សិស្សរៀននៅសាលារដ្ឋមួយប្រមាណ៩០ភាគរយ នៅរាជធានីភ្នំពេញ នាំគ្នាឈប់សំរាកនៅថ្ងៃនេះ ដោយសារចំពេលថ្ងៃបុណ្យចូលឆ្នាំចិន។
សាលារៀនទាំងនោះរួមមាន វិទ្យាល័យបឹងកេងកង វិទ្យាល័យបាក់ទូក ទួលស្វាយព្រៃ វិទ្យាល័យយុគន្ធ សាលាបឋមសិក្សាសន្ធរមុខ និងសាលាបឋមសិក្សាសំពៅមាសជាដើម។
សន្តិសុខដែលអះអាងថាយាមនៅច្រកទ្វាចូលសាលាបឋមសិក្សាសំពៅមាសជិត២០ឆ្នាំ លោក ណុប ពើទី បានរៀបរាប់ថា នៅឆ្នាំនេះ មិនខុសពីឆ្នាំមុនៗនោះទេ ដោយថាសិស្សប្រហែលជាង៩០ភាគរយបាននាំគ្នាឈប់សំរាកនៅថ្ងៃបុណ្យចូលឆ្នាំចិន។
លោករៀបរាប់ថា «ថ្ងៃ១៤ឈប់អស់ហើយ…ច្រើនតែមកកូនខ្មែរ មក១០ភាគរយ រាល់ឆ្នាំ ចូលឆ្នាំខ្មែរក៏ចឹងដែរ ឈប់តាំងពីពីរថ្ងៃមុន សុំច្បាប់ទៅស្រុកអស់…ចូលឆ្នាំចិនក៏ដូចចូលឆ្នាំខ្មែរ ខ្មែរនិងចិនដូចតែគ្នា»។
បើតាមប្រតិទិន ពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីចិនក្នុងឆ្នាំ២០១៨នេះ ត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈនេះ។
បុរសម្នាក់ឈរ លក់បាយ និងភេសជ្ជៈ នៅក្នុងវិទ្យាល័យមួយ ក្នុងចំណោមវិទ្យាល័យខាងលើ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដែរថា រាល់ឆ្នាំសិស្សតែងតែនាំគ្នាឈប់សំរាកនៅថ្ងៃបុណ្យចូលឆ្នាំចិនចំនួន៣ថ្ងៃ ដោយសារភាគច្រើន សិស្សទាំងនោះជាប់សែស្រឡាយចិន។ ប៉ុន្តែលោកថា ការឈប់សំរាកនេះ ធ្វើឲ្យប៉ះពាល់ដល់ការលក់ដូរ និងជីវភាពគ្រួសារមួយផ្នែក។
អ្នកលក់រូបនោះនិយាយថា «ប៉ះពាល់ជីវភាព ប៉ះពាល់ជីវភាពយើងដែរ សេដ្ឋកិច្ចគ្រួសារយើង…តែគ្រាន់តែយើងត្រូវត្រៀមចិត្តយើងថា យើងត្រូវតែជួបប្រទះហើយ»។
ហៀបឡើងជិះកង់ត្រឡប់ទៅផ្ទះវិញ សិស្សរៀនថ្នាក់ទី៨ នៅសាលាបឋមសិក្សាសន្ធរមុខ លោក ផលច័ន្ធ សុធារិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា សិស្សនៅក្នុងថ្នាក់របស់គាត់ប្រហែលជា៣០នាក់ ប៉ុន្តែនៅថ្ងៃបុណ្យចូលឆ្នាំចិននេះគាត់ថា មករៀនតែ៤នាក់ប៉ុណ្ណោះ។ ករណីនេះលោកថា គ្រូមិនបង្រៀននោះទេ ដោយប្រាប់ឲ្យសិស្សត្រឡប់ទៅផ្ទះវិញ។
សិស្សរូបនោះនិយាយថា «ថ្នាក់ខ្ញុំមកតែ៤នាក់ សិស្សទាំងអស់៣០នាក់ជាង គាត់[គ្រូ]ថា សិស្សតិចពេកមិនបាច់រៀនទេ ថ្ងៃនេះ ខ្ញុំចង់ឲ្យគ្រូមកបង្រៀន ទោះបីសិស្សតិចក៏ដោយ ដើម្បីចំណេះដឹង ឲ្យកូនសិស្សចេះ ដើម្បីត្រៀមប្រឡងឆមាស»។
យ៉ាងណាក៏ដោយ VOD មិនអាចសុំការបំភ្លឺ នាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានទេនៅថ្ងៃចន្ទនេះ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការឈប់សំរាករបស់លោក គ្រូ អ្នកគ្រូ និងសិស្សនៅថ្ងៃបុណ្យចូលឆ្នាំចិននេះ ក្លាយជាទម្លាប់រៀងរាល់ឆ្នាំទៅហើយ ដោយថាករណីនេះ ធ្វើឲ្យបរាជ័យលើកំណែទម្រង់វិស័យអប់រំរបស់រដ្ឋាភិបាល។
ទាក់ទិនបញ្ហានេះ លោក ឈុន ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវប្រាប់ទៅលោកគ្រូ អ្នកគ្រូ ធ្វើការអប់ រំសិស្សឲ្យស្គាល់ពីតម្លៃនៃការសិក្សា ទើបធ្វើឲ្យកំណែទម្រង់វិស័យអប់រំទទួលបានផលវិជ្ជមាន។
លោកផ្តល់ជាអនុសាសន៍ថា «ត្រូវតែនិយាយជាមួយកូនសិស្ស ឲ្យគាត់យល់អំពីតម្លៃនៃការសិក្សា ឲ្យគាត់យល់នូវអំពីតម្លៃវប្បធម៌ ប្រពៃណី យើងបញ្ជាក់ឲ្យគាត់បានយល់ច្បាស់អំពី ចូលឆ្នាំចិនយួន ថា មិនមែនជាប្រពៃណីរបស់ខ្មែរយើងនោះទេ ឲ្យគាត់យល់ច្បាស់ទៅ នៅពេលហ្នឹងហើយ ខ្ញុំគិតថាគាត់ ហើយខ្ញុំគិតថា គាត់មិនបោះបង់ការសិក្សាចោលទេ នៅថ្ងៃបុណ្យចូលឆ្នាំចិនយួននោះ»។
លើសពីនេះទៀត នៅតាមផ្លូវមួយចំនួនក៏មិនសូវមានការកកស្ទះ ដូចសព្វដងនោះទេ ខណៈផ្ទះរកស៊ីឯកជនធំៗខ្លះបានបិទទ្វា នៅចំថ្ងៃបុណ្យចូលឆ្នាំចិននេះផងដែរ។
គួរឲ្យកត់សំគាល់ ជារៀងរាល់ឆ្នាំ នៅពេលបុណ្យចូលឆ្នំាចិនចំនួន៣ថ្ងៃ សិស្សានុសិស្សនៅសាលាឯកជន និងសាលារដ្ឋមួយចំនួនតែងតែឈប់ ដោយពួកគេបន្ទោសគ្នាទៅវិញទៅមក ដោយគ្រូថា មិនមានសិស្សមករៀន តែសិស្សថាមិនមានគ្រូបង្រៀន។ ករណីនេះ ធ្វើឲ្យអ្នកឃ្លាំមើលវិស័យអប់រំ រិះគន់ថា ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស៕