លោក ស ខេង ណែនាំមន្ត្រីឲ្យពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ

សន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមេរៀន​បទពិ​សោធន៍​ បញ្ហា​ប្រឈម រួមទាំងចក្ខុវិស័យទៅអនាគត» នាព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ (ណាត សុភាព)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែនាំមន្ត្រីក្រោមបង្គាប់នៅតាមស្ថាប័ននានាឲ្យពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ។​

លោក ស ខេង បានថ្លែងបែបនេះ នៅចំពោះមុខមន្ត្រីរ​ដ្ឋបាល​ថ្នាក់ជាតិនិងថ្នាក់​ក្រោម​ជាតិ ប្រមាណ​ជាង​២៧​០០នាក់ ក្នុងសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមេរៀន​បទពិ​សោធន៍​ បញ្ហា​ប្រឈម រួមទាំងចក្ខុវិស័យទៅអនាគត» នាព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈនេះ។

លោកថ្លែងដូច​នេះ​ថា «ក្នុង​នាមរដ្ឋាភិបាល និងក្នុងនាម គ.ជ.អ.ប ខ្ញុំសូមជំរុញលើកទឹកចិត្តក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រើប្រាស់កាឡានុវន្តភាព​ទាំងនេះ រួមគ្នា​ដោះស្រាយបញ្ហាប្រឈម​នានា​ ដើម្បីបង្កើនតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋ​កិច្ចមូលដ្ឋាន​ និងបន្តអនុវត្តកម្មវិធី និងគម្រោងនានា ដើម្បី​បង្ហាញឲ្យឃើញពីផលប្រយោជន៍ជាក់ស្តែង ជូនប្រជាពលរដ្ឋ​​»។

ស្ថាប័នទាំងនោះរួមមាន ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ អគ្គនាយកនៃអគ្គនា​យក​ដ្ឋាន​​​​ពាក់ព័ន្ធ​នានារបស់ក្រសួង ស្ថាប័ន ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត និងតំណាង​ស្ថានទូត ដៃ​គូ​អភិវឌ្ឍន៍ រួមទាំងអង្គការសង្គមស៊ីវិល​ពាក់ព័ន្ធនានា​ជាដើម។

បើតាមការកំណត់និយមន័យទូទៅ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ មានន័យថា រដ្ឋាភិបាល ត្រូវប្រគល់​មុ​ខងារនិ​ងសិទ្ធិអំណាច ទៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើសកម្មភាពឲ្យបានរហ័សឆ្លើយតបទៅនិងតម្រូវការរបស់ពលរដ្ឋមូលដ្ឋាន។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ឲ្យដឹងថា ជិត២ទស្សវត្សរ៍​កន្លងមក​នេះ រដ្ឋាភិ​​​បា​ល​បាន​ផ្ទេរ​ថវិកា​​ជាង​២០ ០០លានដុល្លារ ទៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារ​ផ្តល់​​សេវា​សាធារណៈ​​​ និង​អភិវឌ្ឍ​​មូលដ្ឋានរួមមាន ធ្វើផ្លូវ ប្រឡាយ លូទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បង្គន់ ស្ពាន​ សាលា​រៀន មន្ទីរពេទ្យ និងអគារសុខាភិបាល ជាដើម​​។​​

សេចក្តីប្រកាសដដែលបញ្ជាក់ថា កំណែទម្រង់​នេះ មានការអភិវឌ្ឍទៅមុខ​ជាលំដាប់ ស្របតាម​ដំណាក់​កាល​នីមួយៗ ហើយ​កំពុង​ឈានដល់​ដំណាក់កាល​ស៊ីជម្រៅ​ និងកាន់តែសាំញាំ​ទាំងក្នុងកិច្ចការ​នយោ​បាយ និង​ផ្នែកបច្ចេកទេស ដែលទាមទារ​ឲ្យបន្តពង្រឹង​ការប្តេជ្ញា​ចិត្តខាងនយោបាយក្នុង​រាជរដ្ឋា​ភិបាល​​ទាំងមូល ដោយ​ថា​ដើម្បីធានាឲ្យប្រព័ន្ធ​គ្រប់​គ្រងរដ្ឋបាល​ថ្នាក់ក្រោមជាតិ​កាន់តែមានប្រ​សិទ្ធភាព។

ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក សក់​ សេដ្ឋា បានថ្លែងនៅក្នុង​សន្និសីទនោះដែរថា ការអនុវត្ត​របស់មន្ត្រីថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈនៅតែជួបបញ្ហាប្រឈម ​ក្នុងការបែងចែកមុខងារនៅ​តាមឃុំ សង្កាត់ ខេត្ត ការអនុវត្តសិទ្ធិអំណាច ការមិនចុះសម្រុងគ្នាពេលអនុវត្តការងារ ការធ្វើលិខិត​បទ​ដ្ឋាន​​នានារៀប​ចំមិនស្រប​តាមប្រព័ន្ធវិមជ្ឈការ និងការចុះធ្វើអធិការកិច្ចជាដើម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ហាក់មិនមានជំនឿ ​លើ​វិធាន​ការ​របស់​រដ្ឋាភិបាលក្នុងការជំរុញឲ្យ​មន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ​មាន​​​​ប្រសិទ្ធិ​ភាពលឿន​នោះទេ​​ ដោយលោកថា​ ដំណើរវិមជ្ឈការ ហាក់​នៅទើរ​ពាក់កណ្តាលទី បន្ទាប់​ពី​អតីត​​បក្សសង្គ្រោះ​ជាតិត្រូវបាន​រំលាយចោល​កាល​ពី​​ពា​ក់​កណ្តាល​ ខែវិច្ឆិកា ឆ្នាំ​មុន ហើយអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំង៥០០០​ជាង ត្រូវបាន​ គ.ជ.ប ដកហូតយក បែងចែក​ឲ្យប​ក្ស​នយោបាយផ្សេងៗជាដើម​។

លោកថា «ដំណើរវិមជ្ឈការហាក់បានទើនៅកណ្តាលទី ដោយតែតំណាងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវ​បាន​គេដកហូតកៅអី​ ក្រោយពេលដែលអតីតមន្ត្រីបក្សសង្គ្រោះជាតិ​ត្រូវ​បានរំលាយដោយតុលាការ កំពូល​ ខ្ញុំមើលឃើញថា​ ឧបសគ្គធំមួយគឺទិដ្ឋភាពនយោបាយ​នៅកម្ពុជាដែលនាំឲ្យ​ខាតបង់ ឬក៏ខូចខាត​សម្រាប់​​​ប្រយោជន៍វិមជ្ឈការនៅកម្ពុជាដែរ​»។

លោក សន ជ័យ ផ្តល់អនុសាសន៍ថា ដើម្បីជំរុញយន្តការអភិវឌ្ឍន៍បែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយនិងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងរៀបចំគោលនយោបាយច្បាស់លាស់ ដែលមានការចូលរួមពីមន្ត្រី ថ្នាក់មូលដ្ឋាន ហើយត្រូវដាក់ទោសទណ្ឌ ទៅលើមន្ត្រីទាំងឡាយណា ដែលយឺតយ៉ាវនៅក្នុងការផ្ទេរភារកិច្ចរបស់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