តំណាងអ្នកភូមិមានជម្លោះដីធ្លីម្នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយនៅថ្ងៃនេះ ក្រោយឃុំខ្លួននៅស្នងការដ្ឋានអស់១យប់។
តំណាងអ្នកភូមិមានជម្លោះដីធ្លីម្នាក់គឺលោក សៅ បូរ៉ា ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការភ្លាមៗ កាលពីថ្ងៃទី១៤កុម្ភៈ ក្រោមការចោទថា បានប្រើហិង្សា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាក្នុងរឿងជម្លោះដីធ្លីកាល ខែមុន។
លោក សៅ បូរ៉ា ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបានដោះលែងគាត់ឲ្យមានសេរីភាពវិញហើយ ក្រោយសាកសួររួច និងឃុំខ្លួន នៅស្នងការនគរបាលខេត្តឧត្តរមានជ័យចំនួន១យប់។
លោកថា ថ្នូរនឹងការដោះលែងនេះ តុលាការបានដាក់លក្ខខណ្ឌមួយចំនួនឲ្យគាត់អនុត្តវត្តដូចជាមិនឲ្យចាកចេញពីភូមិដោយគ្មាន ការអនុញ្ញាតពីតុលាការ ត្រូវតម្កល់ប្រាក់នៅក្រៅឃុំ និងលក្ខខណ្ឌមួយចំនួនទៀត។
លោកបន្ថែមថា «គេឲ្យយើងតម្កល់ប្រាក់នៅក្រៅឃុំ មួយទៀតមិនត្រូវផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាត និងមួយទៀតត្រូវ ឆ្លើយតបនឹងកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ និងទី៤បើការគេចវេសជនត្រូវចោទត្រូវចាប់ខ្លួនឡើងវិញ»។
អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តឧត្តរមានជ័យលោក ហង់ ហ៊ីដ្រ្តា មានប្រសាសន៍ថា ករណីតុលាការ សម្រេចដោះលែងឲ្យ លោក សៅ បូរ៉ានៅក្រៅឃុំ ដោយសារតុលាការពិនិត្យថា មិនមានកំហុសធ្ងន់ធ្ងររហូតដល់ឃុំខ្លួន។
លោកបន្ថែមថា «ក្រោយពីចៅក្រមស៊ើបសួរគាត់ទទួលការស៊ើបសួរពីតំណាងអយ្យការមកពីទី១គាត់សួរចម្លើយ ទី២គាត់ធ្វើ កំណត់ហេតុក្នុងការបង្ហាញខ្លួនជាលើកដំបូង និងធ្វើកំណត់ហេតុដេញដោលមួយទៀត អញ្ចឹងនៅពេលគាត់យល់ឃើញថារឿង ហ្នឹងមិនអ្វីធ្ងន់ធ្ងរ គាត់អាចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមតុលាការវិញ»។
លោក សៅ បូរ៉ា ធ្លាប់អះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋ១២២គ្រួសាររស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង មានជម្លោះដីជា មួយអាជ្ញាធររយៈពេល១ឆ្នាំហើយ។
កាលពីថ្ងៃទី១៤មករាកន្លងទៅនេះ លោក សៅ បូរ៉ា និងប្រជាពលរដ្ឋ៥០នាក់បាននាំគ្នាតវ៉ាដោយរារាំងគ្រឿងរបស់អាជ្ញាធរមិន ឲ្យឈួសឆាយផ្លូវ ដោយថា ការឈួសឆាយធ្វើឲ្យប៉ះពាល់ដល់ដីធ្លីរបស់អ្នកភូមិ។ ក្រោយតវ៉ានេះ១ខែសមត្ថកិច្ចបានចាប់ខ្លួន លោក សៅ បូរ៉ា ដោយថា បានប្រើហិង្សា និងធ្វើឲ្យខូលខាតទ្រព្យសម្បត្តិដោយចេតនា៕