ក្រុមអ្នកតាមដានបង្ហាញការយល់ឃើញថា កម្ពុជាអាចនឹងបាត់បង់ទឹកប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗពីប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប បើការបោះឆ្នោតខាងមុខ មិនធានាដល់យន្តការប្រជាធិបតេយ្យ។
ការបង្ហាញក្តីបារម្ភរបស់អ្នកតាមដាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល កាលពីសប្តាហ៍មុន បានបញ្ជូនក្រុមការងារ មួយក្រុមទៅ សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល កុំឲ្យសភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា ក្រោយពីតុលាការកំពូលរំលាយបក្សប្រឆាំងមុនការបោះឆ្នោតមកដល់ បិទប្រព័ន្ធផ្សព្វផ្សាយឯករជ្យ និងបានសង្ស័យថាអង្គការសង្គមស៊ីវិលមួយចំនួនថា ជាក្រុមបដិវត្តពណ៌ប្រឆាំងនឹងរដ្ឋាភិបាលជាដើម។
សភាអឺរ៉ុបនៅខែមុននេះ បានព្រមានជាថ្មីទៀតថា នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធ ដល់កម្ពុជា បើខ្លួនរកឃើញថា រដ្ឋាភិបាលកម្ពុជា ពិតជាមិនបានធ្វើឲ្យប្រសើរឡើងវិញ ពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពិសេសដំណើរការបោះឆ្នោតខាងមុខ ទាំងគ្មានគណបក្សប្រឆាំងចូលរួមនោះ។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា ផលិតផលកាត់ដេរ និងកសិកម្មប្រមាណជា ៦០ភាគរយ បាននាំទៅលក់នៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ជំរុញដល់អត្រាកំណើតសេដ្ឋកិច្ចដល់ទៅ៤០ភាគរយ។ លោកថា បើសភាអឺរ៉ុប ឈប់ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាមែន លោកថា វិស័យកាត់ដេរនឹងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយបាត់បង់លទ្ធភាព ប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយសារតែទំនិញទាំងអស់ដែលនាំចូលទៅទីផ្សារអឺរ៉ុបត្រូវបង់ពន្ធឡើងវិញ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ពន្យល់ថា អ្វីដែលកម្ពុជាអាចរក្សាបានប្រព័ន្ធអនុគ្រោះពន្ធនេះ លុះណាតែកម្ពុជាទទួលយកលក្ខខណ្ឌនានា របស់សភាអឺរ៉ុបប ដែលចង់ឃើញកម្ពុជា គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយជាដើម។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ
របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង៥ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុបភាគច្រើនគឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើង ថា ជំនួយនានាបូករួមទាំងប្រព័ន្ធអនុគ្រោះពន្ធ របស់សភាអឺរ៉ុប បានភ្ជាប់ទៅនឹងលក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស លោកថា បើរដ្ឋាភិបាល នៅតែធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា ស្ថិតក្នុងភាពផុយស្រួយ ការបញ្ជូនមន្ត្រីទៅទប់ស្កាត់ កុំឲ្យសហភាពអឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ ទំនងជាពិបាកទទួលបានជោគជ័យ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាចាប់ពីចុងឆ្នាំ២០១៧មកអឺរ៉ុប តែងតែវាយតម្លៃថា ប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះ និងបង្ហាញជំហរជាញឹកញាប់ឲ្យរដ្ឋាភិបាលវិលទៅស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈបើកលំហប្រជាធិបតេយ្យ និងបើកផ្លូវឲ្យអតីតបក្សប្រឆាំងដែលបានរំលាយទៅហើយនោះបានចូលរួមបោះឆ្នោតឡើងវិញ ដោយគ្មានការគំរាមកំហែង ដើម្បីធានាពីយន្តការប្រជាធិបតេយ្យ ប៉ុន្តែលោកថាច្រើនខែមកនេះ បញ្ហានយោបាយហាក់នៅទ្រឹងដដែល។
អ្នកវិភាគនយោបាយរូបនេះ វិភាគថា កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ បើសភាពអឺរ៉ុបនិងប្រទេសលោកសេរីផ្សេងទៀត នៅតែយល់ថា ដំណើរការបោះឆ្នោតពេលនេះបានដើរចេញពីគន្លងប្រជាធិបតេយ្យមែននោះ។
លោកថា៖«ប្រសិនបើយើងធ្វើឲ្យគេទទួលស្គាល់ គេឲ្យតម្លៃថាយន្តការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមអាមេរិក និងអឺរ៉ុបចង់បាន ប្រហែលជាគេមិនផ្តាច់ទេ ប៉ុន្តែបើខុសគោលការណ៍ហ្នឹង ខ្ញុំគិតថាប្រហែលជាគេមានវិធានការហើយ»។
ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធនេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រាប់នាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០១៦កម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ របស់សហភាពអឺរ៉ុបនេះ។