អតីតបក្សប្រឆាំង បានប្រកាសថា បក្សនេះមិនគាំទ្រការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចុងខែកុម្ភៈនេះទេ ដោយថា សមាសភាព គ.ជ.ប. ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ ដោយមិនមានគណបក្សសង្គ្រោះជាតិចូលរួមនោះឡើយ បន្ទាប់ពីបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់ខែវិច្ឆិកាឆ្នាំមុន។
ខណៈដែលការបោះឆ្នោតអសកលនេះកាន់តែខិតចូលមកដល់នោះ គណបក្សសង្គ្រោះជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញថា ការបោះឆ្នោតនោះ មិនកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ ហើយថែមទាំងផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទៀត។
អតីតបក្សប្រឆាំងមួយនេះ បានហៅបែបនេះ ដោយសម្អាងថា តំណាងរាស្ត្រ ៥៥រូប និងសមាជិកជាប់ឆ្នោតរបស់ខ្លួន ៥០០៧នាក់ នៅតាមឃុំសង្កាត់នានានៅទូទាំងប្រទេស មិនត្រូវបានអនុញ្ញាតឲ្យចូលរួមបោះឆ្នោតនោះឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ អតីតបក្សប្រឆាំងមួយនេះក៏បានអំពាវនាវទៅបក្សកាន់អំណាច ឲ្យបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន និងងាកទៅបើកបរិយាកាសនយោបាយឲ្យល្អប្រសើរឡើងវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែអះអាងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅតែដំណើរការតាមការគ្រោងទុកដដែល ទោះបីជាពុំមានវត្តមានបក្សប្រឆាំងក៏ដោយ។
លោកមានប្រសាសន៍ថា៖«យើងមានការសោកស្តាយណាស់ ដែលគាត់ហានប្រព្រឹត្តបទល្មើស រហូតដល់សម្លាប់វប្បធម៌សន្ទនា ខ្ញុំយល់ថា វប្បធម៌សន្ទនានេះ គឺថាមិនអាចរស់ឡើងវិញបានទេជាមួយអតីតបក្សប្រឆាំង តែជាមួយបក្សដទៃ ដែលគេគោរពគោលការណ៍ច្បាប់ត្រឹមត្រូវទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ គណបក្សប្រជាជន ខ្ញុំយល់ថា នៅតែបើកចំហសំរាប់គណបក្សដទៃ លើកលែងតែអតីតបក្សប្រឆាំងតែប៉ុណ្ណោះ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី យល់ថា ប្រទេសជាតិ និងប្រជាជនក្រីក្រ នឹងខាតបង់ប្រយោជន៍ ប្រសិនបើអ្នកនយោបាយនៅតែមិនអាចឈានដល់ដំណោះស្រាយផ្សះផ្សារជាតិទេនោះ។
លោកយល់ថា៖«អ្នកដែលខាតប្រយោជន៍ គឺជាតិខ្មែរទាំងមូល។ សម្រាប់រដ្ឋាភិបាលគាត់អត់មានខាតទេ ព្រោះមន្ត្រីរដ្ឋាភិបាលមួយចំនួនធំគាត់មានស្តុកស្តំ ទោះបីជាប្រទេសខ្មែរក្រលើសនេះ ១០ដងទៀត ក៏គាត់នៅតែមិនមានពិបាកអីដែរ។ សម្រាប់សង្គមជាតិទាំងមូលដែលត្រូវជួបប្រទះនូវការដាក់គំនាបពីអន្តរជាតិ ស្ទើរតែ ១០ឆ្នាំ ២០ឆ្នាំម្តង វាក្លាយទៅជាប្រទេសចំណែកមួយនៅក្នុងតំបន់»។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លានសំឡេងនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
អាសនៈជាប់ឆ្នោតរបស់បក្សនេះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សផ្សេងៗ ដែលពលរដ្ឋភាគច្រើន ពុំបានបោះឆ្នោតឲ្យនោះទេ៕