នគរបាលជាតិ បានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទអតីតមេបក្សប្រឆាំងរូបនេះថា «ក្បត់ជាតិ»។
កាលពីព្រឹកម្សិលមិញ ក្នុងពិធីសម្ពោធស្ពាននៅឯខេត្តកំពង់ចាម លោក ហ៊ុន សែន បញ្ជាផ្ទាល់មាត់ទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ឲ្យបន្តស៊ើបអង្កេតលើលោក សម រង្ស៊ី ដោយលោកចោទអតីតមេបក្សប្រឆាំងរូបនេះថា បានចុះហត្ថលេខាជាមួយលោក កុក ស និងសន្យាកាត់ខេត្តខ្មែរចំនួន ៤ ទៅឲ្យវៀតណា ប្រសិនបើបក្សប្រឆាំងឈ្នះការបោះឆ្នោតឈានទៅរៀបចំរដ្ឋាភិបាល។
លោកថា៖«កាត់ដីឲ្យគេ ៤ខេត្ត រឿងនេះមិនតូចទេ។ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះស្រាវជ្រាវលលើសំណុំរឿងក្បត់ជាតិមួយថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ១តឹក ១ផឹង នៅចរចានៅហ្នឹង ទាំងជាមួយថៃ ជាមួយវៀតណាម ជាមួយឡាវ នៅចរចានៅហ្នឹង ឯគេកាត់យ៉ាងស្រួល ៤ខេត្ត។ ទៅរកឃើញមុខហើយ អ្នកឯងចោទ ឥឡូវផុតពីចោទ ក្បត់ជាតិខ្លួនឯងរហូត»។
តែប៉ុន្មានម៉ោងក្រោយបញ្ជាផ្ទាល់មាត់បែបនេះ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងលោក សម រង្ស៊ី កាលពីរសៀលម៉ោង ៣ថ្ងៃម្សិលមិញនេះ។
ក្នុងពាក្យបណ្ដឹងនោះ នគរបាលជាតិ រៀបរាប់ថា៖ «សំណើសុំបញ្ជូនសំណុំរឿង ០១ករណី ស្ដីពីអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឲ្យជនបរទេស រវាងឈ្មោះ សម រង្ស៊ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា»។
ពាក្យបណ្តឹងដដែលក៏បានយោងទៅលើឯកសារមួយចំនួនទៀតដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គម រួមទាំងវីដេអូឃ្លីបនៅប្រព័ន្ធ YouTube ដែលបង្ហាញលោក សម រង្ស៊ី និយាយជាភាសារបរទេសអំឡុងកិច្ចប្រជុំនាពេលនោះ។
ប៉ុន្តែ លោក សម រង្ស៊ី បានបដិសេធការចោទប្រកាន់នេះនៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី០៨ ខែមីនា ដោយហៅការចោទប្រកាន់នោះថា ខុសពីការពិត និងបានថ្លែងវាយបកវិញថា អ្នកដែលកាត់ទឹកដីឲ្យទៅវៀតណាម គឺគណបក្សកំពុងគ្រងអំណាច។
លោកថា៖ «អ្នកដែលកាត់ទឹកដីប្រទេសកម្ពុជាឲ្យទៅយួនហ្នឹង តាមសន្ធិសញ្ញាព្រំដែន១៩៧៩ ១៩៨២ ១៩៨៥ តើអ្នកណាដែលចុះហត្ថលេខាកាត់ទឹកដីខ្មែរឲ្យទៅយួន យើងបាត់បង់កោះត្រល់ ដែលធ្វើឲ្យយើងខូចខាតផលប្រយោជន៍ជាតិយ៉ាងសន្ធឹកសន្ធាប់អ្នកហ្នឹងហើយដែលជាជនក្បត់ជាតិ អ្នកហ្នឹងហើយដែលកំពុងកាន់អំណាចសព្វថ្ងៃ»។
យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី យល់ថា បើអ្នកនយោបាយខ្មែរ នៅតែបោះដុំភ្លើងដាក់គ្នាដូចបច្ចុប្បន្ន លោកថា សញ្ញាណនៃការបែកបាក់ជាតិកាន់តែខិតជិតមកដល់ ហើយថា អ្នកដែលចំណេញពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា គឺប្រទេសជិតខាងមាន វៀតណាម និងថៃ ជាដើម៕