ក្រសួងមហាផ្ទៃ បានបញ្ជាទៅមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ ដែលបញ្ជានេះ កើតឡើងក្រោយពីរងការរិះគន់ពីសំណាក់មេដឹកនាំគណបក្សយុវជនកម្ពុជាទៅលើឧបសគ្គនានាក្នុងចុះចូលរួមប្រកួតប្រជែង។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានព្រមានកាលពីថ្ងៃអង្គារកន្លងមកនេះថា នឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខ ដោយថា អាជ្ញាធរមូលដ្ឋានបានធ្វើទុក្ខបុកម្នេញទៅលើភ្នាក់ងារគណបក្សរបស់លោក។
បន្ទាប់ពីប្រតិកម្មបែបនេះ ក្រសួងមហាផ្ទៃបានចេញលិខិតមួយកាលពីថ្ងៃម្សិលមិញ ដោយបញ្ជាទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យណែនាំដល់អាជ្ញាធរឃុំសង្កាត់ ឲ្យជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ក្នុងឆ្នាំនេះ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា នេះជាសារវិជ្ជមានមួយ បន្ទាប់ពីលោកថ្លែងរិះគន់ចំពោះឧបសគ្គនានាដែលបង្កឡើងដោយមេឃុំចៅសង្កាត់នាពេលថ្មីៗនេះ ដោយលោកថា អាជ្ញាធរតាមមូលដ្ឋាន បានបើកផ្លូវសម្រាប់គណបក្សរបស់លោកហើយ។
លោកមានប្រសាសន៍ថា៖ «ការពិតទៅ គណបក្សយើងពិបាកមែនទែន ការចុះបញ្ជីបេក្ខជន ព្រោះមានការរើសអើង ហើយមានការរឹតត្បិតបេក្ខជនយើងមិនឲ្យឈរឈ្មោះជាមួយគណបក្សយុវជន ហើយខ្ញុំក៏បានចេញវីដេអូចោទសួរត្រង់ៗទៅក្រសួងមហាផ្ទៃ និងកាតព្វកិច្ចរបស់មេឃុំ ចៅសង្កាត់ រហូតមកដល់ពេលនេះ គាត់ទើបតែចេញត្រឹមថ្ងៃ២៥ ប៉ុន្តែ ជាសារវិជ្ជមានមួយទៀត គាត់ចេញហើយ អ្នកដែលតឹងពិបាក ដែលមិនសញ្ញាឲ្យបីថ្ងៃ បែជាតេមកយើងឲ្យយកទៅសញ្ញេវិញ យើងឃើញថាការចេញរបស់គាត់មានប្រសិទ្ធិភាពម្យ៉ាងដែរ»។
ទោះជាយ៉ាងណា លោក ពេជ្យ ស្រស់ មិនបានបញ្ជាក់លម្អិតថា តើគណបក្សរបស់លោកត្រូវបានអាជ្ញាធរមូលដ្ឋានរារាំងប៉ុន្មានលើករួចមកហើយនោះទេ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានឲ្យដឹងថា គណបក្សរបស់លោកក៏ជួបប្រទះបញ្ហាលំបាកនានានៅតាមមូលដ្ឋានផងដែរ ដូចជា ការរារាំងពីសំណាក់អាជ្ញាធរមូលដ្ឋានមិនឲ្យលើកស្លាកសញ្ញា ហើយស្លាកសញ្ញានៅតាមមូលដ្ឋានខ្លះ ត្រូវបានកាប់បំផ្លាញចោល។
អ្នកនាំពាក្យរូបនេះបានចាត់ទុកបញ្ជារបស់ក្រសួងមហាផ្ទៃថា ជាការដាស់តឿនដល់មេឃុំចៅសង្កាត់នៅតាមមូលដ្ឋាន កុំឲ្យបង្កបញ្ហាលំបាកសម្រាប់គណបក្សនយោបាយតទៅទៀត។
លោកមានប្រសាសន៍ថា៖ «បេក្ខជនយើងទាមទារឲ្យមានលិខិតបញ្ជាក់ ពីមេឃុំ ចៅសង្កាត់ថា យើងដែលជាបេក្ខជនពិតជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត យើងឈរឈ្មោះជាបេក្ខជនបាន រាល់បេក្ខជនរបស់គ្រប់គណបក្សនយោបាយ គឺតម្រូវឲ្យទៅធ្វើលិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ ការអំពាវនាវរបស់ក្រសួងមហាផ្ទៃជារឿងល្អមួយ ដើម្បីជួយសម្រួលរឿងហ្នឹងរំលឹកដាស់តឿនទៅដល់មេឃុំ ចៅសង្កាត់ កុំឲ្យគាត់បង្កការលំបាកទៅដល់រឿងហ្នឹង»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវប្រើយន្តការតាមដាន និងត្រួតពិនិត្យបន្ថែមទៀតលើអាជ្ញាធរពាក់ព័ន្ធ ដោយថា ទើបអាចដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព។
លោកផ្តល់ជាអនុប្រសាសន៍ថា៖ «មិនត្រឹមតែរឿងប្រកាសទេ សុំឲ្យមានការតាមដានថែមទៀត ត្រូវយកចិត្តទុកដាក់ ពង្រឹងបន្ថែមទៀត ព្រោះ កន្លងមក មានការផ្សព្វផ្សាយ មានការចេញពីថ្នាក់លើ ប៉ុន្តែ ការអនុវត្តជាក់ស្តែង ពេលខ្លះ ថ្នាក់ក្រោមរបស់ខ្លួន ការអនុវត្តផ្សេងៗ នៅមានចន្លោះប្រហោង ហើយកិច្ចការងារក្នុងការសម្រួល ពីក្រុមគណៈកម្មការចម្រុះ មិនមែនត្រឹមតែរឿងរយៈពេលចុះឈ្មោះទេ អាចពេលឃោសនា អាចពេលផ្សេងៗទៀត»។
ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នេះ ត្រូវបានកំណត់ធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភាខាងមុខ ខណៈដែលការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ កំពុងស្ថិតនៅក្នុងស្ថានភាពចម្រូងចម្រាស់ ចំពេលដែលគណបក្សសង្គ្រោះជាតិ ដែលគូប្រជែងដ៏ធំតែមួយគត់ជាមួយគណបក្សប្រជាជនកម្ពុជានោះ នៅតែមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនោះឡើយ បន្ទាប់ពីត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុន៕