មន្ត្រីជាន់ខ្ពស់របស់អតីតបក្សប្រឆាំង និងអ្នកគាំទ្រ១១នាក់ បានអះអាងនៅមុខចៅក្រមជំនុំជម្រះនៃតុលាការជាន់ខ្ពស់ថា មិនបានប្រើហិង្សាលើសន្តិសុខខណ្ឌដូនពេញ ដូចការចោទប្រកាន់នោះទេ ដោយថាភស្តុតាងជាវីដេអូបង្ហាញក្នុងអង្គសវនាការមិនឃើញសកម្មភាពពួកគេបង្កហិង្សានោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បើកសវនការចំនួន២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមេសានេះ ពាក់ព័ន្ធសំណុំរឿងដែលសាលាដំបូងសម្រេចចោទប្រកាន់ លើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រចំនួន១១នាក់ ថាបានចូលរួមនិងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យកងសន្តិសុខខណ្ឌដូនពេញ៣៩នាក់រងរបួស។
អតីតមន្ត្រីបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា និងអ្នកគាំទ្របក្សលោក អ៊ុក ពេជ្យសំណាង រួមទាំងអ្នកគាំទ្រ៩នាក់ផ្សេងទៀត នៅព្រឹកថ្ងៃនេះ បានលើកឡើងប្រហាក់ប្រហែលគ្នានៅក្នុងអង្គសវនាការថា វីដេអូដែលតុលាការយកមកបង្ហាញក្នុងបន្ទប់សវនាការមិនឃើញពួកគេធ្វើ សកម្មភាពប្រើហិង្សាលើកងសន្តិសុខដូចការចោទប្រកាន់របស់តុលាការជាន់ទាបនោះទេ ខណៈកងសន្តិសុខដែលរងរបួសអះអាងថា មិនស្គាល់មុខជនបង្កទេ។
អ្វីដែលគួរឲ្យកត់សំគាល់ លោក មេធាវី ចាន់ តុលា និងលោក ចេង ប៉េងហាប់ ដែលការពារក្តីកងសន្តិសុខរងគ្រោះ៣៩នាក់ បានធ្វើសេចក្តីសន្និដ្ឋានថា អ្នកទាំង១១នាក់នោះមានចេតនារៀបផែនការបង្កហិង្សាលើកងសន្តិសុខឲ្យរងរបួស និងទាមទារឲ្យតុលាការតម្កល់បទចោទរបស់សាលាដំបូងឲ្យនៅដដែល។
ភ្លាមៗក្រោយពីធ្វើសេចក្តីសន្និដ្ឋានរួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានអះអាងប្រាប់ទៅក្រុមមេធាវីដើមចោទ និងចុងចោទថា តុលាការនិងសិក្សាលើអង្គហេតុ និងអង្គច្បាប់ មុនសម្រេចចេញដីកាចោទប្រកាន់ឬមិនចោទប្រកាន់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក៕