សាច់ញាតិជនរងគ្រោះក្នុងព្រឹត្តិការវាយប្រហារដោយគ្រាប់បែកដៃកាលពីជាង២០ឆ្នាំមុន នៅទីតាំងរដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង បានឲ្យដឹងថា ពួកគេមិនមានជំនឿលើរដ្ឋាភិបាលស្វែងរកឃាតករមកផ្តន្ទាទោសនោះទេ ដោយថាបើមិនផ្លាស់ប្តូរមេដឹកនាំថ្មី។
អ្នកស្រី លី ណារី ត្រូវជាម្តាយបង្កើតអ្នកស្លាប់លោក ចេត ឌួងដារ៉ាវុធ បានរៀបរាប់ក្រោយពីបញ្ចប់ពិធីបង្សុកូលនៅមុខស្តូបក្បែរព្រះបរមរាជវាំង នាព្រឹកថ្ងៃនេះថា ២១ឆ្នាំកន្លងទៅនេះធ្វើឲ្យគាត់នៅតែនឹកកូន ដែលស្លាប់ក្នុងព្រឹត្តិការវាយប្រហារដោយគ្រាប់បែកដៃ កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧។
ស្ត្រីរូបនោះ បន្តថា គាត់មិនមានជំនឿថារដ្ឋាភិបាលនឹងស្វែងរកឃាតករមកផ្តន្ទាទោសបាននោះទេ ដរាបណាមិនមានការផ្លាស់ប្តូរមេដឹកនាំថ្មី។
អ្នកស្រីថ្លែងថា៖ «ដ៏ប្តូររបបដឹកនាំ កុំឲ្យនៅចឹង ទៅមិនរួចទេ មិនអាចទេ យុត្តិធម៌មិនមានទេ បើដូរទៅអាចមាន ចាប់ឃាតករមកផ្តន្ទាទោសទៅអាចធ្វើឲ្យខ្ញុំសះស្បើយក្នុងចិត្ត»។
ជនរងគ្រោះនៅក្នុងហេតុការណ៍នោះម្នាក់ទៀត លោក សំ ជឿន បានលើកឡើងថា គាត់ធ្លាប់អំពាវនាវទៅរដ្ឋាភិបាលនិងស្ថាប័នពន្លឿនស្វែងរកយុត្តិធម៌ឲ្យរូបគាត់ និងអ្នករងគ្រោះដទៃទៀតដែរ ប៉ុន្តែជា២០ឆ្នាំ នៅតែមិនមានដំណោះស្រាយនៅឡើយ។
លោក ជឿន បន្តថា ការពន្យារពេលស្រាវជ្រាវនេះធ្វើឲ្យពួកគាត់អស់សង្ឃឹម និងមិនជឿថានឹងទទួលបានយុត្តិធម៌នោះទេ។
ពិធីប័ង្សុកូលថ្ងៃនេះ ដែលដឹកនាំដោយប្រធានគណបក្សភ្លើងទៀន មានអ្នកចូលរួមជាង៣០នាក់ ក្នុងនោះមានសាច់ញាតិអ្នកស្លាប់១៦នាក់ បានមកចូលរួមប្រហែលជា៣នាក់ប៉ុណ្ណោះ។
មេដឹកនាំបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថ្លែងថា ដើមចមដែលមិនសូវមានអ្នកចូលរួម ដោយសារស្ថានការនយោបាយនៅកម្ពុជាហាក់មិនច្បាស់លាស់ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌី នៅព្រឹកនេះថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវករណីនេះនៅឡើយ ដោយប្រាប់សាច់ញាតិទាំងនោះថា កុំឲ្យអស់សង្ឃឹម។
លោកមានប្រសាសន៍ថា៖ «យើងមិនទាន់បិទសំណុំរឿងហ្នឹងទេ សូមឲ្យបងប្អូនកុំទៅជឿលើបក្សប្រឆាំងថា អត់ជំនឿដ៏គេឡើងដូររដ្ឋាភិបាល…គេឡើងមកបានរកឃើញ សុទ្ធតែរឿងការញ៉ុះញង់ឲ្យស្រុកទេសយើងវាវឹកវរទេ»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើរឿងនេះនៅតែអូសបន្លាយ ហើយឃាតករនៅតែមិនទាន់ចាប់មកផ្តន្ទាទោសតាមច្បាប់ នោះពលរដ្ឋនឹងអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។
លោកយល់ថា៖ «ដើម្បីបង្កើននៅជំនឿទុកចិត្តឬបង្ហាញអំពីការខិតខំរបស់រដ្ឋាភិបាលលោកត្រូវតែខិតខំធ្វើយ៉ាងណា ដើម្បីបង្ហាញឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់…ជាធម្មតាប្រជាពលរដ្ឋដែលរង់ចាំយុត្តិធម៌ កាលណាយូរទៅៗ ភាពអស់សង្ឃឹមរបស់គាត់ កាន់តែអស់សង្ឃឹម»។
ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃ៤គ្រាប់នៅមុខរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ ទៅលើហ្វូងបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី ដើម្បីទាមទារកំណែទម្រង់ប្រព័ន្ធតុលាការ បានបណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងប្រមាណជាង១៥០នាក់រងរបួស។
រហូតមកដល់ពេលនេះ ជាង២០ឆ្នាំហើយ ជនដៃដល់និងអ្នកនៅពីក្រោយខ្នង មិនទាន់ត្រូវបានវែកមុខ យកមកផ្តន្ទាទោសនៅទ្បើយទេ បើទោះរបាយការណ៍ស៊ើបអង្គេតមានភស្តុតាងរឹងមាំមួយចំនួនបង្ហាញថា អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការវាយប្រហារនោះ ៕