«វាប្រឈមមុខគ្រោះថ្នាក់ច្រើន ដោយសារអីយើងទៅជាន់ខ្ពស់ យើងខ្លាចធ្លាក់ ឬក៏មានអ្វីធ្លាក់មកពីលើ ដូចគ្រែនស្ទួយដែកទាំងបាច់ៗ។ អាហ្នឹង វាប្រឈមមុខនឹងគ្រោះថ្នាក់ណាស់។ ជួនកាលយើងធ្វើការនៅក្រោម ជួនកាលគេវាយពុម្ពវាយអី ឬក៏គេចងសរសរចងអីក៏មាន ទីបក៏មាន អីធ្លាក់មកដោយយថាហេតុដែលយើងមិនអាចដឹង ច្រើនណាស់ការនិយាយវាច្រើន។ យើងចងដែកចងអី យើលីដែកអីជួនកាលស្លែបមួយៗ វាមានប្រឡោះវាពី ១តឹកទៅ ២ ជួនកាលអាចធុងជួល ទៅប៉ះដែកអញ្ចឹង ទៅក៏មានដែរ»។
នេះជាការរៀបរាប់ពីបញ្ហាប្រឈមមួយចំនួនរបស់ស្ត្រីម្នាក់ដែលអះអាងថា ធ្វើការផ្នែកចងដែកនៅការដ្ឋានសំណង់មួយកន្លែងស្ថិតនៅម្ដុំសង្កាត់ទឹកថ្លា ក្នុងរាជធានីភ្នំពេញ។
ប្រាប់ថា មានអាយុ ៣០ឆ្នាំ និងមានប្រភពកំណើតនៅរាជធានីភ្នំពេញនោះ អ្នកស្រី សួន ស្រីយ៉ា បានប្រាប់ឲ្យដឹងថា អ្នកស្រីបានធ្វើការងារពាក់ព័ន្ធនឹងការសាងសង់នេះអស់រយៈពេលជិត ១០ឆ្នាំមកហើយ ដោយទទួលបានប្រាក់កម្រៃចន្លោះពី ១៦០០០ ទៅ ២០០០០រៀលក្នុងមួយថ្ងៃ។
និយាយបណ្ដើរ ភ្នែកសម្លឹងមើលទៅកន្លែងធ្វើការទាំងទឹកមុខស្រពោន ស្ត្រីមានសម្បុរខ្មៅស្រគាំង និងសក់វែងរូបនេះ បានរៀប់រាប់បន្តថា អ្នកស្រីតែងតែឡើងចងដែកនៅទីខ្ពស់នៅក្នុងការដ្ឋានសំណង់រាល់ថ្ងៃ ដែលធ្វើឲ្យអ្នកស្រីព្រួយបារម្ភពីសុវត្តិភាព និងគ្រោះថ្នាក់ច្រើននានា បើទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ។
អ្នកស្រីថា៖«មានបញ្ហាគ្រោះថ្នាក់អីទៅ ថៅកែអត់ទទួលខុសត្រូវ អញ្ចឹង លុយប៉ុណ្ណឹង យើងយកទៅមើលខ្លួនយើងអត់គ្រាន់ទេ។ អញ្ចឹងបងចង់ឲ្យថៅកែដែលបង្កើតការដ្ឋានសំណង់ទាំងអស់ ចង់ឲ្យមានច្បាប់ហ្នឹងដូចរោងចក្រដែរ ដើម្បីបានជួយកម្មករសំណង់យើងហ្នឹង នៅពេលដែលយើងមានបញ្ហាគ្រោះថ្នាក់។ ធម្មតា យើងអត់បាន យើងទៅធ្វើការអញ្ចីង ពេលមានគ្រោះថ្នាក់ លុយប៉ុណ្ណឹងយកទៅមើលខ្លួនយើងមិនគ្រាន់ទេ មិនគ្រប់ទេ។ កន្លែងខ្លះពិបាកទៅ កន្លែងខ្លះក៏ស្រួលទៅ និយាយឲ្យចំ បងចង់បានដូចរោងចក្រអញ្ចឹងហ្មង ដើម្បីការពារកម្មករសំណង់ មិនថាស្ត្រី មិនថាបុរស សូមឲ្យមានប័ណ្ណ ប.ស.ស. និង…ដូចគ្នា»។
