អតីតតំណាងរាស្ត្រគណបក្សប្រឆាំង អះអាងថា សកម្មជនទាំង១៤នាក់ដែលកំពុងជាប់ឃុំបានប្រាប់ថា ខាងពន្ធនាគារបានរឹតបន្តឹងសន្តិសុខធ្វើឲ្យពួកគាត់ពិលំបាកក្នុងការរស់នៅដោយសារនៅតាមបន្ទប់ពួកគាត់មានបំពាក់កាមេរ៉ានិងគ្មានកង្ហារ ក្រោយពីមានប្រតិកម្មខ្លាំងៗពីលោក ហ៊ុន សែន។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូឌីនៅថ្ងៃនេះថា សកម្មជនរបស់គណបក្សប្រឆាំងរួមទាំងលោក អ៊ុំ សំអាន បានប្រាប់លោកថា ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យពន្ធនាគារដកហូតទូរស័ព្ទពីលោក មាជ សុវណ្ណរ៉ា មក មន្ត្រីពន្ធនាគារបានរឹតបន្តឹងខ្លាំងលើសិទ្ធិសេរីភាពពួកគាត់។
លោកថា៖«ដូចជាថ្មីៗត្រូវបានគេដាក់ ពិន័យមិនបានជួបប្រពន្ធាកូនទេ ក្នុងរយៈពេល ១០ ថ្ងៃហ្នឹង គេមិនឲ្យជួប គេផ្លាល់ប្ដូរទៅបន្ទប់ដែលមិន មានដាក់កង្ហារអីឲ្យហ្នឹង ហើយអត់កង្ហារទៅវាមានមូសខាំ ទី៣ តាមបន្ទប់ដែលគេផ្លាស់ ប្ដូរពួកគាត់ ទៅគេដាក់កាំម៉ារ៉ា ក៏មានត្អូញត្អែរពីអ្នកតំណាងរាស្ត្រ និងសកម្មជនមួយចំនួនថា វាប៉ះពាល់ដល់កេរ្តិ៍ខ្មាស់របស់គាត់ ព្រោះពិបាកផ្លាស់ខោអាវអញ្ចឹងទៅ ព្រោះកាំមេរ៉ានៅជាប់ហ្នឹង»។
លោកបន្តថា អ្នកទាំង ១៤រូប ដែលកំពុងជាប់ឃុំ បានអំពាវនាវទៅគណបក្សនយោបាយ ធ្វើការចចារគ្នា ដោះស្រាយវបត្តិនយោបាយឲ្យបានឆាប់ ដើម្បីអាចឲ្យពួកគាត់មានសេរីភាពវិញ។
ពាក់ព័ន្ធរឿងនេះ វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃលោក នុត សាវនា បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ នេះ លោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងមហាផ្ទៃឲ្យពិនិត្យឡើងវិញជុំវិញករណីលោក មាជ សុវណ្ណារ៉ា អាចប្រើទូរស័ព្ទទាក់ទងទៅខាងក្រៅ និងព្រមានដកតំណែងប្រធានពន្ធនាគាររហូតមេនគរបាលជាតិផងដែរ បើមានករណីនេះកើតឡើងទៀត។
លោកថ្លៃងថា៖«ទៅដកពីអា មាជ សុវណ្ណារ៉ា ដកពីអាហ្នឹងឲ្យបាន! បញ្ជាភ្លាម កុំភាន់ច្រឡំឲ្យសោះណា! ហើយអា មាជ សុណ្ណារ៉ា ប្រហែលកំពុងស្តាប់អាហ្នឹងណា ព្រោះវាដោនឡូតចូល អាក្នុងហ្នឹងមានអ៊ិនធឹណែតទៀត! ប្រាប់លោកឯងទៅ ជាប់អត់ថ្ងៃចេញទេ! អញប្រាប់ឲ្យហើយ! ព្រោះមេលោកឯងព្រហើន។ […] មើលៗ បានបញ្ជាហើយឬនៅ? បញ្ជាហើយ។ មើល អាមេគុកហ្នឹង បើគ្រប់គ្រងមិនបាន ដូរអាមេគុកហ្នឹងចោលទៅ។ មិចបានជាបណ្តោយឲ្យអា មាជ សុវណ្ណារ៉ា និយាយទាក់ទងទូរស័ព្ទរាល់ថ្ងៃ! ឥឡូវឲ្យតែហ៊ាននិយាយទៀត អញដកមេប៉ូលិស ដកទាំងអស់ហ្នឹង»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្នកជាប់ឃុំមានសិទ្ធិ ជួបនិងទាក់ទងជាមួយក្រុមគ្រួសាររបស់ខ្លួន ប៉ុន្តែបើខាងពន្ធនាគារមិនអនុញ្ញាតឲ្យក្រុមគ្រួសារចូល សួរសុខទុក្ខទេ និងការដាក់កាំមេរ៉ានៅតាមបន្ទប់នេះ វាជាការរំលោភសិទ្ធិអ្នកជាប់ឃុំដែលមានចែងនៅ ក្នុងច្បាប់។ លោកបន្តថា ប្រសិនបើមន្ត្រីពន្ធនាគារនៅតែបន្តរឹតបន្តឹងសិទ្ធិសេរីភាពសកម្មជនបក្ស ប្រឆាំងបែបនេះទៀត វានឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកថា៖«បើសិនគាត់រឹតត្បិតនឹងវាយូរ ហើយវាធ្វើឲ្យប៉ះពាល់សិទ្ធិរបស់គាត់នាំឲ្យគេរិះគន់ជាបន្ត ថាយើងអនុវត្តសិទ្ធិតឹងរឹង ឬក៏អនុវត្តសិទ្ធិរឹងត្បិតនេះតែទៅលើអតីតនៃគណបក្សនយោបាយគណបក្ស ប្រឆាំងគេមានការរិះគន់ទៅលើបញ្ហាទាំងអស់នេះ។ អញ្ចឹងយើងធ្វើអីក៏ដោយ យើងត្រូវអនុវត្តទៅតាម សិទ្ធិរបស់ពួកគាត់ហើយ ហើយអនុវត្តឲ្យស្មើភាពគ្នា ស្មើសិទ្ធិគ្នា»។
គួរបញ្ជាក់ថា លោកមាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិកាំងផងនោះ ត្រូវបានតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ខណៈសកម្មជនបក្សប្រឆាំងជាង១០នាក់ទៀតក៏ត្រូវបានកាត់ទោសដូចគ្នានេះដែរ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។