ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញទស្សនៈផ្សេងៗគ្នាជុំវិញការញាំកាហ្វេនៅហាងទំនើប និងហាងធម្មតា ដោយអ្នកខ្លះ អះអាងថា បារម្ភពីការប៉ះពាល់សុខភាព និងខ្លះទៀតមិនបារម្ភនោះទេ។
ការលើកឡើងនេះបន្ទាប់ពី សារព័ត៌មាននានារបស់វៀតណាម បានចុះផ្សាយថា អាជ្ញាធរខេត្តដាណុង បានចុះត្រួតពិនិត្យសិប្បកម្មផលិតកាហ្វេមួយ ដោយបានរកឃើញថា សិប្បកម្មនោះបានផលិតកាហ្វេលាយជាមួយកាកសំណល់ថ្មពិល ដី និងកម្ទេចថ្ម ដែលបញ្ហានេះជំរុញឲ្យមានក្ដីបារម្ភនៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាផងដែរ ខណៈដែលវៀតណាម គឺជាអ្នកនាំចេញកាហ្វេធំលំដាប់ទីពីរ នៅក្នុងចំណោមប្រទេសនាំចេញកាហ្វេទៅកាន់ទីផ្សារពិភពលោក។
ករណីនេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅភ្នំពេញដែលនិយមញាំកាហ្វេមានការចាប់អារម្មណ៍ ហើយបញ្ចេញទស្សនៈផ្សេងៗគ្នា។
អ្នកញាំកាហ្វេធម្មតាលើកឡើងដូចនេះថា៖ «កាហ្វេវៀតណាមវាចូល២០០០រៀល ខ្មែរយើងកន្លែងតូចៗ១៥០០រៀល កន្លែងអូរទេះដើរលក់១០០០រៀល តែល្អមិនល្អអត់ដឹង គេវៀតណាម។ គេយកកាហ្វេវៀតណាមមកលក់ក៏យើងមិនដឹង យើងវាអត់ដឹងគេនាំយកមកពីខាងណា ព្រោះយើងមានចាប់អារម្មណ៍ថា ម្ចាស់ហាងទទួលពីខាងណាយើងម៉េចដឹង។ វា[ហាងកាហ្វេ]នៅជិតកន្លែងធ្វើការខ្ញុំ ហើយខ្ញុំចាំភ្ញៀវនៅកន្លែហ្នឹង ខ្ញុំអត់មានជំរើសទៅហូបនៅកន្លែងណា នៅចាំភ្ញៀវដ៏ភ្ញៀវតេមកបានខ្ញុំទៅ។ ផ្អាកហើយ ហូបអីផ្សេង ដោយសារយើងដឹងតាមព័ត៌មាន តាមទូរទស្សន៍ តាមហ្វេសប៊ុក ចាប់បានកាហ្វេថ្មពិល »។
អ្នកញាំកាហ្វេហាងទំនើបលើកឡើងដូចនេះថា ៖«ហូបកាហ្វេធម្មតាវាប៉ះពាល់សុខភាពយើង វាល្វីង កាហ្វេប្រេនវាល្អ វាស្រួលខ្លួន ហូបទៅ វាមានកម្លាំង វាឆ្ងាញ់ ជាងកាហ្វេយើងធម្មតា វារស់ជាតិដើម វារស់ជាតិកាហ្វេសុទ្ធៗ វាមិនដូចហាងកាហ្វេយើងធម្មតា។ យើងហូបកាហ្វេទៅដើម្បីយើងតាមខ្ញុំដឹងខ្លះៗ វាជួយបេះដូង សន្លាក់យើង សំខាន់វាមិនប៉ះពាល់សុខភាព»។
អ្នកជំនាញផ្នែកកសិកម្មលោក លោក យ៉ង់ សំាងកុមារ ដែលអះអាងតាមដានករណីនេះ បញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្ន ក៏មានកន្លែងផលិតកាហ្វេក្លែងក្លាយជាច្រើនកន្លែង ដោយយកសណ្តែក ស្ករ ពោតទៅលីង រួចដាក់ជាមួយសារធាតុគីមី ដើម្បីផលិតជាកាហ្វេ លោកថានៅពេលប្រជាពលរដ្ឋទិញយកទៅញាំនឹងធ្វើឲ្យប៉ះពាល់សុខភាព។
ករណីនេះលោក យ៉ង សាំងកុមារ ស្នើទៅស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធត្រូវចុះធ្វើការត្រួតពិនិត្យតាមហាងកាហ្វេធម្មតា និងហាងធំៗ ដោយថា ដើម្បីទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាព។
លោកផ្តល់ជាអនុសាសន៍ថា៖ «ត្រួតពិនិត្យមែនទែន កាហ្វេក្លែងក្លាយមិនសូវអីប៉ុន្មានទេ ប៉ុន្តែកាហ្វេក្លែងក្លាយដែលគ្រោះថ្នាក់ មានប្រើសារធាតុគីមី ដើម្បីបន្ថែមរសជាតិ បន្ថែមខ្លិន វាអាចមានគ្រោះថ្នាក់ដល់សុខភាព យើងធ្វើការស្រាវជ្រាវឲ្យជាក់លាក់ ក្នុងកាហ្វេក្លែងក្លាយ គេមានប្រើសារធាតុគីមីអ្វីខ្លះ ហើយសារធាតុណាខ្លះដែលវាប៉ះពាល់សុខភាព… យើងត្រូវតែហាមកុំឲ្យគេប្រើ.ល. ជារួមអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ មានកាតព្វកិច្ច និងជួយទប់ស្កាត់និងបញ្ហាទាំងអស់ ដើម្បីកុំឲ្យរីកដុះដាលតទៅទៀត មាននៅស្រុកខ្មែរ យើងទទ្ទឹមនឹងជំរុញលើកស្ទួយការដាំនិងផលិតកាហ្វេធម្មជាតិក្នុងស្រុក លើកស្ទួយកាហ្វេធម្មជាតិពិតប្រាកដឲ្យបានទូលំទូលាយ»។
តួលេខពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ប្រទេសនេះបាននាំចេញផលិតកាហ្វេចម្រាញ់ដល់ទៅជាង១លាន ៥៩ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យវៀតណាមកាន់កាប់ចំណែកទីផ្សារកាហ្វេពិភពលោកដល់ទៅ ២០ភាគរយ ហើយប្រទេសនេះរំពឹងថា ទំហំនៃការនាំចេញផលិតផលកាហ្វេ នឹងកើនឡើងថែមទៀតនៅក្នុងឆ្នាំ២០១៨នេះ។
តួលេខរដ្ឋាភិបាលវៀតណាម ក៏បានបង្ហាញផងដែរថា ប្រទេសនេះនាំចូលគ្រាប់កាហ្វេឆៅពីបណ្ដាប្រទេសជិតខាងខ្លួន ក្នុងនោះនាំចូលពីកម្ពុជាក្នុងចំនួនរាប់ពាន់តោនកាលពីឆ្នាំកន្លងមកនេះ។
តួលេខពីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពី ៣ឆ្នាំមុន បង្ហាញថា បើទោះបីជាកម្ពុជាជាប្រទេសដាំកាហ្វេនាំចេញក៏ដោយ ប៉ុន្តែ តម្លៃនៃការនាំចេញកាហ្វេទៅបរទេសមានត្រឹមតែជាង ៧ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈដែលទំហំនៃការនាំចូលកាហ្វេពីបរទេសវិញ មានតម្លៃដល់ទៅជាង ៨លានដុល្លារឯណោះ៕