នាយករដ្ឋមន្ត្រីបន្តរំឭកកុំឲ្យសាធារណជនព្រួយបារម្ភពីលំហូរជនជាតិចិនមកកម្ពុជា ដោយថាវត្តមានអ្នកទាំងនោះ គ្រាន់តែមកបំពេញតម្រូវការផ្នែកអភិវឌ្ឍ របស់កម្ពុជាតែប៉ុណ្ណោះ។
លោក ហ៊ុន សែន ថ្លែងនៅខេត្តក្រចេះ នាថ្ងៃនេះថា មួយរយៈចុងក្រោយនេះ មានជនអគតិមួយចំនួន បានរិះគន់ថាកំណើន វត្តមានជនជាតិចិនលើទឹកដីកម្ពុជា ជាការព្រួយបារម្ភ។
លោក ហ៊ុន ថ្លែងទៀតថា វត្តមានជនជាតិចិនទាំងនោះគ្មានអ្វីត្រូវព្រួយបារម្ភទេ ដោយថាពួកគេភាគច្រើនជាភ្ញៀវទេសចរ បានបង្កើនប្រាក់ចំណូល និងមួយចំនួនទៀតជាវិស្វករ មកបំពេញតម្រូវការធនធានមនុស្ស ផ្នែកវិស័យសំណង់នៅនៅកម្ពុជា។
លោកថា៖អគារខ្លះៗរបស់ចិន មកវិនិយោគនៅកម្ពុជា៣០ –៤០–៥០ជាន់ យើងអត់ទាន់មានកម្មករគ្រប់គ្រាន់ទេ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ដូច្នេះហើយបានជាឃើញវត្តមានកម្មករ របស់ចិន ហើយកុំព្រួយរហូតថា ចិនចង់នៅស្រុកខ្មែរនោះ អ្នកទាំងនោះចង់ឲ្យតែរួចការងារ ដើម្បីបានប្រាក់ត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ ហើយបើយើងផ្គត់ផ្គង់ធនធានមនុស្សឲ្យបានគ្រប់ ហើយប្រហែលជាគេមិនយកអ្នកបច្ចេកទេសពីស្រុកគេមកទេ»។
ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី៧កុម្ភៈបានធ្វើសន្និសីទសារព័ត៌មានមួយ ជំរុញឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការទៅលើជនជាតិរបស់ខ្លួន ដែលរកឃើញថា បានរំលោភច្បាប់កម្ពុជា ដោយថា កម្ពុជាមិនត្រូវបារម្ភខ្លាចប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរឡើយ ខណៈអាជ្ញាធរ និងពលរដ្ឋកម្ពុជា នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភថា ជនជាតិចិនមួយចំនួន បានបង្កការភ័យខ្លាចដល់សន្តិសុខ សណ្តាប់ធ្លាប់សង្គម។
ឯកអគ្គរដ្ឋទូតចិន លោក ស្យុង ប៉ូ ( Xiong Bo) ពេលនោះបានទទួលស្គាល់ថា កំណើន វិនិយោគិនចិន និងប្រជាជនចិន ក៏បានបង្កជាក្តីបារម្ភចំពោះប្រជាពលរដ្ឋកម្ពុជាផងដែរ។
មន្ត្រីជាន់ខ្ពស់ចិនប្រចាំកម្ពុជារូបនេះឲ្យដឹងទៀតថា ដោយសារតែពលរដ្ឋចិនភាគច្រើន បានគោរពច្បាប់ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា និងប្រាស្រ័យទាក់ទងប្រជាជនក្នុងតំបន់ប្រកបដោយសន្តិភាព។ ប៉ុន្តែថា ប្រជាជនចិនមួយចំនួនតូច បានប្រព្រឹត្តអំពើល្មើសច្បាប់ ដោយអ្នកខ្លះលេងល្បែងខុសច្បាប់ ចាប់ជម្រិតទារប្រាក់តាមទូរគមនាគមន៍ ខ្លះទៀតផឹកស្រាបង្កជម្លោះ រំខានសន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយខ្លះទៀតមើលរំលងច្បាប់វិន័យចរាចរណ៍។
មន្ត្រីសម្របសម្រួល របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី លើកឡើងថា ការបង្កភាពភ័យខ្លាចដល់សណ្តាប់ធ្លាប់និងសន្តិសុខសង្គម ពីសំណាក់ជនជាតិចិនមួយចំនួននោះ លោកស្រីថា ហាក់មិនថមថយទេ ប៉ុន្តែលោកស្រីថា អាជ្ញាធរកម្ពុជាពេលនេះហាក់ចាត់វិធានការទប់ស្កាត់បានលឿនជាងមុន ។
លោកស្រីថា៖«យើងនៅតែទាមទារឲ្យអាជ្ញាធរ ហើយនិងសមត្ថកិច្ចហ្នឹង បន្ថែមកម្លាំង ដាក់នៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅតំបន់ដែលមានជនជាតិចិនចូលមកធ្វើការងារ»។
បើតាមស្ថានទូតចិន កាលពីឆ្នាំ២០១៧ ភ្ញៀវទេសចរចិនប្រមាណជា ១លាន២សែននាក់ បានមកទស្សនានៅកម្ពុជា ហើយចំនួននេះចិនរំពឹងថា នឹងកើនឡើងដល់២លាននាក់នៅឆ្នាំ២០២០។
យ៉ាងណាក៏ដោយលោក ហ៊ុន សែន ព្យាករណ៍ថា នៅឆ្នាំ២០៣០ ឬ២០៥០ ធនធានមនុស្សនៅកម្ពុជា នឹងឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួន។