លោក យឹង យន មានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ រស់នៅជាមួយឪពុកម្ដាយ និងមានបងប្អូន៧នាក់ ក្នុងគ្រួសារកសិករ។ លោកចូលចិត្តផ្នែកសិល្បៈតាំងពីកុមារភាព ហើយនៅពេលទំនេរពីការសិក្សា លោកតែងតែស្ដាប់បទមច្រៀងរបស់លោក កែវ សារ៉ាត់ លោក ស៊ិន ស៊ីសាមុត និងសិល្បកររាមច្បងជាច្រើនទៀត។
ដោយសារការស្រឡាញ់សិល្បៈ ជាពិសេសវិស័យចម្រៀងបែបនេះ លោក យឹង យន បានចូលរៀនវគ្គបណ្ដុះបណ្ដាលនៅតាមសាលាសិល្បៈមួយចំនួន ចាប់តាំងពីដល់ឆ្នាំ២០០១ រហូតបានបង្កើតស្នាដៃនិពន្ធបទច្រៀងថ្មីៗជាច្រើន។
[Quote]
នៅឆ្នាំ២០១៣ លោក យឹង យន ទទួលបានអាហារូបករណ៍ទៅចូលរួមកម្មវិធីផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ One Beat ក្រោមការឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិក ហើយក្រោយពីចូលរួមក្នុងកម្មវិធីនោះ លោកបានស្នាក់នៅក្នុងរដ្ឋមួយ នៃទឹកដីសហអាមេរិក ហើយបាននិពន្ធចម្រៀងបានចំនួន២បទ។ បន្ទាប់មក នៅឆ្នាំចន្លោះឆ្នាំ២០១៥ -២០១៦ លោកបាននិពន្ធបទចម្រៀងបន្ថែមទៀត។
ក្រោយពីបាននិពន្ធចម្រៀងជាច្រើននេះ នៅថ្ងៃទី១៧ខែមីនា លោកក៏បានរៀបចំការប្រគុំតន្ត្រីមួយ ដើម្បីបង្ហាញស្នាដៃទាំនោះ ជូនពលរដ្ឋស្តាប់និងទស្សនា ក្នុងខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់លោក ក្រោមការឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិក។
[Quote2]
លោក យឹង យន ឲ្យដឹងទៀតថា មូលហេតុ ដែលជំរុញឲ្យលោកនិពន្ធបទចម្រៀងពីទិដ្ឋភាពនៅសហរដ្ឋអាមេរិកនេះ ដោយសារ លោកចង់ប្រាប់ទៅប្រជាពលរដ្ឋខ្មែរ ឲ្យដឹងពីការរីកចម្រើននៅក្នុងទីក្រុង និងរដ្ឋនានានៃសហរដ្ឋអាមេរិក តាមរយៈការស្ដាប់បទចម្រៀង ទោះបីជាពួកគាត់មិនបានទៅឃើញផ្ទាល់ក៏ដោយ។
[Quote3]
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt ដែលបានទៅចូលរួមក្នុងពិធីការប្រគុំតន្ត្រីនោះ ថ្លែថា ស្នាដៃសិល្បរបស់លោក យឹង យន តាមរយៈការច្រៀងរៀបរាប់ទិដ្ឋភាពសហរដ្ឋអាមេរិកនេះ ក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិកផងដែរ។
[Quote4]
ពលរដ្ឋម្នាក់ អ្នកស្រី គីង ធីតា ដែលទៅមើលការប្រគុំតន្ត្រីនោះ លើកឡើងថា ការនិពន្ធបទចម្រៀងដែលបានរៀបរាប់ពីទេសភាពនៅក្រៅប្រទេសមកប្រាប់ពួកគាត់នេះ ជារឿងល្អ។ ស្ត្រីរូបនេះនិយាយថា ថ្វីបើពួកគាត់មិន ទៅដល់សហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែពួកគាត់ក៏អាចដឹងពីទិដ្ឋភាពនៅទីនោះខ្លះដែរ។
[Quote5]
អ្នកស្រី មានប្រសាសន៍បន្តថា ការច្រៀងរៀបរាប់ពីទេសភាព និងការរីចម្រើននៅសហរដ្ឋអាមេរិកមកប្រាប់ពួកគាត់ វាជាការជំរុញមួយទៅយុវជនក្មេងៗ ដែលបានស្ដាប់ចម្រៀងនេះ ធ្វើឲ្យពួកគេចង់ទៅសិក្សា និងចង់ទៅឃើញផ្ទាល់នៅទីនោះ ហើយចម្រៀងនេះ វាជាការបង្កើនឲ្យទំនាក់ទងរវាងប្រជាជន ប្រទេសទាំងពីរឲ្យកាន់តែល្អ។ ស្រ្តីរូបនេះ ចង់ឃើញ ការប្រគុំតន្ត្រីបែបនេះ កើតមាននៅតាមខេត្តផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមខេត្តបានដឹង។
បើតាមប្រវត្តិសាស្ត្រ កម្ពុជាមានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៥០មកម្ល៉េះ។ នៅចន្លោះឆ្នាំ១៩៥៥ និងឆ្នាំ១៩៦៣ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយដល់កម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជិត ៤១០លានដុល្លារ និងជួយវិស័យកងទ័ពជាង ៨៣លានដុល្លារ ដែលជំនួយទាំងនេះផ្ដល់សម្រាប់ស្ដារប្រទេសកម្ពុជាឡើងវិញ ក្រោយពីសង្គ្រាមត្រជាក់ និងទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។ ក្នុងនោះ សហរដ្ឋអាមេរិក ក៏បានជួយលើកកម្ពស់ខាងផ្នែកវប្បធម៌ សន្តិសុខ និងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួនផងដែរ។
ទោះជាយ៉ាងណា លោក យឹង យន និយាយថា ទោះបីទំនាក់បច្ចុប្បន្នកម្ពុជានិងអាមេរិកហាក់មានភាពល្អក់កកជាងមុនបន្តិច ប៉ុន្តែលោកជឿថា បទចម្រៀង ដែលលោកនិពន្ធជាច្រើនស្តីពីទិដ្ឋភាពនៅអាមេរិកនោះ ក៏ជាមូលដ្ឋានក្នុងការកសាងទំនាក់ទំនងល្អ រវាងប្រជាជនកម្ពុជានិងប្រជាជនសហរដ្ឋអាមេរិកឡើងវិញ៕