនេះ ក៏ស្នើទៅនាយករដ្ឋមន្ដ្រីកាណាដា លោក Justin Trudeau ឲ្យចូលរួមជំរុញទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអតីតគណបក្សប្រឆាំង និងគោរពតាមគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
លោកថា៖ «ដោយហេតុថា ប្រទេសកាណាដា ក៏ជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដើមបណ្ដឹងអំពាវនាវឲ្យសភា ដាក់សម្ពាធនយោបាយលើរដ្ឋាភិបាលកម្ពុជា ឲ្យគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស អំពាវនាវឲ្យរដ្ឋាភិបាលជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បង្ហាញក្ដីកង្វល់ អំពីវិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន និងបរាជ័យរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ពន្យល់ថា ចំណាត់ការប្រឆាំងអតីតគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់ និងដើម្បីការពារសន្ដិភាពក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
លោកថា៖ «ការមានវិធានការផ្លូវច្បាប់ចំពោះមេបក្សប្រឆាំង ក៏ដូចជាក្រុមមេដឹកនាំបក្សប្រឆាំង ខ្ញុំយល់ថា អាហ្នឹង គឺជាការអនុវត្តច្បាប់ ពីព្រោះ គាត់ប្រព្រឹត្ដល្មើសច្បាប់មែន»។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយចោលនោះ សហគមន៍អន្ដរជាតិ នាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដោយថា កម្ពុជាហាក់កំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ៕