ដោយបានក្លាយជាផ្នែកមួយនៃសង្គមកម្ពុជាទៅហើយនោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានពលរដ្ឋកម្ពុជាខ្សែស្រឡាយប្រារព្ធជារៀងរាល់ឆ្នាំ ជាមួយនឹងការចំណាយយ៉ាងធំទៅលើការរៀបចំប្រកាន់ខ្ជាប់នូវប្រពៃណីបរទេសមួយនេះ។
ជាអាជីវករម្នាក់នៅម្ដុំផ្សារដើមគរ អ្នកស្រី ជុំ ស្រស់ ដែលស្ថិតក្នុងវ័យជាង ៤០ឆ្នាំនោះ បានអះអាងថា អ្នកស្រីមានខ្សែស្រឡាយកាត់ចិន។ កំពុងលក់បណ្ដើរ និងឆ្លៀតឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានបណ្ដើរ អាជីវកររូបនេះ បានឲ្យដឹងថា គ្រួសារអ្នកស្រីចំណាយថវិកាយ៉ាងតិច ៥០០ដុល្លារ ទៅលើការទិញសម្ភារៈសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។
បើតាមស្ត្រីរូបនេះ ថវិកាក្នុងទំហំប៉ុណ្ណេះ ត្រូវបានចំណាយទៅលើម្ហូបអាហារ ភេសជ្ជៈ គ្រឿងប្រដាប់សម្រាប់ពិធីសែនព្រេន និងតុបតែងលម្អគេហដ្ឋាន និងកញ្ចប់ក្រហម ដែលត្រូវបានពលរដ្ឋខ្មែរកាត់ស្រឡាយចិនហៅជាទូទៅថា «អាំងប៉ាវ» សម្រាប់ចែកជូនក្មេងៗ និងចាស់ទុំជាដើម។
អ្នកស្រីនិយាយថា៖ «មុនចូលឆ្នាំ[ចិន]មួយថ្ងៃទៅរៀបចំអីវ៉ាន់នៅផ្ទះ ដើម្បីសុខសប្បាយ ហេង ហេង រកស៊ីមានបានចូលឆ្នាំចិន»។
បើតាមប្រតិទិន ពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីចិនក្នុងឆ្នាំ២០១៨នេះ ត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ហើយវាត្រូវបានរៀបចំឡើងនៅក្នុងប្រទេសចិន ទីក្រុងហុងកុង ដែនដីម៉ាកាវ កោះតៃវ៉ាន់ និងបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់ ដូចជាវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងជាដើម។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយជាផ្នែកមួយនៃជំនឿដែលជឿថា ដើម្បីបួងសួងសុំពរជ័យ សេចក្ដីសុខសប្បាយ និងភាពរីកចម្រើនដល់ក្រុមគ្រួសារនៅក្នុងឆ្នាំថ្មី។
ឈរក្បែចិញ្ចឹមផ្លូវម្តុំផ្សារដេប៉ូ លោក អ៊ឹង ជា បានអះអាងថា លោកមានឈាមជ័រកាត់ខ្សែស្រឡាយចិនផងដែរ។ លោកបានរៀបរាប់ថា គ្រួសារគាត់ និងសាច់ញាតិលោក នឹងនាំគ្នារៀបចំបាយសម្លបន្តិចបន្តួចសម្រាប់សែននៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននៅផ្ទះ ដោយថា ជាផ្នែកមួយនៃការគោរពតាមប្រពៃណី និងទំនៀមទម្លាប់ចិន។
លោកមានប្រសាសន៍ថា៖ «ប៉ាខ្ញុំចេះតែឈឺៗ ក៏មើលគ្រូថា មកពីអត់សែនចូលឆ្នាំចិន ក៏សែនទៅ អត់អីវិញ…តាំងពីឆ្នាំ១៩៩០ជាងមក រហូតមកដល់ឥឡូវនេះ»។
អាជីវករលក់គ្រឿងទេស និងសម្ភារៈបុណ្យចូលឆ្នាំចិន នៅម្តុំផ្សារដើមគ អ្នកស្រី គិន ពៀច បានឲ្យដឹងថា គាត់លក់ដាច់ក្រដាសសែន គោម និងសម្ភារៈតុបតែងក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ខណៈពិធីបុណ្យនេះនឹងមកដល់នៅថ្ងៃទី១៦ ខែកុម្ភៈស្អែកនេះ។ អ្នកស្រី អំពាវនាវទៅអ្នកសែក្នុងចូលឆ្នាំចិនទាំងអស់ប្រុងប្រយ័ត្ន នៅពេលដុតធូបសែនកុងម៉ា នៅក្នុងគេហដ្ឋាន ដោយថាជៀសវាងភ្លើងឆេះផ្ទះខ្លួនឯង និងអ្នកជិតខាង។
