តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីចោទលោក ហ៊ុន សែន ថា នៅពីក្រោយឃាតកម្មលើអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពលោកបណ្ឌិត កែម ឡី។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ៨ខែ ពិន័យជាប្រាក់ ១០លានរៀល និងឲ្យសងសំណងជំងឺចិត្តទៅលោក ហ៊ុន សែន ចំនួន ១០០រៀល ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យបង្កអសន្តិសុខដល់សង្គម ករណីដែលអតីតប្រធានបក្សប្រឆាំងរូបនេះចោទថា លោក ហ៊ុន សែន នៅពីក្រោយឃាតកម្មអ្នកវិភាគនយោបាយ លោក កែម ឡី។
ដោយមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី បានប្ដឹងជំនាស់មកតុលាការកំពូល ប៉ុន្តែ ថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
ទោះជាយ៉ាង មនុស្ស ៣នាក់ហើយ ក្នុងនោះមានទាំងអតីតសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង អ្នកស្រី ថាក់ ឡានី និងអ្នកវិភាគនយោបាយលោក គឹម សុខា ត្រូវរដ្ឋាភិបាលប្តឹងពាក់ព័ន្ធនឹងការលើកឡើងរបស់ពួកគេដែលចោទរដ្ឋាភិបាលថា នៅពីក្រោយការសម្លាប់លោក កែម ឡី៕