បើទោះបីជាត្រូវបានរំលាយចោលទៅហើយក្ដី អតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានអំពាវនាវទៅដល់អាជ្ញាធរ ឲ្យបើកការស៊ើបអង្កេតឲ្យបានពិតប្រាកដ ដោយថា ដើម្បីវែកមុខឃាតករពិត និងអ្នកនៅពីក្រោយនៃឃាតកម្មនេះ។
គណបក្សសង្គ្រោះជាតិ បានអំពាវនាវបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះ ចំពេលដែលសហជីពបានរៀបចំពិធីរំឭកដល់មេដឹកនាំសហជីព លោក ជា វិជ្ជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ អតីតបក្សប្រឆាំង បានរៀបរាប់ថា គណបក្សនេះមិនអាចបំភ្លេចបាននូវវីរភាពរបស់លោក ជា វិជ្ជា នោះឡើយ ដោយថា មេដឹកនាំសហជីពរូបនេះ បានលះបង់គ្រប់បែបយ៉ាង និងធ្វើពលិកម្ម ដើម្បីជួយកម្មករ-កម្មការិនីខ្មែរ ប្រឆាំងទៅនឹងការជិះជាន់កេងប្រវ័ញ្ចពីសំណាក់ថៅកែ«ចិត្តខ្មៅ»។
ក្រៅពីលើកតម្កើងវីរភាពរបស់មេដឹកនាំសហជីពរូបនេះ អតីតគណបក្សមួយនេះ បានអំពាវនាវទៅសមត្ថកិច្ច ឲ្យស៊ើបអង្កេតឲ្យបានពិតប្រាកដ ដោយថា ដើម្បីវែកមុខឃាតករពិត និងអ្នកនៅពីក្រោយឃាតកម្មនេះ ហើយនាំយកទៅកាត់ទោសតាមច្បាប់។
លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាបងប្រុសរបស់លោក ជា មុន្នី ផងនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីដើមឆ្នាំ២០០៤ ខណៈដែលលោកកំពុងអានកាសែតនៅខាងលិចរបងវត្តលង្ការ។
ឃាតករបាញ់ប្រហារមេដឹកនាំសហជីពរូបនេះ នៅតែមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយទេរហូតមកដល់សព្វថ្ងៃនេះ បន្ទាប់ពីបុរសពីរនាក់ លោក ប៊ុន សំណាង និងលោក សុក សំអឿន ដែលដំបូងឡើយត្រូវបានចោទប្រកាន់ថាជាឃាតករនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក៕