ពលរដ្ឋនៅស្រុកបុទុមសាគរ ចោទអាជ្ញាធរខេត្តខេត្តកោះកុងថា បានរុះរើ និងកាប់បំផ្លាញផ្ទះពួកគេអស់ជាង ៤០ខ្នង ប៉ុន្តែ អាជ្ញាធរបានអះអាងថា ពលរដ្ឋទាំងនោះរស់នៅលើដីដែលជាចំណែកនៃតំបន់ការពារ។
ពលរដ្ឋម្នាក់នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ អ្នកស្រី ជួន ចាន់ធឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរខេត្តកោះកុងដឹកនាំកម្លាំងដោយអភិបាលរងស្រុក លោក សួន ស៊ីថា បានចុះរុះរើផ្ទះពលរដ្ឋនៅក្នុងឃុំនេះអស់ ៣៧ខ្នង និងបានកាប់បំផ្លាញ់ដំណាំប្រជាពលរដ្ឋចោលទៀតផង។
អ្នកស្រីអះអាងថា ពួកគាត់បានទៅរស់នៅ និងប្រកបរបររកស៊ីនៅលើដីនោះតាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៥ ទើបអាជ្ញាធរបណ្តេញឲ្យពួកគាត់ឲ្យទៅនៅកន្លែងថ្មី ដោយថា កន្លែងចាស់នោះជាដីតំបន់អភិរក្ស ប៉ុន្តែ កន្លែងថ្មីនោះ អ្នកស្រីប្រាប់ថា ពិបាករស់នៅ ទើបពួកគាត់ត្រឡប់មករស់នៅកន្លែងចាស់វិញកាលពីដើមឆ្នាំ២០១៧រហូតមកដល់បច្ចុប្បន្ននេះ។
អ្នកស្រីប្រាប់ថា៖«វាបង្ខំយើងរុះឲ្យលឿន បើថាមិនលឿនទេ វាដើរកាប់ចោលអស់ហើយ ផ្ទះណារុះទាន់ៗ បើមិនទាន់ វាកាប់ជើងសរសររំលំអស់ពេញហ្នឹង។ នៅក្រោម[កន្លែងថ្មី] វាពិបាករកស៊ីដាក់មង រកត្រីអីក៏អត់បាន ហើយបើយើងនៅកំពង់ភ្លូ[កន្លែងចាស់]យើងរកអីក៏បាន ចិញ្ចឹមគោក្របីក៏ស្រួល»។
ពលរដ្ឋម្នាក់ទៀត លោក សាំង សុខផល រស់នៅឃុំថ្មស និយាយថា អភិបាលរងស្រុកបុទុមសាគរ លោក សួន ស៊ីថា បានដឹកនាំកម្លាំងចម្រុះមានប៉ូលីស ប៉េអឹម និងអាជ្ញាធរពាក់ព័ន្ធ ចុះរុះរើផ្ទះគាត់ និងផ្ទះពលរដ្ឋ ២គ្រួសារទៀត នៅក្នុងឃុំនេះ និងបានគំរាមចាប់ពលដ្ឋដាក់គុកទៀតផង។
លោកបន្ថែមថា៖«ខ្ញុំមកនៅនេះតាំងពីឆ្នាំ២០០៦មក វាចូល ១២ឆ្នាំហើយ ដល់ខ្ញុំមកធ្វើផ្ទះដាំដំណាំ គេមកកាប់រំលំចោលអស់ អញ្ចឹង ខ្ញុំបានអីនៅទៅ បើមកកាប់រំលំរបស់ប្រជាពលរដ្ឋចោលអញ្ចឹង»។
អភិបាលរងខេត្តកោះកុងថ្មី លោក អន ភារៈ ឆ្លើយប្រាប់វីអូឌីយ៉ាងខ្លីថា អាជ្ញាធរកាប់ផ្ទះ និងបំផ្លាញ់ដំណាំពលរដ្ឋ ដោយសារពលរដ្ឋទាំងនោះរស់នៅលើដីឧទ្យានជាតិដោយខុសច្បាប់ ដោយថា មិនត្រូវការដោះស្រាយអ្វីឡើយ។
លោកបន្ថែមថា៖«ចុះមានពីណាឲ្យគាត់ទៅរស់នៅកន្លែងតំបន់ឧទ្យានជាតិហ្នឹង អញ្ចឹងគាត់មកពីណាទៅកន្លែងហ្នឹងវិញទៅ មានអ្នកណាគេអី»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលតាមដានករណីនេះ បានឲ្យដឹងថា ក្នុងខែមករានេះ អាជ្ញាធរខេត្តកោះកុងបានចុះរុះរើផ្ទះពលរដ្ឋចំនួនបីកន្លែងនៅក្នុងស្រុកបុទុមសាគរ ប៉ុន្តែ លោកមិនដឹងថា អស់ផ្ទះចំនួនប៉ុន្មានខ្នងពិតប្រាកដនោះទេ។
