ក្រសួងមហាផ្ទៃទាមទារឲ្យគណបក្សសិទ្ធិមនុស្សធ្វើសមាជដោយមានសំឡេងគាំទ្រភាគច្រើន២/៣នៃសមាជិករបស់អង្គសមាជទាំងមូលតាមលក្ខន្តិកៈរបស់គណបក្ស ទើបអាចស្នើសុំរំលាយបក្សខ្លួនបាន។
គណបក្សសិទ្ធិមនុស្ស បានប្រកាសរំលាយខ្លួនឯង តាមលិខិតមួយច្បាប់ ដែលបានផ្ញើជូនទៅរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៨ ខែមករា។
ក្រោយមកនៅថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ ក្រសួងមហាផ្ទៃបានឆ្លើយតបតាមលិខិត ថា ក្រសួងតម្រូវឲ្យគណបក្សនេះ អនុវត្តនីតិវិធីពាក់ព័ន្ធនឹងការសុំរំលាយគណបក្សសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ស្របតាមមាត្រា៥០ថ្មី នៃលក្ខន្តិកៈគណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ គឺគណបក្សនេះ ត្រូវដាក់ជូនសមាជជាមុនសិន ដើម្បីសុំការអនុម័តតាមសំឡេងគាំទ្រភាគច្រើន២/៣ នៃសមាជិកដែលមានសិទ្ធិសម្រេចរបស់អង្គសមាជទាំមូល ដោយថាទើបអាចដាក់ពាក្យទៅក្រសួងសុំរំលាយបក្សខ្លួនឯងបាន។
ទាក់ទិននឹងករណីនេះ លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់នៅថ្ងៃនេះថា លោកមិនអាចធ្វើតាមការទាមទាររបស់ក្រសួងមហាផ្ទៃបានទេ ដោយលោកថា មន្ត្រីគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ជូលគ្នាជាមួយគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២ ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ហើយពេលនេះ គណបក្សសង្គ្រោះជាតិត្រូវរំលាយហើយ។
លោកថ្លែងថា«បើក្រសួងនៅតែទទូចឲ្យធ្វើសមាជ យើងមានតែឲ្យគណបក្សសង្គ្រោះជាតិត្រឡប់មកវិញ ដើម្បីឲ្យខ្ញុំស្រង់យកសមាជិកទាំងអស់មកវិញធ្វើសមាជ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា ក្រសួងមិនចង់រំលាយគណបក្សសិទ្ធិមនុស្ស ដោយថាទុកឲ្យបក្សនេះមានឱកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាចនៅខែកក្កដា ឆ្នាំ២០១៨នេះ ។
លោកវិភាគថា«ក្នុងបរិបទដែលមិនរំលាយគណបក្សសិទ្ធិមនុស្សនេះ គឺគេចង់ឲ្យមានគណបក្សច្រើន ដើម្បីចូលរួមជំនួសគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ គឺជាហេតុផលតែមួយគត់ ដើម្បីបំពេញភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា»។
គណបក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា នៅឆ្នាំ២០០៧ ហើយឈ្នះបានអាសនៈចំនួន ៣នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨។ គណបក្សនេះ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិ នៅក្នុងឆ្នាំ២០១២។
ទោះជាយ៉ាងណា ការប្រកាសរំលាយខ្លួនឯងរបស់បក្សនេះ បានកើតឡើងចំពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន ទៅតាមបណ្ដឹងរបស់រដ្ឋាភិបាល ហើយអាសនៈជាប់ឆ្នោតទាំងអស់របស់បក្សនេះ ក៏ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សនយោបាយផ្សេង ដែលមិនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ និងដកសិទ្ធិអតីតមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