អ្នកស្រីអំពាវនាវថា៖ «ឲ្យប្រជាជនខ្មែរ ប្រជាជនចិន ប្រយ័ត្ន ភ្លើងធូប ការពារកុំឲ្យឆេះផ្ទះគេ គ្រប់គ្នា អស់អីវ៉ាន់ អស់លុយ…»។
ដោយឡែកប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត ដែលអះអាងថា មិនជាប់ខ្សែស្រឡាយចិន បានលើកឡើងប្រហាក់ប្រហែលគ្នាថា អ្នកខ្លះធ្វើបាយសម្លរ សែនកុងម៉ានៅផ្ទះ និងខ្លះទៀតមិនធ្វើនោះទេ ដោយថាមិនមែនពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ។
អង្គុយលក់គ្រឿងទេសម្តុំផ្សារអូឡាំពិច អ្នកស្រី អ៊ុច ណាវី ដែលអះអាងថា ជាជនជាតិខ្មែរនោះ ឲ្យដឹងថាគាត់និងគ្រួសារមិនសែនចូលឆ្នាំចិននោះទេ ដោយថាមិនមែនជាចូលឆ្នាំជាតិរបស់ខ្មែរ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា នៅថ្ងៃបុណ្យចូលឆ្នាំចិននេះ គាត់នៅតែលក់ដូរ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។
អ្នកស្រីនិយាយថា៖ «ខ្ញុំអត់សែនទេ ជាប់រកស៊ី លក់ ចិញ្ចឹមកូន [រកប្រាក់] ទ្រទ្រង់ជីវភាពគ្រួសារខ្ញុំ»។
សរុបមកវិញទាំងអ្នកមានសែស្រឡាយចិន និងអ្នកមិនជាប់ស្រែស្រឡាយ បានអំពាវនាវទៅអ្នកបើកបរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈនេះ ពោល «បើផឹក កុំបើកបរ បើបើកបរ កុំផឹក» ដោយថា ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អគ្គស្នងកានគរបាលជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានណែនាំដល់ប្រធាននាយកដ្ឋានកណ្ដាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងនូវវិធានការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម នៅតាម ទីអារ៉ាម ព្រះវិហារចិន និងរមណីយដ្ឋាន ត្រូវទប់ស្ដាត់ មិនឲ្យមានបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើង ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនចំនួន៣ថ្ងៃនេះផងដែរ។
ទាក់ទិននឹងជនជាតិចិននេះ ប្រធានសមាគមខ្មែរ ចិន នៅកម្ពុជា លោក ពុង ឃាវសែ កាលពីដើមខែកក្កដា បានថ្លែងក្នុងក្នុងកម្មវិធីមួយថា ប្រជាជនដែលមានសញ្ជាតិចិន បាននឹងកំពុងរកស៊ីនៅលើទឹកដីខ្មែរ មានរហូតដល់ ២០ម៉ឺននាក់ ខណៈប្រជាជនចិន និងអនិកជនចិនមកលេងនៅប្រទេសកម្ពុជា សរុបជាង ១លាននាក់ ក្នុងមួយឆ្នាំ។
កំនើនប្រជាជនចិនមករកស៊ីស្រុកខ្មែរនេះ លោក ពុង ឃាវសែ បញ្ជាក់ថា ដោយសារតែកម្ពុជាមានគោលនយោបាយអំណោយផល និងបើកចំហរលើកទឹកចិត្តវិនិយោគិន។ ទន្ទឹមនឹងនោះ វិនិយោគិនចិនបានវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ បានផ្ដល់ការងារដល់ប្រជាជនខ្មែរប្រមាណ ៦០ម៉ឺននាក់។
ជាមួយគ្នានោះរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងដែរថា លំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានៅឆ្នាំ២០១៦ មានចំនួនប្រមាណ ២ពាន់លានដុល្លារ ក្នុងនោះប្រទេសចិនត្រូវបានគេស្គាល់ថា ឈរលំដាប់លេខរៀងទី១ ជាប្រទេសដែលបានវិនិយោគផ្ទាល់មកកម្ពុជាច្រើនជាងគេ ខណៈដែលហុងកុងឈរក្នុងលំដាប់លេខរៀងទី២៕