លោកបន្តថា អាជ្ញាធរចោទប្រជាពលរដ្ឋថា រស់នៅជនលើដីព្រះរាជក្រឹត្យ ប៉ុន្តែ លោកថា ព្រះរាជក្រឹត្យដែលចេញកាលពីឆ្នាំ១៩៩៣នោះ មិនបានកំណត់ព្រំប្រទល់ច្បាស់លាស់នោះទេ ដែលជាហេតុធ្វើឲ្យពលរដ្ឋមិនដឹង ហើយនាំគ្នាទៅរស់នៅ។
លោកបន្ថែមថា៖«អាជ្ញាធរគាត់គួរតែរកដីតំបន់ណាដើម្បីដោះដូរឲ្យពួកគាត់មុនហ្នឹងបំផ្លាញ ឬក៏ឲ្យពួកគាត់ប្រមូលផលសិនទៅ ឬដាក់កំហិតមិនឲ្យធ្វើអ្វីទៀតដែលប៉ះពារទៅហ្នឹងតំបន់អភិរក្ស ព្រោះពួកគាត់ដាំដុះគាត់ចំណាយធនធាន គាត់ចំណាយដើមទុន ហើយពីដំបូងដែលគាត់ធ្វើការដាំដុះ ម្តេចមិនទៅហាមឃាត់គាត់ ដល់ពេលគាត់ដាំបានផ្លែផ្កាបែរទៅបំផ្លាញរបស់គាត់ទៅវិញ»។
មន្រ្តីសម្របសម្រួសសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ញ៉េប សំអឿន ដែលតាមដានករណីនេះដែរ និយាយថា ករណីអាជ្ញាធរខេត្តកោះកុងទៅកាប់បំផ្លាញ់ផ្ទះ និងដំណាំពលរដ្ឋនេះ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស ដោយថា ទោះពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស ក៏មិនត្រូវធ្វើសកម្មករបែបនេះដែរ គួរដោះស្រាតតាមនីតិវិធី។
លោកបន្តថា អាជ្ញាធរហាក់ភាពលម្អៀងចំពោះការផ្តល់ដីឲ្យទៅពលរដ្ឋ និងក្រុមហ៊ុនក្នុងតំបន់នោះ ដោយថា កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានកាត់ឆ្ងៀលដី ៣៦០០០ហិតាពីតំបន់ឧទ្យានជាតិបុទុមសាគរ ទៅឲ្យក្រុមហ៊ុនចិនធ្វើការវិនិយោគ ប៉ុន្តែ មិនបានកាត់ឆ្វៀលដីចែកជូនពលរដ្ឋក្រីក្រនៅតំបន់នោះទេ។
លោកបន្ថែមថា៖«រាល់ទម្រង់នៃការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានក្តី អាជ្ញាធរថ្នាក់ណាក្តី ប្រសិនបើគាត់អនុវត្តបែបនេះ នោះមានន័យថា គាត់មិនបានគិតពីសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្លួនឯងទេ គឺគាត់រំលោភបំពានទៅកាតិការសញ្ញា សេចក្តីប្រកាសជាសកលរដ្ឋធម្មនុញ្ញ ព្រោះជាគោលការណ៍ ប្រសិនជាពលរដ្ឋនៅខុសច្បាប់មែន យើងត្រូវធ្វើការផ្សព្វផ្សាយ ត្រូវមានសម្របសម្រួលគាត់ ដោយធ្វើយ៉ាងណាឲ្យគាត់មានការព្រមព្រៀងជាមួយអាជ្ញាធរ មិនមែនយកត្រង់តឺណឺ[ម៉ាស៊ីនកាត់ឈើ]ទៅកាត់ផ្ទះគាត់ចឹងទេ»។
បើតាមពលរដ្ឋ ប្រជាពលរដ្ឋប្រមាណ ១១០គ្រួសារទៀត ក៏ត្រូវបានអាជ្ញាធរចោទថា រស់នៅលើដីឧទ្យានជាតិផងដែរ ហើយពួកគេកំពុងស្វែងរកដំណោះស្រាយពីអាជ្ញាធរនេះ៕