ក្រុមអង្គការសង្គមស៊ីវិលជិត៨០អំពាវនាវ ឲ្យបញ្ឈប់ប្រើប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈនិពន្ធនាយកកាសែតភ្នំពេញប៉ូស្តិ៍ ដែលគេស្គាល់ថាជាស្ថាប័នឯករាជ្យមួយ ត្រូវបានបណ្តេញ ចេញពីការងារក្រោយប្តូរអ្នកគ្រប់គ្រងថ្មី ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការចំនួន៧៩ ចេញផ្សាយថ្ងៃទី៩ឧសភានេះ បានសម្ដែងការសោកស្ដាយ ចំពោះការវិវត្តន៍ចុងក្រោយនេះ ទៅលើសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ នៃការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្ដិ៍ និងការបញ្ជាភ្លាមៗរបស់ម្ចាស់ថ្មីនៃកាសែតនេះ ឱ្យលុបចោលអត្ថបទព័ត៌មាន ដែលបានចេញផ្សាយរួច។
ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថា ទង្វើនេះបាននាំឱ្យអ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកជាន់ខ្ពស់ចំនួន១៣នាក់ សម្រេចចិត្តលាឈប់ពីការងារ ខណៈដែលនិពន្ធនាយកនៃកាសែតនេះ ត្រូវបានបណ្ដេញចេញពីការងារ។
សង្គមស៊ីវិលឲ្យដឹងទៀតថា នេះគឺជាករណីចុងក្រោយមួយ ក្នុងចំណោមការធ្វើទុក្ខបុកម្នេញជាច្រើនបន្តបន្ទាប់ទៀត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហសារព័ត៌មាន ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក ហើយថាភ្នំពេញប៉ុស្ដិ៍ គឺជាកាសែតចុះផ្សាយជាភាសាខ្មែរនិងអង់គ្លេស ដែលត្រូវបានចាត់ទុកថា ជាកាសែតឯករាជ្យចុងក្រោយមួយនៅកម្ពុជា និងថាការផ្លាស់ប្ដូរម្ចាស់ថ្មីនៃកាសែតនេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើន ចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ។
សង្គមស៊ីវិលថា៖«ភ្នំពេញប៉ុស្ដិ៍ គឺជាកាសែតចុះផ្សាយជាភាសាខ្មែរនិងអង់គ្លេស ដែលត្រូវបានចាត់ទុកថា ជាកាសែតឯករាជ្យចុងក្រោយមួយនៅកម្ពុជា ហើយការផ្លាសប្ដូរម្ចាស់ថ្មីនៃកាសែតនេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើន ចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ»។
សង្គមស៊ីវិល កត់សម្គាល់ថា ដូចគ្នានឹង កាសែតភ្នំពេញប៉ុស្ដិ៍ដែរ កាសែតខេមបូឌា ដេលី ដែលតែងចុះផ្សាយ អត្ថបទរិះគន់ ឥតលំអៀង និងរបាយការណ៍បែបស៊ើបអង្កេត ត្រូវបានបង្ខំចិត្តបញ្ឈប់ដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធប្រមាណជាង ៦,៣លានដុល្លារ។
ស្ថាប័នសារព័ត៌មានផ្សេងទៀត ត្រូវបានរឹតត្បិតយ៉ាងខ្លាំង រួមបញ្ចូលទាំងការបិទហ្រ្វេកង់ស៍របស់វិទ្យុចំនួន៣២ ដែលផ្សាយព័ត៌មានបន្តពីវិទ្យុ អាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាដើម។
សេចក្តីថ្លែងការណ៍រួមដដែល អះអាងថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានលក្ខណៈរិះគន់ ដោយគ្មានការជ្រៀតជ្រែកពីសំណាក់ក្រុមហ៊ុនសាជីវកម្ម ឬបម្រើផលប្រយោជន៍នយោបាយ គឺមានសារៈសំខាន់ ក្នុងដំណើរការសង្គមប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិផ្សេងៗ។
អង្គការសង្គមស៊ីវិលទាំងនោះ ស្នើដោយទទួចឱ្យមានការគោរពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាពនៃការបញ្ចេញមតិ និងសូមឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ទៅលើសកម្មជនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានមាន នៅកម្ពុជា។VODនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកគ្រប់គ្រងថ្មី របស់កាសែតភ្នំពេញប៉ូស្តិ៍ និងពីស្ថាប័នពាក់ពាក់ន់បាននៅឡើយទេ។