ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានព្យាករថា សេដ្ចកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៧ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែ ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនានាដែលអាចបំផ្លាញភាពប្រកួតប្រជែងរបស់ប្រទេសនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៨ ក្នុងនោះក៏បានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ធនាគារនេះបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងកម្រិត ៧ភាគរយនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលជំរុញដោយកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំ។
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក Jan Hansen បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា កំណើនសេដ្ឋកិច្ចកម្ពុជាដ៏រឹងមាំនេះ គាំទ្រដោយកំណើននៃការនាំចេញ ព្រមទាំងលំហូរវិនិយោគពីបរទេសដោយផ្ទាល់ សកម្មភាពទេសចរណ៍ និងតម្រូវការក្នុងស្រុក។
ប៉ុន្តែ អ្នកជំនាញរូបនេះ បានថ្លែងថា៖ «កំណើនប្រាក់ឈ្នួលរបស់កម្មករ ភាពលំបាកក្នុងការធ្វើអាជីវកម្ម និងការប្រកួតប្រជែងកាន់តែងខ្លាំងក្លា អាចបំផ្លាញភាពប្រកួតប្រជែងរបស់ប្រទេសនេះ»។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ីដដែលនេះ ទំហំផលិតកម្មឧស្សាហកម្មកម្ពុជា ទំនងជាបន្តកើនឡើងក្នុងកម្រិត ៩.៦ភាគរយនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលមានកំណើនខ្លាំងក្លាក្នុងឧស្សាហកម្មថ្មីៗ ដូចជា គ្រឿងបរិក្ខាអគ្គិសនី គ្រឿងបង្គុំយានយន្ត ទោចក្រយាន ស្រូវ និងកៅស៊ូ។
ជាមួយគ្នានេះដែរ ADB បានព្យាករថា វិស័យសេវាកម្មក៏នឹងនៅរក្សាកំណើនបាន ៧ភាគរយដដែលនៅឆ្នាំនេះ តាមរយៈកំណើនរឹងមាំនៃលំហូរភ្ញៀវទេសចរ ប៉ុន្តែថា វិស័យកសិកម្មប្រទេសនេះ នៅតែមានកំណើនត្រឹមតែ ១.៨ភាគរយប៉ុណ្ណោះ ដោយសារស្ថានភាបអាកាសធាតុ។
បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ និងតាមពីដោយប្រទេសភូមា និងឡាវដែលមានកំណើន ៦.៨ភាគរយដូចគ្នា ខណៈដែលប្រទេសថៃ ត្រូវបានព្យាករថា មានកំណើនត្រឹមតែ ៤ភាគរយប៉ុណ្ណោះ៕