មន្ត្រីជាន់ខ្ពស់តុលាការកំពូលអះអាងថា សវនាការនៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ មិនមានវត្តមានលោក កឹម សុខា ចូលរួមទេ ដោយថា សំណុំរឿងនេះ ជារឿងមុនអង្គរសេចក្ដី។
អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុន្នីជោត ប្រាប់វីអូឌីនៅថ្ងៃនេះថា តុលាការមិនបានចេញ ដីកាកោះឲ្យខាងពន្ធនាគារនាំខ្លួនលោក កឹម សុខា មកចូលរួមសវនាការនោះទេ ដោយសារ នេះជាសវនាការមុនអង្គរសេចក្ដី។
លោកថា៖«ខ្ញុំបានទទួលដំណឹងហើយ ខាងតុលាការយើងអត់បានហៅគាត់មកទេ ដោយសារ តែរឿងរបស់ គាត់នៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ គឺរឿងមុនអង្គរសេចក្ដីទេ ។ អញ្ចឹងយើងអត់នាំគាត់ មកទេ ដោយសារ វាអត់មានការចាំបាច់»។
ប៉ុន្តែលោក ចាន់ ចេន សហមេធាវីម្នាក់ដែលការពារក្ដីឲ្យលោក កឹម សុខា នៅតែទទូចឲ្យតុលាការ កំពូលយកកូនក្ដីមកចូល រួមសវនាការនៅថ្ងៃទី ៧ ខែឧសភា ខាងមុខនេះ ដោយថា ដើម្បីកូនក្ដីធ្វើ ការឆ្លើយតបជាមួយក្រមចៅ និងប្រាប់ពីមូលហេតុដែលកូនក្ដីមិនសុខចិត្តចំពោះការសម្រេចរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញដែលបន្តឃុំលោក ៦ខែ បន្តទៀតនោះ។
លោកថា៖«ជាយោបល់របស់ខ្ញុំ! ខ្ញុំមានបំណងចង់ឲ្យកូនក្ដីរបស់ខ្ញុំឯកឧត្តមលោក កឹម សុខាបានចូលនៅ ចំពោះមុខតុលាការកំពូល ដើម្បីបានកូនក្ដីលោកមានយោបល់ ក៏ជាថ្លែង ឬក៏អំណះអំណាននៅ ចំពោះមុខក្រុមប្រឹក្សា»។
កាលពីថ្ងៃទី ២៧ ខែមីនា កន្លងមក សាលាឧទ្ធរណ៍ បានបើកសវនាការលើបណ្តឹងប្រឆាំងនឹងការសម្រេចពន្យារពេលឃុំខ្លួនរបស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា ប៉ុន្តែសវនាការនោះមិនមានវត្តមានលោក កឹម សុខា ចូលរួមឡើយ បើទោះជាបីសាលាឧទ្ធរណ៍អះអាងថា តុលាការបានចេញដីកាទៅ ខាងពន្ធនាគារ ឲ្យនាំខ្លួនលោក កឹម សុខា មកចូលរួមសវនាការក៏ដោយ។
បើតាមអ្នកជំនាញច្បាប់លោកមេធាវីសុក សំអឿន មានប្រសាសន៍ថា លោកពិបាកយល់ ចំពោះការ អនុវត្តច្បាប់នៅប្រទេសកម្ពុជា ប៉ុន្តែបើតាមច្បាប់អន្តរជាតិលោកថា តុលាការត្រូវតែនាំខ្លួនជន ត្រូវចោទមកចូលរួមសវនាការ ដើម្បីជនដែលត្រូវចោទមានសិទ្ធិធ្វើការឆ្លើយ ចំពោះការចោទមកលើខ្លួន។
លោកថា៖«ទោះបីជាគាត់មានវត្តមានឬមិនមានវត្តមានក៏ជាការសម្រេចរបស់តុលាការដែរ ព្រោះមុនអង្គរសេចក្ដី មេធាវីទេជាអ្នកនិយាយ ទោះបីជាគាត់មានវត្តឬ មិនមានវត្តក៏អត់ខាតប្រយោជន៍អីដែរ។ ប៉ុន្តែបញ្ហា សំខាន់ បើសិនជាតុលាការយើងកាត់ក្ដីដោយមានជនជាប់ មានវត្តមានវាធ្វើឲ្យប្រជាជនមានកា រទុកចិត្តច្រើនទៅ លើតុលាការយល់នូវព្រោះបើយើងមិនបានស្ដាប់ហេតុផលគេ ម៉េចយើងចេះ តែកាត់អញ្ចេះ កាត់អញ្ចុះវាខុសពីការពេញចិត្តរបស់យើង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុក ចិត្តលើតុលាការ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។