លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យរដ្ឋមន្ត្រី រកលទ្ធភាពពង្រឹងធនធានមនុស្ស ដើម្បីប្រកួតប្រជែងទៅនឹងលំហូរអ្នកជំនាញទេសចរណ៍អាស៊ាន មកកម្ពុជា ខណៈកម្ពុជាទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន។
ក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ថ្លែងថា កិច្ចព្រមព្រៀងនេះជាឧបករណ៍យុទ្ធសាស្ត្រអាស៊ាន សំដៅចូលរួមពង្រឹងសមត្ថភាពផ្តល់ឱកាសការងារកាន់តែទូលាយ ក្នុងការអភិវឌ្ឍជំនាញជូនសិស្សនិស្សិតដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានប្រមាណ៣០លាននាក់។
លោក ហ៊ុន សែន បន្តថាចរន្តនេះ ជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលថារដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយទ្រទ្រង់ការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងផលប្រឈមនានា សំដៅសហការអភិវឌ្ឍទេសចរណ៍ប្រកបដោយចេរភាព។
មេដឹកនាំរូបនេះបន្តទៀតថា អំពាវនាវឲ្យធានាគារឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិស័យទេសចរណ៍នេះ តាមរយៈផ្តល់ប្រាក់កម្ចីមានអត្រាកាប្រាក់ទាម ដែលអាចឲ្យនិស្សិតបញ្ចប់ការសិក្សាមានលទ្ធភាពសងវិញបាន ដោយថារដ្ឋមិនមានតួនាទីណាមួយដាក់ចេញក្នុងការដាក់ទុនក្នុងការបណ្តុះបណ្តាលក្រៅពីសាលាដែលមានស្រាប់នោះទេ។ លោកបានប្រគល់កិច្ចការនេះ ឲ្យរដ្ឋមន្ត្រីក្រសួងទេសចរលោក ថោង ខុន ។
[Quote]
បើតាមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០១៤ភ្ញៀវទេសចរនមកកម្ពុជាមាន៥លាននាក់ ហើយរំពឹងថានៅឆ្នាំ២០២៥នឹងកើនឡើង១០លាននាក់។