ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលមានចេតនាបកស្រាយសម្តីរដ្ឋមន្ត្រីស្ថាប័ននេះខុសពីការពិត ទាក់ទងតម្លៃនៃការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា។
ក្នុងវីដេអូឃ្លីបរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ដែលគេចែករំលែកលើបណ្តាញសង្គមតៗគ្នាកាលពីថ្ងៃទី៩ ខែឧសភា នេះថា ប្រជាពលរដ្ឋភាគច្រើនដែលជិះរថយន្ត និងម៉ូតូខ្លះ ចាក់សាំងធម្មតា ខណៈសាំងស៊ុបពែរសម្រាប់អ្នកមានចាក់ឡានទំនើប។ ករណីនេះលោកថា ក្រសួងយកចិត្តទុកដាក់ជួយត្រួតពិនិត្យលើសាំងធម្មតាឲ្យមានគុណភាពជូនប្រជាពលរដ្ឋក្រីក្រ។
ទោះជាបែបនេះក្តីមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសរសេរសារ ឬបកស្រាយថា សាំងធម្មតា សម្រាប់លក់ឲ្យអ្នកក្រ រីឯសាំងស៊ុបពែរសម្រាប់លក់ឲ្យអ្នកមាន។
ឆ្លើយតបនឹងបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្ត បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃនេះថា ក្រសួងនឹងចាត់វិធានការច្បាប់លើបុគ្គលឬប្រព័ន្ធផ្សព្វផ្សាយណា ដែលដកស្រង់សម្តីរដ្ឋមន្ត្រីបំភ្លឺខុសពីការពិត ដោយថាកុំឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ។ លោកថ្លែងបែបនេះថា«ប្រសិនបើការបំផ្លើសមានទំហំធំ ផលប៉ះពាល់ទៅដល់អស្ថេរភាពសង្គម ឬក៏ចលាចលនៅក្នុងសង្គម ហើយប្រសិនបើការបំផ្លើសវាមានអង្គការចាត់តាំងត្រឹមត្រូវ ដែលធ្វើឲ្យសម្រាប់តែបំផ្លើស យើងនឹងចាត់វិធានការ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា ពលរដ្ឋមួយចំនួនមានចំណេះដឹងនៅក្នុងកម្រិតទាបនៅឡើយ ករណីនេះក្រសួងមិនគួរចាត់វិធានការច្បាប់លើអ្នកដែលនិយាយខុសនោះទេ លោកថាគួរតែរកវិធីអប់រំ ឬផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ កុំឲ្យពួកគាត់មានការភាន់ច្រឡំលើករណីនេះ។
លោកមានប្រសាសន៍ថា«គ្រាន់តែរឿងប៉ុណ្នឹងទៅចាត់វិធានការផ្លូវច្បាប់…ក៏មិនមែនជាការប្រសើរដែរ ខ្ញុំថាត្រឹមតែការពន្យល់ប៉ុណ្នឹង ហើយមានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត អាចព្យាយាមពន្យល់ទៅជារបស់រដ្ឋច្រើន ពន្យល់តាមរយៈហ្នឹងទៅអាចជួយបានច្រើន»។
ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ង៉ែត ម៉ូសេ ផ្តល់ជាអនុសាសន៍ថា ដើម្បើដោះស្រាយបញ្ហានេះកុំឲ្យកើតឡើងបន្តទៀត ស្ថាប័នរដ្ឋត្រូវបើកវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីអប់រំពួកគេឲ្យយល់ពីព័ត៌មានប្រភេទណាដែលត្រូវផ្សព្វផ្សាយ កុំឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលឬស្ថាប័នរដ្ឋ។ លោកមានប្រសាសន៍ថា«អាចជជែកគ្នាបើកវេទិកា ឬក៏ការធ្វើវគ្គខ្លីៗបង្រៀនគាត់ទៅ ជៀសវៀងកើតឡើងម្តងទៀតថ្ងៃនេះកើតឡើងជាមួយអ្នកនេះ ថ្ងៃក្រោយកើតឡើងផ្សេងៗទៀត ដូច្នេះយើងមិនអាចដោះស្រាយមួយករណីម្តងៗបានទេ»។
តម្លៃលក់រាយក្នុងរយៈពេលជាង១១ថ្ងៃចុងក្រោយនេះ តម្លៃសាំងធម្មតាបានឡើងដល់៤១០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៣៩០០រៀលក្នុងមួយលីត្រ ខណៈដែលសាំងស៊ុបពែរនៅតាមស្ថានីយខ្លះឡើងដល់ ៤៥០០រៀលក្នុងមួយលីត្រ។ ការឡើងថ្លៃនេះ ស្របគ្នានឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសម្តែងចម្ងល់ និងទាមទារឱ្យមានការបកស្រាយពីក្រសួងស្ថាប័នជំនាញ។ ប៉ុន្តែមន្ត្រីក្រសួងពាណិជ្ជកម្មនៅតែអះអាងថា កម្ពុជាមិនអាចបញ្ចុះតម្លៃប្រេងឥន្ធនៈបានទេ ដរាបណានៅលើពិភពលោកមិនចុះថ្លៃ ខណៈកម្ពុជានាំប្រេងនេះពីក្រៅប្រទេសផងដែរ៕