វ័យ៦៩ឆ្នាំ អង្គុយក្នុងផ្ទះម្តុំផ្សារដេប៉ូរាជធានីភ្នំពេញអ្នកស្រី ស៊ី ហៀប ត្រូវជាម្តាយបង្កើតរបស់សកម្មជនការពារដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី បានរៀបរាប់ថា គាត់កំពុងមានជំងឺប្រចាំកាយ ចំណែក ផ្លូវចិត្ត ក៏មានបញ្ហា ដោយសារកូនស្រីជាទីពឹងបានជាប់ពន្ធនាគារជាង១ឆ្នាំ៧ខែហើយ។
ស្ត្រីវ័យចំណាស់រូបនោះ បានឲ្យដឹងទៀតថា ច្រើនឆ្នាំកន្លងមកនេះ កូនស្រីគាត់បានចេញមុខតស៊ូមតិយ៉ាងសកម្ម ដើម្បីជួយការពារដីធ្លីជូនប្រជាពលរដ្ឋដែលរងការបណ្តេញចេញនៅតំបន់បឹងកក់។ អ្នកស្រីថា កូនស្រីរបស់គាត់ហ៊ានប្រឈមគ្រោះថ្នាក់ លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារប្រយោជន៍ឲ្យពលរដ្ឋនៅតំបន់បឹងកក់។ ស្រ្តីចំណាស់នេះ រំឭកទៀតថា កូនស្រីរបស់គាត់បានលែងលះជាមួយក្តីដោយសារ តែមិនសូវបានរស់នៅជួបជុំគ្រួសារ។
បន្ទាប់ពីលែងលះគ្នា អ្នកស្រី ទេព វន្នី បានបន្សល់ទុកកូនពីរនាក់ គឺកញ្ញា អ៊ូ គង់បញ្ញា មានជំងឺប្រចាំកាយ និងកុមារ៉ា អ៊ូ គង់នាគរាជ្យ ដែលបច្ចុប្បន្ននេះ ត្រូវបានឪពុកបង្កើតយកទៅចិញ្ចឹម ខណៈម្តាយអ្នកស្រី វន្នី មិនមានលទ្ធភាពចិញ្ចឹមចៅៗ។
កំពុងរៀបរាប់ពីទុក្ខលំបាក ភ្នែករបស់អ្នកស្រី ហៀប រលីងរលោងហើយនិយាយថា ប្រហែលជា២ឆ្នាំមុន គ្រួសារគាត់ធ្លាប់តែជួបជុំគ្រួសារសប្បាយរីករាយ ជាពិសេសនៅថ្ងៃ៨មីនា ដែលជាថ្ងៃទិវាសិទ្ធិនារី។ ប៉ុន្តែស្នាមញញឹមកាលពីពីរឆ្នាំមុនមិនមានទៀតទេ សម្រាប់គ្រួសារមួយនេះ គឺសល់តែភាពអាប់អួរ ងងឹតរកមើលថ្ងៃអនាគតមិនឃើញ។
អ្វីដែលគួឲ្យកត់សំគាល់ស្ត្រីរូបនោះ ឲ្យដឹងទៀតថា ចៅៗរបស់គាត់តែងតែសួររកម្តាយនៅពេលដែលគាត់នាំទៅពេទ្យព្យាបាលជំងឺយ៉ាងហោចណាស់៤ដងក្នុងមួយខែ។ករណីនេះ អ្នកស្រី បង្ហាញការសោកស្តាយ ដោយឮចៅៗសួររកម្តាយបែបនេះ ខណៈអ្នកស្រីថា កូនគាត់ជាប់ពន្ធនាគារទាំងអយុត្តិ។
អ្នកស្រីនិយាយថា «គេចោទកូនខ្ញុំថា បានវៃសន្តិសុខបែកក្បាលម្នាក់ សន្លប់ម្នាក់ កូនខ្ញុំអត់បានវាយទេអត់បានធ្វើដូចការចោទប្រកាន់ទេ អយុត្តិធម៌លើកូនខ្ញុំខ្លាំងណាស់»។
លើសពីនេះទៀត អ្នកស្រី ហៀប បញ្ជាក់ថា បើអាជ្ញាធរមិនដោះលែងកូនស្រីគាត់ឲ្យមានសេរីភាពវិញទេ គាត់ថា ព្រួយបារម្ភពីសុខភាពខ្លួនឯង សុខភាពចៅ និងកូនស្រីនៅក្នុងពន្ធនាគារ ដោយថា អ្នកស្រី ទេព វន្នី ក៏មានជំងឺស្រ្តេស ឬជំងឺផ្លូវចិត្ត ថប់ៗ អស់កម្លាំងផងដែរ។
