អង្គការអន្តរជាតិធ្វើការផ្តោតលើអំពើពុករលួយ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើកំណែទម្រង់ប្រព័ន្ធអាទិភាពមួយចំនួន រួមទាំងតុលាការ ខណៈខ្លួនរកឃើញថា អំពើពុករលួយនៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរជាងប្រទេសជាសមាជិកអាស៊ាន។
លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ដែលមានការិយាល័យនៅប្រទេសអាល្លឺម៉ង់ បានចេញផ្សាយសន្ទស្សន៍ប្រចាំឆ្នាំ វាយតម្លៃអំពើពុករលួយលើប្រទេស១៨០លើពិភពលោក ក្នុងនោះមានទាំងកម្ពុជាផងដែរ។
តាមការវាយតម្លៃ ៤ឆ្នាំជាប់ៗគ្នាមកនេះ កម្ពុជាមិនបានពិន្ទុកើនឡើងទេ ពោលគឺនៅតែរក្សាបានចំណាត់ថ្នាក់ជាប្រទេសមានអំពើពុករលួយខ្ពស់ជាងប្រទេសដទៃទៀតនៅនៅតំបន់អាស៊ាន ។
អង្គការនេះ បានដាក់ពិន្ទុចំណាត់ថ្នាក់ ដោយយកមាត្រដ្ឋានលេខសូន្យដាក់ពិន្ទុកថា មានអំពើពុករលួយខ្លាំង រហូត ១០០ពន្ទុ ស្អាតស្អំខ្លាំង។
បើតាមការវាយតម្លៃ កម្ពុជាទទួលបាន ២១ពិន្ទុ ឡាវ ២៩ពិន្ទុ វៀតណាម ៣៥ពិន្ទុ ថៃ ៣៧ពិន្ទុ និងប្រទេសមួយចំនួនទៀតមានពិន្ទុខ្ពស់ជាងកម្ពុជា។
អង្គការនេះ រកឃើញទៀតថា ការដែលកម្ពុជា មានចំណាត់ថ្នាក់អំពើពុករលួយខ្ពស់បែបនេះ ដោយថា ការធ្វើកំណែទម្រង់ជាច្រើនពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយដែលត្រូវបានលើកឡើងដោយអ្នកជំនាញផ្នែកអភិបាលកិច្ច អ្នកជំនាញប្រយុទ្ធប្រឆាំងអំពើពុករលួយមិនត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
មួយវិញទៀតអង្គការតម្លាភាពអន្តរជាតិថា ការកាត់បន្ថយអំពើពុករលួយក្នុងវិស័យយុត្តិធម៌ និងការទទួលបានការលើកកម្ពស់សិទ្ធិយុត្តិធម៌ នៅតែជាបញ្ហាមួយ ដែលត្រូវការវិធានការឆ្លើយតបជាបន្ទាន់ផងដែរ។
សេចក្តីថ្លែងការណ៍នេះ បានដកស្រង់សម្តីនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មកចុះផ្សាយថា៖ «រដ្ឋាភិបាលកម្ពុជា គួអនុវត្ត កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្ម របស់សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសមាគមន៍ ក្នុងការបង្កាប្រយុទ្ធប្រឆាំង អំពើពុករលួយ និងលើកកម្ពស់ការយល់ដឹង របស់សាធារណជន ទៅលើអត្ថិភាពមូលហេតុ ភាពធ្ងន់ធ្ងរ និងការគំរាមកំហែងនានា ដែលបង្កឡើងដោយអំពើពុករលួយ ដូចមានចែងក្នុងមាត្រា១៣នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន»។
VOD មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានទេនៅថ្ងៃនេះ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល ខណៈអនុប្រធានលោក ឃាង សេង សុំមិនធ្វើអត្ថាធិប្បាយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានច្រានចោលរបាយការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិនេះ ដោយលោកថា លទ្ធផលវាយតម្លៃ ហាក់ខុសពីលទ្ធផលដែលរដ្ឋាភិបាលទទួលបានពីការធ្វើកំណែទម្រង់ ។
លោកថា៖ «បញ្ហាអំពើពុករលួយយើងបានធ្វើជាបន្តបន្ទាប់ ហើយលទ្ធផលយើងបានឃើញទាំងអស់គ្នាហើយ កំពុងតែស្ថិតក្នុងលទ្ធផលមួយដែលល្អ កំពុងតែដើរទៅមុខហើយ។ ប៉ុន្តែជាក់ស្តែងយើងឃើញរបាយការណ៍ របស់អង្គការមួយចំនួនគ្មានតម្លាភាពហ្នឹង គឺនៅតែចេញមកជាបន្តបន្ទាប់ ដែលធ្វើឲ្យយើងទាំងអស់គ្នាលែងមានការភ្ញាក់ផ្អើលអីហើយ ចំពោះរបាយការណ៍បែបនេះ»។
ទោះជាយ៉ាងណា អង្គកាតម្លាភាពអន្តរជាតិ បានវាយតម្លៃដែរថា នៅឆ្នាំនេះ លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរកឃើញថា ប្រទេសចំនួនជាង ២ភាគ៣ ទទួលបានពិន្ទុតិចជាង ៥០ ដែលមានពិន្ទុជាមធ្យម ៤៣ ហើយថា ៦ឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើននៅតែមានការប្រែប្រួលជាវិជ្ជមានតិចតួចឬមិនមានការប្រែប្រួលសោះ។
អង្គការនេះបានកត់សម្គាល់ថា ប្រទេសដែលទទួលបានចំណាត់ថ្នាក់អំពើពុករលួយកាន់តែធ្ងន់ធ្ងរ ការដឹកនាំរបស់រដ្ឋាភិបាលហាក់មានទំនោរ ក្នុងការគំរាមកំហែងទៅលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំង៕