ចេញពីធ្វើការនៅម៉ោង ១១ថ្ងៃត្រង់ បុរសម្នាក់បានប្រាប់ថា ធ្វើការផ្នែកកាត់កញ្ចក់ នៅក្នុងបុរី ប៉េង ហួត បឹងស្នោ នៅបណ្ដោយផ្លូវជាតិលេខ១។ បុរសរូបនេះរៀបរាប់ថា ក្រុមកម្មករសំណង់ ប្រឈមមុខនឹងគ្រោះថ្នាក់នានា ខណៈដែលពួកគាត់មិនទទួលបានសម្ភារៈការពារសុវត្ថិភាពគ្រប់គ្រាន់ អំឡុងពេលពួកគេធ្វើការនៅទីកន្លែងខ្ពស់ និងតខ្សែភ្លើងជាដើម។
បុរសរូបនេះ និយាយទៀតថា នៅពេលមានគ្រោះថ្នាក់ ដូចជា ឆក់ខ្សែភ្លើង ធ្លាក់ពីលើអាគារ ឬក៏ធ្លាក់ដែកលើរហូតដល់បាត់បង់ជីវិត គឺមិនមានក្រសួង ឬស្ថាប័នណាមួយ ចុះមកពិនិត្យរកពីមូលហេតុដែលបណ្ដាលឲ្យកម្មករស្លាប់នោះទេ ហើយអ្វីដែលសំខាន់នោះ ព័ត៌មានទាំងអស់ដែលកើតឡើង ត្រូវបំបិទចោលទៀតផង។
លោកថា៖ «ក្នុងក្រុមហ៊ុន បុរី ប៉េងហួត និយាយឲ្យចំ ក្រុមហ៊ុនមានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទារ ធ្លាក់អីមកអញ្ចឹង ដូចស្លាប់អីអញ្ចឹងទៅ គេបំបិទតែម្ដង បំបិទកុំឲ្យដឹងលឺខ្ចោះខ្ចាយច្រើនអញ្ចឹង គិតគួរលុយកាត់ដែលត្រូវបាន បើខ្ញុំស៊ើបទៅវាមិនបានច្រើនប៉ុន្មានទេលុយដែលយកទៅមើលជំងឺ បានធ្វើបុណ្យអីហ្នឹង»។
ធ្វើការជាអ្នកចងដែកផង និងលាយកំបោរផងនៅក្នុងការដ្ឋានសាងសង់មួយស្ថិតនៅក្នុងភូមិអរិយក្សត្រ ស្ថិតនៅមុខរាជធានីភ្នំពេញនោះ អ្នកស្រី ចក់ យឿន អាយុ ៤០ឆ្នាំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញកម្មករដូចគ្នា បានរងគ្រោះថ្នាក់រហូតដល់ស្លាប់ នៅក្នុងការដ្ឋានសំណង់ ប៉ុន្តែ ម្ចាស់ការដ្ឋានសំណង់មិនទទួលខុសត្រូវនោះឡើយ។ អ្នកស្រីថា ម្ចាស់ការដ្ឋានទាំងនោះ បានលើកហេតុផលថា កម្មករសំណង់ធ្វើការក្នុងការដ្ឋានដោយគ្មានការប្រុងប្រយ័ត្ន។
ក្រៅពីប្រឈមនឹងគ្រោះថ្នាក់នៅក្នុងការដ្ឋានសំណង់ ស្ត្រីមានសម្បុរខ្មៅរូបនេះ រៀបរាប់បន្តថា គាត់ក៏ប្រឈមមុខនឹងបញ្ហាសុខភាព និងបញ្ហាប្រាក់ឈ្នួលទាបផងដែរ ហើយអ្នកស្រីចង់បានការគាំពារពីរដ្ឋាភិបាលដូចក្រុមកម្មករបម្រើការងារក្នុងវិស័យកាត់ដែរផងដែរ ដែលស្ថិតក្រោមប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗផ្អែកតាមច្បាប់ការងារ។
