មេធាវីលោក កឹម សុខា ថាមិនចូលរួមក្នុងនីតិវិធីសាកសួរទេ បើចៅក្រមនៅបន្តធ្វើក្នុងពន្ធនាគារ

លោក សំ សុគង់ សហមេធាវីការពារក្ដី។

ក្រុមមេធាវីការពារក្ដីឲ្យអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា អះអាងសារជាថ្មី នៅថ្ងៃព្រឹកថ្ងៃទី២២ធ្នូ ថា ពួកគេនឹងមិនចូលរួមក្នុងនីតិវិធីសាកសួររបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ ប្រសិនបើចៅក្រម ដែលកាន់សុំណុំរឿងនេះ នៅតែបន្តសួរចម្លើយកូនក្ដីរបស់ខ្លួន នៅក្នុងពន្ធនាគារ។

លោក សំ សុគង់ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា ការធ្វើពហិការមិនចូលរួមនេះ ដោយសារ ក្រុមមេធាវីចង់ឲ្យចៅក្រ​ម នាំយកកូនក្ដីមកសាកសួរនៅតុលាការ ដោយកន្លងមក​ កូនក្ដីរបស់លោក ក៏បានស្នើទៅចៅក្រមផងដែរ ប៉ុន្តែសំណើរទាំងនេះ ត្រូវបានតុលាការបដិសេធ។

លោកថា៖ «ជាឆន្ទៈ គឺជាបំណងរបស់ឯកឧត្ដម [កឹម សុខា]​ ផ្ទាល់តែ!…ថ្មីៗនេះ នៅពេលដែលចៅក្រមស៊ើបសួរ ទៅសាកសួរឯកឧត្ដមនៅក្នុងពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី១៤ នេះ ក៏ឯកឧត្ដម បានធ្វើសំណើរ ស្នើសុំឲ្យធ្វើនីតិវិធីនៅក្នុងតុលាការ ហើយក្រុមមេធាវីការពារក៏បានស្នើទៅតុលាការផងដែរ។ គោលបំណងគឺឯកឧត្ដម ឲ្យមានការផ្លាស់ប្ដូរពីពន្ធនាគារត្រពាំងផ្លុង មកពន្ធនាគារភ្នំពេញ ប៉ុន្តែអ្វីដែលយើងបានស្នើសុំកន្លងមក វាត្រូវបានបរាជ័យ»។

លោក សំ សុគង់ ចាត់ទុកការសាកសួរកូនក្ដីរបស់ខ្លួននៅក្នុងពន្ធនាគារថា ខុសពីគោលការណ៍ច្បាប់ ដោយថា ពន្ធានាគារមិនមែនកន្លែងសួរចម្លើយនោះទេ។​

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសានស៍ថា កាលពីម្សិលមិញនេះ ចៅក្រម បានទៅសួរចម្លើយលោក កឹម សុខា បើទោះបីជាក្រុមមេធាវីការពារក្តី បានធ្វើពហិការមិនចូលរួមក៏ដោយ។ ដោយឡែក នៅថ្ងៃទី២២ធ្នូ លោកមិនទាន់ដឹងនៅឡើយ។

លោកថា៖ «ចាំមើលខ្ញុំពិនិត្យជាមួយលោកចៅក្រមបន្តិចសិនថ្ងៃនេះ។ ​បើម្សិលមិញ នីតិវិធីបន្តធម្មតា​ខ្ញុំឆែក [ពិនិត្យ] មើលជាមួយគាត់ [ក្រុមចៅក្រម] បន្តិចសិន»។

វីអូឌី បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង លោក សួស វិទ្យារ៉ាឌី ប៉ុន្តែ ទូរសព្ទចូល គ្មានអ្នកទទួល។

អ្នកជំនាញច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ជាលក្ខណៈទូទៅថា បើតាមនីតិវិធីច្បាប់នៅក្នុងដំណាក់ការស៊ើបសួរ ចៅក្រម អាចធ្វើការសួរចម្លើយជនត្រូវចោទនៅក្នុងពន្ធនាគារ ដោយមិនចាំបាច់មានមេធាវីចូលរួមក៏បានដែរ ប៉ុន្តែ លោកថា ជនត្រូវចោទ ក៏អាចមានសិទ្ធិមិនឆ្លើយនឹងសំណួររបស់ចៅក្រមដែរ ហើយករណីនេះមិនមានអ្វីខុសច្បាប់នោះទេ។ លោកបន្តថា ប្រសិនបើករណីជំនុំជម្រះវិញ តុលាការជនត្រូវយកចោទមកចូលសវនាការ។

លោកថា «ធម្មតារឿងចៅក្រមស៊ើបសួរ​ ខ្ញុំថាអត់មានបញ្ហាទេ ពីព្រោះមិនមែនមានរឿងនេះមួយទេជាទូទៅ ប៉ុន្តែបើរឿងកាត់ក្ដី សវនាការ វាជារឿងមួយផ្សេងទៀត! មិនខុស ហើយក៏មិនរំលោភសិទ្ធិជនត្រូវចោទដែរ ព្រោះជនត្រូវចោទមានសិទ្ធិនៅស្ងៀមមិនឆ្លើយ»។

បើគិតត្រឹមថ្ងៃសុក្រទី២២ធ្នូនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសួរចម្លើយលោក កឹម សុខា ចំនួន៤ដងហើយ ដោយចៅក្រម ធ្វើឡើងនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំតែម្ដង។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

ក្រោយចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយ​អតីតគណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិបានថ្កោលទោស និងព្រមានពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