មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាមន្ទីរពេទ្យសម្ភពសោភាមិនបានធ្វេសប្រហែសដូចការចោទប្រកាន់របស់ម្តាយទារកដែលលើកឡើងថាបុគ្គលិកពេទ្យបានបំបៅដោះទារកម្នាក់ដែលទើបនឹងកើតបាន៣ថ្ងៃ ឲ្យឈ្លក់រហូតដល់ស្លាប់ កាលពីថ្ងៃទី១៩ ខែឧសភា។
ការបញ្ជាក់នេះ ក្រោយពីក្រុមជំនាញរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅស៊ើបអង្កេតករណីទារកម្នាក់ស្លាប់ ដោយម្តាយទារកចោទប្រកាន់ពេទ្យថាធ្វើការងារធ្វេសប្រហែស។
ហ្វេសប៊ុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្រុមការងារបានចុះត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបើកសេវារបស់មន្ទីរពេទ្យសម្ភពសោភា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីរបញ្ជាក់ថាក្រោយការត្រួតពិនិត្យឃើញថាមន្ទីរពេទ្យសម្ភពសោភាមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គោរពតាមលក្ខខណ្ឌបច្ចេកទេសក្នុងការផ្តល់សេវានិងគោលការណ៍វេជ្ជសាស្រ្ត ព្រមទាំងមានចំណុចគួរកែលម្អមួយចំនួន។ មន្ទីរបានបញ្ជាក់ថា៖ “ក្រុមការងារមន្ទីរនិងអ្នកតំណាងមន្ទីរពេទ្យបានចុះហត្ថលេខាព្រមព្រៀងលើកំណត់ហេតុចុះត្រួតពិនិត្យនិងសន្យាគោរពតាមអនុសាសន៍ណែនាំដែលមានចែងក្នុងកំណត់ហេតុ”។
វីអូឌីមិនអាចទាក់ទងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិង លោក កែវ វិបុល អនុប្រធាន ដើម្បីសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ។
ប្រធានមន្ទីរពេទ្យសម្ភពសោភា លោក ប៉ិច សុធី ប្រាប់វីអូឌីថាការស្លាប់ទារកអាយុ៣ថ្ងៃនេះ មិនមែនដោយសារការបំបៅទឹកដោះគោទៅឈ្លក់ស្លាប់នោះទេ គឺដោយសារសុខភាពរបស់ទារកពីកំណើតមានបេះដូងប្រហោង។ លោកមានប្រសាសន៍ថា៖ “គាត់ឲ្យកូនបៅតែកូនអត់ព្រមបៅ ដល់ពេលអញ្ចឹងទៅខាងឆ្មប ឡើងទៅជួយទៅ ប៉ុន្តែកូននៅតែអត់បៅដដែល ដល់ពេលរាងស្វាយ(ស្លេក) អញ្ចឹងទៅយើងបញ្ជូនទៅកន្លែងសង្គ្រោះទារកទៅ ហើយបន្ទាប់ពីឆ្លុះឃើញថាកូននោះមានបេះដូងប្រហោងអញ្ចឹងទៅកូននោះវាខូចទៅ ហើយអញ្ចឹងទៅគាត់ប្រកាន់រឿងថាឆ្មបហ្នឹងឡើងទៅជួយបំបៅ តាមពិតបំបៅនៅមុខគាត់តើ”។
ក្រោយពីកូនស្លាប់ ម្ដាយរបស់ទារកនោះបានបង្ហោះជាវីដេអូតាមបណ្ដាញសង្គមដោយលើកឡើងថាមន្ទីរពេទ្យធ្វេសប្រហែសក្នុងការបំបៅដោះកូន។ អ្នកនាងបានបញ្ជាក់ថា៖ “កូនប្រុសរបស់ខ្ញុំបានស្លាប់បាត់ហើយនេះមកពីការធ្វេសប្រហែសរបស់ខ្ញុំ ខ្ញុំជាម្ដាយទាំងមូល ខ្ញុំជាម្ដាយភ្លើបំផុត ខ្ញុំមិនចេះមើលកូន ខ្ញុំឲ្យពួកមីពេទ្យឆ្កួតបំបៅទឹកដោះគោកូនដល់ឈ្លក់ស្លាប់ នេះជាមេរៀនជីវិតដ៏ឈឺចាប់របស់ខ្ញុំ សូមបងប្អូនកុំទុកចិត្តអ្នកណាក្រៅពីខ្លួនឯងសោះ”៕