ធនាគារពិភាពលោក បានព្រមានថា ភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយនៅមុនការបោះឆ្នោតជាតិឆ្នាំនេះ និងកត្តាមួយចំនួនទៀត អាចនឹងជះឥទ្ធិពលទៅលើកំណើនសេដ្ឋកិច្ចប្រទេសនេះ បើទោះបីជាព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីឆ្នាំមុនបន្តិចក្ដី។
ក្នុងសេចក្តីថ្លែងការចេញថ្ងៃនេះ ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ នឹងមានកំណើនក្នុងអត្រា ៦.៩ភាគរយ ឬកើនឡើង ០.១ភាគរយ បើធៀបនឹងតួលេខកំណើន ៦.៨ភាគរយឆ្នាំមុន។
ធនាគារមួយនេះ បានបញ្ជាក់ថា កំណើននេះកើតឡើងដោយសារស្ទុះឡើងវិញនៃវិស័យនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់អមដោយការងើបឡើងវិញរបស់វិស័យទេសចរណ៍ និងកសិកម្មផងដែរ។
ទោះជាយ៉ាងណា ធនាគារពិភពលោកបានព្រមានពីហានិភ័យ ដែលថាអាចបន្តកើតមានបន្តិចម្តងៗនូវភាពប្រកួតប្រជែងក្នុងការនាំចេញដោយសារការកើនឡើងយ៉ាងរហ័សនូវប្រាក់បៀវត្សរ៍របស់កម្មករ ភាពងាយរងគ្រោះដែលមានមកជាយូរមកហើយនូវក្នុងកំណើននៃវិស័យអចលនទ្រព្យ និងសំណង់ ភាពមិនច្បាស់លាស់ដែលកើតមានជុំវិញការបោះឆ្នោត និងភាពរញ្ជួយម្តងម្កាលបណ្តាលមកពីការគាំពារនិយម រួមទាំងភាពតានតឹងខ្លាំងឡើងក្នុងវិវាទពាណិជ្ជកម្មរវាងប្រទេសដែលមានជំនួញធំៗក្នុងពិភពលោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ហានិភ័យដែលលើកឡើងដោយធនាគារពិភពលោកនោះឡើយ ដោយលោកអះអាងថា រដ្ឋាភិបាលនៅតែខិតខំរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យស្ថិតនៅក្នុងរង្វង់ ៧ភាគរយ ឬលើសពីនេះនៅថ្ងៃខាងមុខផងដែរ។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ រោងចក្រថ្មីៗចូលច្រើនណាស់ ហើយវាជំរុញឲ្យផលិតផលកម្ពុជាកាន់តែកើនឡើង ដូច្នេះ ចំណូលដែលបានមកពីការនាំចេញក៏វាកើនឡើងដែរ បើកើនឡើងហើយ និយាយរួមកំណើនសេដ្ឋកិច្ច ក៏វាយ៉ាងហោចបំផុតក៏រក្សាបានក្នុងរង្វង់ ៧ភាគរយដូចបណ្តាឆ្នាំនានាដែរ»។
អ្នកវិភាគសេដ្ឋកិច្ច លោក យ៉ង ប៉ាក់ វិភាគថា ដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជារក្សាបានរង្វង់ ៧ភាគរយ ឬលើសពីនេះ លុះត្រាតែរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងវិស័យកសិកម្មឲ្យបានរឹងមាំ ខណៈដែលលោកថា បញ្ហានយោបាយធ្វើឲ្យប៉ះពាល់តិចតួចប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា«នៅឆ្នាំចាស់ យើងមើលទៅសរសរស្តម្ភរបស់ប្រទេសជាតិយើង មិនបានផ្តោតទៅលើវិស័យកសិកម្មប៉ុន្មានទេ…គឺស្ថានភាពវិស័យកសិកម្មវាទាបមែនទែន ប៉ុន្តែ បើសិនជាអាចសូមបង្វែរទិសពីវិស័យផ្សេងៗ មកវិស័យកសិកម្មវិញ។ យើងជួយបានច្រើនណាស់ យើងនឹងធ្វើឲ្យសេដ្ឋកិច្ចយើងមាននិរន្តរភាពច្រើនជាងយើងផ្តោតលើវិស័យផ្សេងៗ»។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី ចុះផ្សាយកាលពីថ្ងៃទី១២ ខែមេសា បានព្យាករថា បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសនៅក្នុងតំបន់ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ និងតាមពីដោយប្រទេសភូមា និងឡាវដែលមានកំណើន ៦.៨ភាគរយដូចគ្នា ខណៈដែលប្រទេសថៃ ត្រូវបានព្យាករថា មានកំណើនត្រឹមតែ ៤ភាគរយប៉ុណ្ណោះ៕