អ្នកស្រីថា៖ «ក្នុងខ្ញុំជាកម្មករ ចង់ឲ្យមានច្បាប់ ដូចជា យើងមានគ្រោះថ្នាក់ការងារអញ្ចឹង ចង់ឲ្យក្រុមហ៊ុនទទួលចេញជាថ្លៃព្យាបាលឲ្យកម្មករ ព្រោះកម្មករសំណង់គាត់ប្រឈមនឹងគ្រោះថ្នាក់ជាច្រើន តែក្រុមហ៊ុនអត់ដែលទទួលស្គាល់ទេ ពេលទៅព្យាបាលអត់មានគិតប្រាក់ឈ្នួលឲ្យគាត់ទេ ថែមទាំងថ្លៃដេកព្យាបាលអត់ចេញជាសាហ៊ុយឲ្យគាត់ដែលនឹងម្ចាស់ក្រុមហ៊ុន»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា បានកើនឡើងដល់ទៅ ២៧ភាគរយ នៅក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១៧កន្លងមក ពោលទំហំវិនិយោគក្នុងវិស័យមួយនេះ បានឡើងដល់ទំហំ ៦ពាន់ ២៦៧លានដុល្លារ។
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទំហំទុនវិនិយោគក្នុងវិស័យសំណង់កើនឡើងខ្ពស់បែបនេះ បានផ្ដល់ការងារដល់មនុស្សជាង ២០ម៉ឺននាក់ ក្នុងនោះ ៣៥ភាគរយគឺជាស្ត្រី។
ទោះជាយ៉ាងណា របាយការណ៍ស្ទង់មតិមួយទៅលើកម្មករសំណង់ ១០១០នាក់ នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុន បានរកឃើញថា កម្មករសំណង់ដល់ទៅ ៨៧ភាគរយ ពុំដែលទទួលបានការបណ្ដុះបណ្ដាលបចេ្ចកទេសវិជ្ជាជីវៈនោះឡើយ ហើយកម្មករ ៨៩ភាគរយទៀត ត្រូវបានជួលឲ្យធ្វើការតាមរយៈកិច្ចសន្យាផ្ទាល់មាត់ ខណៈដែលកម្មករត្រឹមតែ ១១ភាគរយប៉ុណ្ណោះ មានកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ។
របាយការណ៍ដដែលនេះ ក៏រកឃើញផងដែរថា កម្មករសំណង់ដល់ទៅជាង ៨០ភាគរយ ពុំទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់លើកទឹកចិត្ត និងប្រាក់បំណាច់ការងារនោះឡើយ នៅពេលបញ្ចប់ការងារ។
ជាងនេះទៅទៀត កម្មករសំណង់ជាង ៨៦ភាគរយ បានឆ្លើយតបថា ពួកគេមិនដែលទទួលបានការដំឡើងប្រាក់ឈ្នួលនោះឡើយ ខណៈដែលប្រាក់ឈ្នួលរបស់ពួកគេ ត្រូវបានផ្ដល់ឲ្យដោយមិនទៀងទាត់។ កម្មករសំណង់ ១២ភាគរយទៀត រាយការណ៍ថា ប្រាក់ឈ្នួលរបស់ពួកគេ ត្រូវបានកាត់ សម្រាប់ថ្លៃដឹកជញ្ជូន និងទិញសម្ភារៈការពារសុវត្ថិភាព។
ប៉ុន្តែ អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី បានឲ្យដឹងថា ក្រុមកម្មករសំណង់ ប្រឈមមុខនឹងបញ្ហាធំៗនានា ដូចជាប្រាក់ឈ្នួលទាប បញ្ហាសុវត្ថិភាព និងសុខភាព។
ដោយប្រឈមនឹងបញ្ហាទាំងនោះ លោក យ៉ាន់ ធី បានស្នើទៅរដ្ឋាភិបាល ឲ្យបង្កើតច្បាប់សម្រាប់គាំពារដល់ក្រុមកម្មករសំណង់ និងចាត់មន្ត្រីរបស់ខ្លួន ឲ្យចុះត្រួតពិនិត្យតាមការដ្ឋានទាំងអស់ ដោយលោកថា ដើម្បីធានាថា បញ្ហាប្រឈមរបស់ក្រុមកម្មករសំណង់ ត្រូវបានដោះស្រាយ៕