តំណាងសហជីព អះអាងថា កម្មករនៅតាមរោងចក្រមួយចំនួនបង្ហាញការព្រួយបារម្ភខ្លាចថៅកែរោងចក្រកាត់ឈ្នួលនិងបញ្ឈប់ពួកគេចេញ ដោយថាបើសិនពួកគេមិនបានទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្មករនៅតាមរោងចក្រមួយចំនួនបង្ហាញក្ដីបារម្ភខ្លាចថៅកែរោងចក្រដាក់ពិន័យរដ្ឋបាលនិងការឈប់ពីការងារ បើសិនជាពួកគេមិនបានទៅបោះឆ្នោត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស យល់ថា រដ្ឋាភិបាល និង រោងចក្រមានកាតព្វកិច្ចក្នុងការផ្ដល់ថ្ងៃឈប់សម្រាកដល់ប្រជាពលរដ្ឋ ដើម្បីឲ្យទៅចូលរួមបោះឆ្នោត ប៉ុន្តែការទៅឬមិនទៅបោះឆ្នោតប្រជាពលរដ្ឋ ជាអ្នកសម្រេចខ្លួនឯង។ លោកបន្តថា ប្រជាពលរដ្ឋមានសិទ្ធិសម្រេចចិត្តក្នុងការទៅ ឬមិនទៅបោះឆ្នោត ដោយគ្មាន ការបង្ខិតបង្ខំ ពីភាគីខាងរោងចក្រ ឬស្ថាប័នណាមួយឡើយ ហើយសិទ្ធិនេះដែរក៏មានការធានាដោយច្បាប់រដ្ឋធម្មនុញ្ញផង។
លោកថា៖«អត់ច្បាប់មានចែងក្នុងលក្ខខណ្ឌបែបហ្នឹង សូម្បីស្ថាប័ន គ.ជ.ប ក៏ដោយ ស្ថាប័នក្រសួងការងារក៏ដោយ អត់មានចែងប្រាប់ថា ប្រជាពលរដ្ឋត្រូវបោះឆ្នោតប៉ុន្មានថ្ងៃហ្នឹងទេ បើមិនទៅទេ អត់មានទឹកខ្មៅទេ មកវិញត្រូវទទួលទោសត្រូវពិន័យនោះ វាអត់មាននិយាយ បែបហ្នឹង។ អញ្ចឹងប្រសិនជាមានករណីបែបហ្នឹង ដែលឲ្យឈប់សម្រាកហើយប្រជាពលរដ្ឋ មិនបានទៅឲ្យមានទឹកខ្មៅអីមកវិញ មានករណីហ្នឹង វាជាការំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋទៅហើយ វាខុសមិនត្រឹមត្រូវទេ បើមានករណីបែបហ្នឹង»។
អ្នកជំនាញច្បាប់លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា កម្មករកម្មាការិនីទាំងអស់មានសិទ្ធិក្នុងការសម្រេចចិត្តថា ទៅឬមិនទៅបោះឆ្នោតបាន។ លោកបន្តថា ប្រសិនបើកម្មករឈប់សម្រាកហើយ ប៉ុន្តែពួកគេមិនបានបោះឆ្នោតនោះ ក៏ខាងរោងចក្រឬថៅកែ មិនអាចដាក់វិន័យ ផ្នែករដ្ឋបាលណាមួយមកលើកពួកគេបានឡើយ។
អ្នកជំនាញច្បាប់លោកមេធាវី សុក សំអឿន
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹង ឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន៣ ថ្ងៃដើម្បីបានចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ ដោយរក្សាទុកប្រាក់ឈ្នួលនិងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល។