អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចកំណត់ឱសានវាទថ្មីសម្រាប់ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាទទួលយកសំណង និងចាកចេញពីអគារចាស់ បន្ទាប់ពីឱសានវាទដំបូងមួយ បានផុតកំណត់កាលពីចុងសប្ដាហ៍កន្លងមកនេះ។
ការពន្យារពេលនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយរវាងអាជ្ញាធរខណ្ឌ7មករា និងពលរដ្ឋសហគមន៍បុរីកីឡាកាលពីថ្ងៃ២៥ ខែធ្នូនេះ។
តំណាងពលរដ្ឋម្នាក់អ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា កិច្ចប្រជុំនោះ គឺអាជ្ញាធរមានគោលបំណងរំលឹកដល់ប្រជាពលរដ្ឋពីថ្ងៃផុតកំណត់ដែលសាលារាជធានីភ្នំពេញដាក់ឱសានវាទកាលពីថ្ងៃទី៨ ខែធ្នូ ហើយថា ក្រោយកិច្ចប្រជុំនេះអាជ្ញាធរ បានយល់ព្រមបន្តពន្យាពេលកំណត់រយៈពេល ២សប្តាហ៍បន្ថែមទៀតដើម្បីទុកពេលចរចា។
ប៉ុន្តែ អ្នកស្រីអះអាងថា ប្រសិនបើសំណងនៅតែដដែល គឺពួកគាត់មិនព្រមទទួលយកឡើយ ហើយថា ពួកគាត់ ១១គ្រួសារនេះនឹងទៅរកកិច្ចអន្តរគមន៍ពីក្រសួងរៀបចំដែន ឲ្យជួយដោះស្រាយដូចដែលបានដោះស្រាយជូនអតីតអ្នកនៅអគារប៊ុលឌីង។
អ្នកស្រីបន្ថែមថា៖ «បើដំណោះស្រាយហ្នឹងនៅតែដដែលពួកមីងអត់យកទេ ហើយហ្នឹងដាក់ញត្តិទៅក្រសួងដែនដីសុំឲ្យ លោក ជា សុផារ៉ា ជួយដោះស្រាយឲ្យពួកមីងដូចនៅអាគារប៊ុលឌីងអញ្ចឹង ហើយបើគាត់ប្តឹងពួកមីងក៏ហ៊ានប្រឈមមុខជាមួយច្បាប់ដែរ ព្រោះអីក្រុមហ៊ុន បើអ្នកឯងក្ស័យធនត្រូវទុកដី២អគារនោះឲ្យពួកខ្ញុំ តែអ្នកឯងអត់ធ្វើតាមកិច្ចសន្យាផង ហើយមកប្តឹងពួកខ្ញុំទៀត អញ្ចឹងពួកខ្ញុំមិនខ្លាចដែរ»។
វិអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខណ្ឌ៧មករា លោក លឹម សុធា បានទេជុំវិញការពន្យាឱសានវាទនេះ។
កាលពីថ្ងៃទី៨ ខែធ្នូ សាលារាជធានីភ្នំពេញ បានដាក់ឱសានវាទ ២សប្តាហ៍ម្តងរួចមកហើយ ឲ្យពលរដ្ឋបុរីកីឡាចំនួន ១១គ្រួសារដែលមិនព្រមទទួលសំណងនោះ មកទទួលយកសំណងគោលនយោបាយ ដោយកាលណោះ សាលារាជធានីភ្នំពេញថា បើពលរដ្ឋទាំងនោះខកខានមិនព្រមមកទទួលយកសំណងតាមកាលកំណត់នេះទេ ពួកគេនឹងបានបាត់បង់សិទ្ធិទទួលបានសំណង និងដំណើរការដោះស្រាយទំនាស់ក៏ត្រូវបានបញ្ចប់ដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់វីអូឌីកាលពីថ្ងៃទី១១ធ្នូថា ប្រសិនបើពលរដ្ឋទាំងនោះនៅតែមិនព្រមទទួលសំណងគោលនយោបាយនេះ សាលារាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋាបាល និងយន្តការតុលាការបន្តទៀត។
ប៉ុន្តែ ពលរដ្ឋបុរីកីឡាអះអាងថា មិនខ្លាចក្នុងការតតាំងរឿងក្តីនេះទេ ដោយថា ពួកគាត់មានឯកសារគ្រប់គ្រាន់ក្នុងការទទួលបានផ្ទះនៅបុរីកីឡា ហើយថា ម្យ៉ាងទៀត ក្រុមហ៊ុនជាអ្នកល្មើសកិច្ចសន្យា។
កាលពីថ្ងៃទី២០ ខែធ្នូ អង្គការ និងសហគមន៍សរុបចំនួន ៣៤ស្ថាប័ន បានអំពាវនាវទៅសាលារាជធានីភ្នំពេញ ឲ្យទម្លាក់ចោលឱសានវាទនោះ និងជំរុញទៅសាលារាជធានីភ្នំពេញឲ្យពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីនៅសហគមន៍បុរីកីឡាដោយសន្តិវិធីវិញ។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រួសារ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ ៣៨០គ្រួសារទៀត ទទួលបានសំណងមិនត្រឹមត្រូវ ដោយក្រុមហ៊ុន និងអាជ្ញាធរធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ ហើយពលរដ្ឋទាំងនោះបានផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។
មកដល់ពេលនេះមន្រ្តីសាលារាជធានីភ្នំពេញអះអាងថា អាជ្ញាធរដោះស្រាយបានជាង ៩០%ហើយ ដោយនៅសល់ពលរដ្ឋតិចតួចប៉ុណ្ណោះ៕