អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មនុស្សដល់ទៅជាង ២៦០០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសនៅអំឡុងពេល ២ខែដើមឆ្នាំនេះ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោក មាស វិរិទ្ធិ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា បទល្មើសគ្រឿងញៀន ១២៤៥ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបានចាប់ពីដើមខែមករា ដល់ចុងខែកុម្ភៈកន្លងមកនេះ នៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សដល់ទៅ ២៦១៩នាក់ ក្នុងនោះមានទាំងស្ត្រី ២២៧នាក់ និងជនបរទេស ២៩នាក់ផងដែរ។
គេហទំព័រនគរបាលជាតិ បានរាយការណ៍ថា បទល្មើសគ្រឿងញៀនដល់ទៅ ៨ ០៩៤ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សដល់ទៅ ១៧ ៧៤៧នាក់ ក្នុងនោះមានស្ត្រី ១ ៥៦៨នាក់ កាលពីឆ្នាំមុន និងបានកើនឡើងជិត ២ដង បើធៀបនឹងតួលេខនៅឆ្នាំ២០១៦កន្លងមក។
បើតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ៨ ៧០០នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាចំនួន ៧ ដែលគ្រប់គ្រងដោយរដ្ឋ ដោយបានកើនឡើងពីចំនួន ៣៤០០នាក់ បើធៀបទៅនឹងឆ្នាំ ២០១៦។
បញ្ហាគ្រឿងញៀន ត្រូវបានរកឃើញនៅក្នុងការស្ទង់មតិមួយកាលពីឆ្នាំ២០១៦ថា ជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