​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បក្ស​កាន់អំណាច​ងាកមកចរចាជាបន្ទាន់

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ទៅកាន់អ្នកគាំទ្រ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

ប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម  បានស្នើឲ្យគណបក្សប្រជាជនកម្ពុជាងាកមករកការចរចាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៅនយោបាយនាពេលថ្មីៗនេះ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ប៉ុល ហំម បានប្រកាសទៅអ្នកគាំទ្រនៅទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើថារដ្ឋាភិបាលបច្ចុប្បន្នមានសត្រូវជុំវិញខ្លួន ដែលលោកថារដ្ឋាភិបាលបានដាក់សមរភូមិប្រយុទ្ធជាមួយបក្សប្រឆាំង សង្គមស៊ីវិលនិងសហជីពជាដើម។ លោកបន្តថាការចរចាដោះលែងសមាជិកនិងសកម្មជនបក្សជារឿងនយោបាយ មិនមែនពាក់ព័ន្ធនឹងតុលាការនោះទេ។

លោក ប៉ុល ហំម ស្នើឲ្យគណបក្សកាន់អំណាចទទួលស្គាល់ការពិតនិងងាកមកចរចាដោយតម្លាភាព ដើម្បីរកដំណោះស្រាយ។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ ពន្លឺនៃការចរចាមិនទាន់មាននោះទេ ដោយថាក្រុមតំណាងរាស្រ្តមតិភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជាតែងតែថារវល់ការងារ។

លោក ប៉ុល ហំម ឲ្យដឹងទៀតថាការចរចាអាចធ្វើឡើងតាមរយៈក្រុមតំណាងរាស្រ្តមតិភាគច្រើននិងតិចនៅរដ្ឋសភា ដោយលោកថាមិនចាំបាច់មានការដាក់លិខិតទៅគណបក្សកាន់អំណាចនោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាទាល់តែមានការចាត់តាំងតំណាងបក្សដោយមានប្រធានឬអនុប្រធានបក្ស ទើបអាចមានការចរចាជាមួយគណបក្សប្រជាជនកម្ពុជាបាន ដោយលោកថាមិនអាចចាត់”មនុស្សតូចទាប”មកចរចាជាមួយបក្សប្រជាជនបាននោះទេ។ ចំណែកករណីឃុំខ្លួនសមាជិកនិងសកម្មជនបក្សប្រឆាំង លោក សុខ ឥសាន ថាជារឿងរបស់តុលាការ។

លោកមានប្រសាសន៍ថា៖ “…ត្រូវរើសប្រធានបទ ហើយនិងសមាសភាពដែលត្រូវចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនឬមួយក៏តំណាងរាស្រ្ដមេដឹកនាំថ្នាក់ដឹកនាំ តំណាងរាស្រ្ដមតិភាគច្រើននិងមេដឹកនាំមតិភាគតិច ឥលូវមតិភាគច្រើនគឺមានសម្ដេចក្រឡាហោម ស ខេង ហើយ ក៏ប៉ុន្ដែឥលូវអ្នកដឹកនាំតំណាងរាស្ដ្រភាគតិចមាននរណា ដើម្បីធៀបគីឡូគ្នានោះ បើយើងឡើងប្រដាល់វិញវាត្រូវតែ៥០គីឡូ ៥០គីឡូដូចគ្នា ៨០គីឡូ ៨០គីឡូដូចគ្នា មិនអាចយកមនុស្សកំប៉ិកកំប៉ុកមកចរចាជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជន ឬមួយថ្នាក់ដឹកនាំតំណាងរាស្រ្ដមតិភាគច្រើនដែលមានសម្ដេចក្រឡាហោម ស ខេង បានទេ”

លោក ប៉ុល ហំម មានប្រសាសន៍ថាគណបក្សសង្រ្គោះជាតិនឹងបន្តប្រមូលស្នាមមេដៃដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។

គួរបញ្ជាក់ថាក្រោយពីការដាក់ស្នាមមេដៃជាង១៧ម៉ឺនដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រកុំឲ្យមានការចាប់ខ្លួនប្រធានស្តីទីគណបក្ស លោក កឹម សុខា រដ្ឋាភិបាលបានប្រកាសថានឹងពិនិត្យទៅលើស្នាមមេដៃដែលគណបក្សប្រឆាំងប្រមូលបាន ដោយថាដើម្បីជៀសវាងការបោកប្រាស់ព្រះមហាក្សត្រ៕រាយការណ៍ដោយ ញឹម សុខន និងញ៉ែត ស្រីអូន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