ទាក់ទិនករណីនេះ អ្នកស្រី ហៀប បានអំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍ដោះលែង កូនរបស់គាត់ឲ្យមានសេរីភាពវិញ ដោយថាដើម្បីបានជួបជុំគ្រួសារ ខណៈដីធ្លីតំបន់បឹងកក់ត្រូវបានសាលារាជធានីភ្នំពេញ ដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះជិតអស់ហើយ។
អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេលស្ត្រីរូបនោះចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គ.ជ.ប រួមទាំងជំរុញឲ្យរដ្ឋាភិបាលវែកមុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។
ប៉ុន្តែនៅថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿងចាស់កាលពីឆ្នាំ២០១៣ មកចោទប្រកាន់អ្នកស្រី ទេព វន្នី ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំកន្លះ(៣០ខែ)ពិន័យប្រាក់៥លានរៀល និងបង្កាប់ឲ្យបង់ទៅដើមបណ្តឹងជាសន្តិខណ្ឌដូនពេញចំនួន៩លានរៀល។
ក្រោយមកនៅដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ តុលាការកំពូល សម្រេចរក្សាបទចោទលើសកម្មជនដីធ្លីរូបនោះ ពីបទប្រើអំពើហិង្សាលើសន្តិសុខខណ្ឌដូនពេញដោយចេតនា និងមានស្ថានទម្ងន់ទោសដដែល។
រាល់ពេលធ្វើដំណើរដល់តុលាការ អ្នកស្រី ទេព វន្នី តែងថ្លែងថា រូបគាត់មិនបានវាយលើសមត្ថកិច្ចនោះទេ គឺថា រូបគាត់ និងសកម្មជនផ្សេងទៀតជាអ្នករងគ្រោះ រងការវាយដំពីសមត្ថកិច្ចទៅវិញ។
ងាកអ្នកស្រី ហៀប ក្រៅពីជំងឺប្រចាំកាយផ្សេងៗ បញ្ហាភ្នែករបស់គាត់កាន់តែធ្វើទុក្ខខ្លាំងពីមួយថ្ងៃទៅមួយ ត្រូវទៅជួបគ្រូពេទ្យជាប្រចាំ។ បច្ចុប្បន្នអ្នកស្រីរស់នៅជាមួយកូនស្រីម្នាក់ទៀត បងអ្នកស្រីទេព វន្នីដែលមានជីវភាពមិនសូវជាធូរធាប៉ុន្មានទេ។
សុខភាពកាន់តែចុះខ្សោយ ជំងឺផ្សេងៗកាន់តែរោមរឹត ភ្នែកមើលថយចុះពីមួយថ្ងៃទៅមួយថ្ងៃ មិនដឹងថា អាចសំឡឹងមើលពិភពលោកបានរយៈពេលប៉ុន្មានទៀតទេ។
ផ្ទុយពីសុខភាពកាន់តែចុះខ្សោយប៉ុន្តែអ្នកស្រីហៀបថា ក្តីបារម្ភរបស់គាត់កើនឡើងទ្វេរពីមួយថ្ងៃទៅមួយ ពេលខ្លះត្រូវសម្រក់ទឹកភ្នែកម្នាក់ឯង មិនដឹងរៀបរាប់ទុក្ខលំបាកប្រាប់អ្នកណា ដោយអារម្មណ៍ជួនកាលនៅក្នុងពន្ធនាការជាមួយកូនស្រី ជួនកាលនៅក្នុងមន្ទីរពេទ្យជាមួយចៅៗ៕