មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងថាការអនុវត្តច្បាប់ពន្ធដាអាចធ្វើឡើងយ៉ាងតឹងរ៉ឹងចំពោះតែសមាគម និង អង្គការមិនមែនរដ្ឋាភិបាលដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល។
ការលើកឡើងបែបនេះធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសដាស់តឿនឲ្យសមាគម និង អង្គការ មិនមែនរដ្ឋាភិបាលទាំងអស់នៅកម្ពុជាឲ្យអនុវត្តកាតព្វកិច្ចពន្ធឲ្យមានប្រសិទ្ធិភាព។ យោងតាមប្រកាសដែលចុះហត្ថលេខាដោយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទិ១២ខែមេសាកន្លងមកនេះ បង្ហាញថា គ្រប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវមានមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួនជាចាំបាច់។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ លោកអំ សំអាត ទទួលស្គាល់ថានេះជាកាតព្វកិច្ចរបស់សមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលដែលត្រួវបង់ពន្ធចូលរដ្ឋតាមច្បាប់ដែលកំណត់ជាធរមាន។ ប៉ុន្តែលោក យល់ថាការក្រើនរំលឹកក៏ដូចជាការចាប់បង្ខំតាមផ្លូវច្បាប់ឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបង់ពន្ធទើបតែធ្វើឡើងយ៉ាងផុសផុលនាពេលនេះតែប៉ុណ្ណោះ ពោលគឺស្របពេលដែលស្ថានភាពនយោបាយកម្ពុជាកំពុងមានភាពតានតឹងខ្លាំង។
លោកអំ សំអាតក៏កត់សម្គាល់ទៀតថាការអនុវត្តច្បាប់នេះភាគច្រើនសំដៅលើអង្គការសង្គមស៊ីវិលដែលមិនមាននិន្នាការខាងរដ្ឋាភិបាល។
លោកលើកឡើងយ៉ាងដូច្នេះថា៖«បើតាមដែលខ្ញុំសង្កេតកន្លងមក យើងឃើញកន្លងមកវាមានបញ្ហា ភាគច្រើនតែទៅលើអង្គការដែលធ្វើការមាននិន្នាការឯករាជ្យហ្នឹងគឺជួបបញ្ហាច្រើន។ ប៉ុន្តែអ្នកដែលទាក់ទងទៅខាងគាំ ទ្ររដ្ឋាភិបាលអីហ្នឹងដូចជាមិនសូវ។ ប៉ុន្តែយើងមិនដឹងថាគេបង់ពន្ធឬក៏យ៉ាងក៏ម៉េចទេ ប៉ុន្តែដូចជាអត់សូវមានបញ្ហាដូចជាអ្នកឯករាជ្យទេ។»
នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោកសឿង សារឿន យល់ឃើញថាការជម្រុញ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអនុវត្តកាតព្វកិច្ចពន្ធនាពេលនេះ ជាទំនោរ មួយ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ពន្ធដារបស់រដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះលោក ក៏បារម្ភផងដែរពីការអនុវត្ត ច្បាប់នេះទៅលើអង្គការសង្គមស៊ីវិលមួយចំនួន។ លោកបានលើកឡើងយ៉ាងនេះថា ៖« ហើយក៏យើងព្រួយបារម្ភមួយ ចំនួនដែរ។ ការអនុវត្តច្បាប់ខ្លះ វាអាចជាការរឹតបណ្តឹងទៅដល់អង្គការសង្គមស៊ីវិលណាដែលមានលក្ខណៈរិះគន់ និងធ្វើ ការងារដែល ឃ្លាំមើលការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។»
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកមាស សុខសេនសាន មានប្រសាសន៍ថាការអនុវត្តលើកាតព្វកិច្ចពន្ធនេះធ្វើឡើងដោយស្មើភាព។ លោក លើកយកករណីការអនុវត្តកាតព្វកិច្ចពន្ធរបស់កាសែតខេមបូឌាដេលី និងកាសែតភ្នំពេញប៉ុស្តិ៍មកបញ្ជាក់បន្ថែមលើបញ្ហានេះ។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖«ដេលី រកឃើញថាបានជំពាក់ពន្ធ។ ហើយភ្នំពេញប៉ុស្តិ៍គាត់ បំពេញកាតព្វកិច្ចពន្ធ។ ចុះយើងគ្មានទៅធ្វើអីគាត់។ ហើយពីរនាក់ហ្នឹងសរសេរដូចគ្នាតើ មានអីខុសគ្នាណា។ មែនអត់?»
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ជាក់ថា ក្រៅពីពន្ធលើប្រាក់ចំណូលសមាគម និង អង្គការមិន មែនរដ្ឋាភិបាលត្រូវបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករដទៃទៀតស្របតាមច្បាប់និងបទបញ្ញត្តិស្ដីពីពន្ធដា។ សមាគម និង អង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ក៏ត្រូវបំពេញតួនាទីជាភ្នាក់ងារកាត់ទុកពន្ធដែលជាបៀវត្សរបស់បុគ្គលិក និងបង់ ប្រាក់ពន្ធដែលបង់នោះជូនរដ្ឋបាលសារពើពន្ធ។
ទោះជាយ៉ាងណាតាមប្រកាសដែលមាន១១ប្រការខាងលើនេះ ឲ្យដឹងថាសម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលមាន គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យសាស្រ្តអក្សរសាស្រ្តឬអប់រំហើយគ្មានចំណែកណាមួយនៃប្រាក់ ចំណូលរបស់ខ្លួនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល។ ករណីនេះ ក៏ត្រូវអនុវត្តដូចគ្នាចំពោះសមាគមណាមួយដែលប្រាក់ចំណូលរបស់សមាគមទាំងនោះមិនត្រូវបានជាផលប្រយោជន៍ ឯកជនរបស់អ្នកចូលហ៊ុន។