ពលរដ្ឋសហគមន៍បុរីកីឡា នៅថ្ងៃពុធនេះ ប្រកាសជំហរមិនចាកចេញ ខណៈសាលារាជធានីភ្នំពេញបានកំណត់ថ្ងៃឱសានវាទជាលើកទី២ ត្រឹមថ្ងៃទី៥ខែមករា តម្រូវឲ្យពលរដ្ឋនៅទីនោះទទួលយកសំណងតាមការកំណត់របស់អាជ្ញាធរ។
ក្នុងពិធីរំឭកខួប៦ឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ នៅថ្ងៃនេះ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន លើកឡើងថា សំណងដែលសាលារាជធានីភ្នំពេញឲ្យពួកគាត់ គឺផ្ទះនៅភូមិ អណ្តូង និងលុយ ៤០០០ដុល្លារនោះ អ្នកស្រីថា ពួកគាត់មិនអាចទទួលយកទេ ហើយក៏មិនចាកចេញពីបុរីកីឡាដែរ ដរាបណាមិនទទួលបានសំណងសមរម្យ ឬជាសំណងផ្ទះដែលស្ថិតនៅក្នុងទីតាំងដែល ធ្លាប់រស់នៅ និង រកស៊ីចិញ្ចឹមជីវិត។
អ្នកស្រីថា៖«…»។
អ្នកស្រីបន្តថា ពួកគាត់មិនទៅរស់នៅភូមិអណ្ដួង ដោយសារ នៅទីនោះគ្មានទឹកភ្លើង មិនអាចប្រកបរមុខរបបអ្វីបានដូចពួកគាត់រស់នៅបុរីកីឡាបច្ចុប្បន្ននោះទេ។
ទាក់ទងរឿងនេះវីអូឌីមិនអាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដីបានទេ ដោយទូរសព្ទមិនចូល។ ប៉ុន្តែកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោក ម៉េត មាសភក្តី លើកឡើងថា ការរក្សាជំហរមិនមកទទួលយកសំណង តាមគោលនយោបាយនោះ វាជាសិទ្ធិរបស់រដ្ឋពលរដ្ឋ ប៉ុន្តែលោកថា រាជធានីភ្នំពេញ នឹងអនុវត្តវិធានការរបស់រដ្ឋាភិបាល និងយន្តការតុលាការបន្តទៀត ដោយមិនទទួលខុសត្រូវ ចំពោះការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋទាំងនោះឡើយ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៧ អង្គការនិងសហគមន៍ សរុបចំនួន៣៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវទៅសាលារាជធានីភ្នំពេញ ឲ្យទម្លាក់ចោលឱសានវាទនេះ និងបន្តដំណើរការដោះស្រាយវិវាទនោះ តាមនីតីវិធីឡើងវិញ។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រូសារវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ៣៨០គ្រូសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ៕