នៅថ្ងៃអាទិត្យនេះ តម្លៃសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរបានហក់ឡើងថ្លៃខ្ពស់រហូតពាក់កណ្តាល បើទោះបីមានការអំពាវនាវកុំឲ្យតម្លើងថ្លៃពីស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាល ដែលបញ្ហានេះបង្កឲ្យមានការត្អូញត្អែពីសំណាក់អ្នកធ្វើដំណើទៅលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំ ដែលមានប្រាក់ចំណូលទាប។
អ្នកធ្វើដំណើរម្នាក់ ឈ្មោះកញ្ញា រី ឡូន ដែលធ្វើដំណើទៅលេងស្រុកកំណើតនៅខេត្តកំពុងធំ ឲ្យវីអូឌី(VOD)ថា គាត់ទិញសំបុត្រនៅក្រុមហ៊ុន អេស៊ាលីង ដឹកអ្នកដំណើរ នៅថ្ងៃទី១០ ខែមេសានេះតម្លៃ ៦ម៉ឺនរៀល ដែលកញ្ញារូបនោះថា តម្លៃសំបុត្ររាល់ដង តម្លៃតែ៣ម៉ឺនរៀលប៉ុណ្ណោះ។
ស្ត្រីរូបនោះថា”ពីភ្នំពេញទៅកំពង់ធំថ្ងៃធម្មតាគេយក៣ម៉ឺនរៀល ដល់ជិតចូលឆ្នាំគេយក៦ម៉ឺន មានអារម្មណ៍ថាមិនសប្បាយចិត្តប្រាក់ខែវាតិចទៀតឥឡូវ ហើយមានលុយណាទៅសាហ៊ុយទៅវិញទៅមកដល់៦ម៉ឺន”។
អ្នកដំណើរម្នាក់ទៀត ឈ្មោះ ជួប ស្រីពៅ ដែលទៅលេងស្រុកកំណើតនៅខេត្តកំពត អះអាងថា សំបុត្ររថយន្តនៅក្រុមហ៊ុនសូរិយា ថ្ងៃអាទិត្យនេះ តម្លៃ៣ម៉ឺន។ ស្ត្រីរូបនោះថា ពេលមុនៗគាត់ទិញតែតម្លៃ២មឺនរៀលប៉ុណ្ណោះ។
លោក ម៉ែន សុផាន់ណារ៉ា ដែលធ្វើដំណើរទៅខេត្តបាត់ដំបងឲ្យដឹងថា គាត់ទិញសំបុត្រនៅក្រុមហ៊ុនកាពីតូលតម្លៃ ៣មឺុនរៀល ដែលគាត់ថា ថ្ងៃធម្មតា តែ២៤០០០រៀល
ប្រធានផ្នែកបើកបរនៅក្រុមហ៊ុនសូរិយាលោក វ៉ា ណារិន បានការពារពីការតម្លើងថ្លៃសំបុត្រនេះថា ការតំឡើងថ្លៃពី៥០០០រៀលដល់៣ម៉ឺនរៀលក្នុងមួយជើងនោះ លោកថា ដោយសាររថយន្តត្រឡប់មកវិញមិនមានអ្នកដំណើរជិះ ហើយក្រុមហ៊ុនបានចំណាយថ្លៃសាំង។
នៅពេលថ្មីៗនេះ ស្ថាប័នរដ្ឋមួយចំនួន បានចេញលិខិតអំពាវនាវ កុំឲ្យក្រុមហ៊ុនដឹកអ្នកដំណើរ ដំឡើងថ្លៃ ពេលពលរដ្ឋសម្រុកធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ ដែលស្ថាប័នរដ្ឋថា ដើម្បីចូលរួមចំណែក កាត់បន្ថយជីវភាព អ្នកមានប្រាក់ចំណូលទាប និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននៅតែបន្តដំឡើងថ្លៃសំបុត្រដូចឆ្នាំមុនៗដដែល។
សម្រាប់សង្គមស៊ីវិលយល់ថា ការអំពាវនាវ មិនមែនជាយន្តការពិតប្រាកដសម្រាប់ជួយដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបទេ ពួកគេថាប្រសិទ្ធិទប់ស្កាត់នៃការហក់ឡើងថ្លៃ គឺរដ្ឋាភិបាលត្រូវតែបង្កើតឲ្យមានរថយន្តដឹកអ្នកដំណើរចេញពីភ្នំពេញទៅកាន់បណ្តាខេត្តនានាឲ្យបានច្រើន នោះទើបជួយពលរដ្ឋបាន៕